លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម បានលើកឡើងថា ឥទ្ធិពលដ៏ក្តៅគគុកនៃបាតុភូតអែលនីណូនៅឆ្នាំនេះ កំពុងរំខានយ៉ាងខ្លាំងដល់រដូវបង្កបង្កើនផលរបស់កសិករស្ទើរគ្រប់ទិសទី ដោយធ្វើឱ្យសំណាប និងស្រូវសាបព្រោះរួចអាចប្រឈមនឹងការខូចខាតក្រោមកម្តៅដ៏ហួតហែង។ ដើម្បីដោះស្រាយវិបត្តិចំពោះមុខនេះ លោក បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍បើកយុទ្ធនាការសង្គ្រោះជាបន្ទាន់ តាមរយៈការអន្តរាគមន៍បូមទឹកសង្គ្រោះ ពង្រីកប្រព័ន្ធស្រោចស្រពឱ្យដល់ដៃកសិករនៅតំបន់សក្តានុពល ជាពិសេសត្រូវគិតគូរលើពូជស្រូវយុទ្ធសាស្ត្រថ្មី ដែលអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ដើម្បីបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។
ជាមួយគ្នានេះលោក វង្ស ប៉ោយយង់ កសិករធ្វើស្រែម្នាក់នៅខេត្តបាត់ដំបងបានរៀបរាប់ថា ស្រូវដែលជិតដល់ថ្ងៃប្រមូលផលទៅហើយនោះពេលនេះកំពុងប្រឈមនឹងការខ្លោចដើម ស្លោកស្លឹក ស្ទើរតែទាំងស្រុង ដោយសារមិនមានភ្លៀង និងគ្មានទឹកស្រោចស្រពគ្រប់គ្រាន់។ អ្វីដែលគួរឱ្យស្តាយនោះ គឺទោះបីជាតំបន់របស់លោកមានប្រឡាយ និងស្ទឹងនៅក្បែរដៃក៏ដោយ ប៉ុន្តែបែរជាគ្មានទឹកបន្តិចសោះក្នុងប្រឡាយធ្វើឱ្យលោកត្រូវបង្ខំចិត្តអំពាវនាវសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចុះអន្តរាគមន៍ផ្ទាល់ដល់ទីតាំង ដើម្បីជួយសង្គ្រោះឱ្យទាន់ពេលវេលា។
បើតាមការគូសបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា បាតុភូតអែលនីណូកំពុងវាយប្រហារលើដំណាំស្រូវក្នុងខេត្តចំនួន៦ខេត្តរួមមានបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងសៀមរាប។ ក្នុងនោះមានដីស្រែសរុបជាង២០ម៉ឺនហិកតាទទួលរងផលប៉ះពាល់ពីបាតុភូតអែលនីណូ និងជាង១១ម៉ឺនហិកតាត្រូវបានជួយសង្គ្រោះ និងអន្តរាគមន៍ តែយ៉ាងណាមានដីស្រែរបស់កសិករជាង១ម៉ឺនហិកតាត្រូវបានខូតខាតទាំងស្រុង។
យ៉ាងណាមិញឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ដីស្រែដែលរងផលប៉ះពាល់មួយចំនួនធំដោយសារបាតុភូតអែលនីណូ ត្រូវបានស្តារឡើងវិញជាបណ្តើរៗហើយ តាមរយៈការបូមទឹកសង្គ្រោះ និងការធ្លាក់ភ្លៀងកក់ខែក្នុងរយៈពេល៣-៤ថ្ងៃចុងក្រោយនេះ។ ឯកឧត្តម បានអះអាងថា ទោះបីជាត្រូវប្រឈមមុខនឹងឥទ្ធិពលអែលនីណូក៏ដោយ ក៏សន្តិសុខស្បៀងរបស់កម្ពុជានៅតែរឹងមាំ ដោយសារបរិមាណផលស្រូវសរុបនៅតែលើសពីតម្រូវការក្នុងស្រុក ស្របពេលតម្លៃស្រូវកំពុងមានភាពល្អប្រសើរដោយកើនឡើងពីជាង៧០០រៀលរហូតដល់ជិត១,០០០រៀលក្នុងមួយគីឡូក្រាម។
ដោយឡែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអះអាងថា ដីស្រែប្រមាណ១១ម៉ឺនហិកតាក្នុងខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ត្រូវបានកម្លាំងអន្តរាគមន៍សង្គ្រោះបានជិត៧ម៉ឺនហិកតា និងកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម។ លោកអភិបាលខេត្តរូបនេះប្តេជ្ញាថា នឹងបន្តបញ្ជូនប្រភពទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ព្រមទាំងបានណែនាំឱ្យមន្ទីរធនធានទឹកខេត្តត្រូវគ្រប់គ្រង និងបែងចែកប្រភពទឹកជូនកសិករឱ្យមានសមធម៌ និងតម្លាភាពបំផុត ដោយមិនទុកឱ្យកសិករណាម្នាក់ត្រូវរងគ្រោះឡើយ៕
អត្ថបទ៖ ជា ម៉ារ៉ា