ជាមួយគ្នានេះសម្តេចតេជោក្នុងជាប្រធានអាស៊ាននៅឆ្នាំនេះ ជំរុញឲ្យប្រទេសជាសមាជិក និងហត្ថលេខីទាំងអស់ ជាពិសេសប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច បង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះបានជំរុញឲ្យសមាជិកសមាជិកាពាក់ព័ន្ធនានានៃកិច្ចព្រមព្រៀង RCEP ត្រូវបង្កើនការសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ឲ្យបានពេញលេញ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងនេះ។ ដើម្បីសម្រេចគោលបំណងនេះ សម្តេចតេជោ ជំរុញឲ្យប្រទេសជាសមាជិក និងហត្ថលេខី បង្កើតលេខាធិការដ្ឋានកិច្ចព្រមព្រៀង RCEP ឲ្យបានឆាប់ ដើម្បីសំដៅធានាអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុងការធ្វើសមាហរណកម្មតំបន់។ ពាក់ព័ន្ធបញ្ហានេះ សម្តេចបន្តអះអាងថា កម្ពុជាស្ម័គ្រចិត្តទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្បទានចាំបាច់នានា។
ក្នុងនាមជាប្រធានអាស៊ានសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់នៃអាសិបចាប់ផ្តើមពិភាក្សាសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បន្ថែមទៀត ដើម្បីអាចឲ្យមានការស្នើសុំចូលជាសមាជិកនៅឆ្នាំក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដោយផ្អែកលើការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗថា ការអនុវត្តនូវ RCEP ពេញលេញ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ៤០ពាន់ដុល្លារអាមេរិក ដែលធ្វើឱ្យប្រាក់ចំណូលពិតកើនឡើងរហូតដល់ ២,៥% បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកអាសិប១២,៣% និងជួយលើកកម្ពស់ការរស់នៅប្រជាជន២៧លាននាក់បន្ថែមទៀតឱ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិតមធ្យមផងដែរសម្រាប់តំបន់អាសិបនៅឆ្នាំ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថានឹងបង្កើនប្រាក់ចំណូលសកលរហូតដល់២៦៣ពាន់លានដុល្លារអាមេរិក។
ដោយឡែកសម្រាប់កម្ពុជា បើតាមការសិក្សារបស់វិទ្យាស្ថាន ERIA កាលពីដើមឆ្នាំ២០២២ តាមរយៈការអនុវត្តកិច្ចព្រមព្រៀង RCEP ពេញលេញ វានឹងជួយជំរុញឲ្យផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី២% ទៅ៣,៨% ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី៩,៤% ទៅ១៨% ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ៣,២% ទៅ៦,២% និងចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ២% ទៅ៣,៩%ក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួមអាចកើនឡើងប្រមាណ២៣,៤%ផងដែរ៕