នៅក្នុងកិច្ចសម្ភាសពិសេសជាមួយ ខេមបូណូមីស លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះឈ្មួញខិលខូចមួយចំនួនដែលនៅតែបន្តលួចនាំចូលសាច់បង្កកខុសច្បាប់មកកាន់ទីផ្សារកម្ពុជា ព្រោះលោកយល់ថា បើមិនដាក់ពិន័យឱ្យបានតឹងរ៉ឹងទេ នោះការលួចនាំចូលសាច់បង្កកខុសច្បាប់នឹងនៅតែបន្តកើតមាន។ ការស្នើយ៉ាងទទូចរបស់ប្រធានសមាគមរូបនេះ ធ្វើឡើងក្រោយលោកសង្កេតឃើញការលួចនាំចូលសាច់បង្កកខុសច្បាប់មកកាន់ទីផ្សារកម្ពុជា នៅតែបន្តកើតមាន ហើយការអនុវត្តវិធានការពិន័យលើអ្នកលួចនាំចូលកន្លងមកហាក់មិនសូវធ្ងន់ធ្ងរ។ ជាមួយគ្នានេះ លោកស្នើឱ្យអាជ្ញាធរនៅតាមច្រកព្រំដែនបង្កើនការរឹតបន្តឹងលើបញ្ហានេះឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមលើកម្ពស់វិស័យចិញ្ចឹមសត្វកម្ពុជា និងសុខភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោក ស៊្រុន ពៅ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋមុននឹងទិញសាច់ ដែលដាក់លក់នៅលើទីផ្សារ គួរពិនិត្យមើលឱ្យបានល្អិតល្អន់ និងទិញពីម្ចាស់ណាដែលមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងទិញប៉ះចំសាច់បង្កកនាំចូលដែលខូចគុណភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពនាពេលខាងមុខ។ ទន្ទឹមនេះ លោក ក៏បានស្នើដល់អាជីវករលក់សាច់ទាំងអស់ត្រូវមានភាពស្មោះត្រង់ និងបែងចែងឱ្យច្បាស់រវាងសាច់បង្កកនាំចូល និងសាច់កាប់នៅក្នុងស្រុក។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងដំណាក់កាលទី១ រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ និងបានសម្រេចបន្តផ្អាកការនាំចូលនេះរយៈពេល៦ខែបន្ថែមទៀត រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តែយ៉ាងណា តាមរយៈការផ្អាកការនាំចូលសាច់បង្កក ដំណាក់កាលទី២នេះ ត្រូវបានប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាអះអាងថា មិនសូវមានប្រសិទ្ធភាពខ្ពស់ដូចដំណាក់កាលទី១នោះទេ៕