តាមការដកស្រង់ដោយសារព័ត៌មាន Vietnam News បានឲ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្យាករពីតម្លៃម្រេចនាំចេញរបស់វៀតណាម ក៏ដូចជាតម្លៃម្រេចក្នុងទីផ្សារពិភពលោកផងដែរ ទំនងជាមិនមានភាពប្រសើរឡើងនោះឡើយ ដោយសារតែតម្រូវការទីផ្សារធ្លាក់ចុះ និងការប្រមូលផលម្រេចធំ ពីបណ្ដាប្រទេសដាំដុះម្រេចធំៗដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រេស៊ីលជាដើម កាន់តែកៀកខិតចូលមកដល់។
នៅក្នុងខែសីហា ប្រទេសវៀតណាម បាននាំចេញម្រេច ២ម៉ឺនតោន និងរកចំណូលបាន ៥៨លានដុល្លារអាមេរិក ខណៈដែលគិតត្រឹម ៨ខែឆ្នាំនេះ ការនាំចេញម្រេចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ មានជាង ១៧ម៉ឺនតោន ជាមួយនឹងប្រាក់ចំណូល ៥៧៦លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ បរិមាណម្រេចនាំចេញរបស់វៀតណាម
នៅ៨ខែនេះ មានកំណើនត្រឹមតែ ជាង ៣% ប៉ុណ្ណោះ ប៉ុន្ដែតម្លៃបានធ្លាក់ចុះ ៣៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារនាំចេញម្រេចធំៗ របស់ប្រទេសវៀតណាម មានដូចជា អាមេរិក ឥណ្ឌា ប៉ាគីស្ថាន អាឡឺម៉ង់ និងអារ៉ាប់រួម។
សម្រាប់តម្លៃម្រេចនៅក្នុងទីផ្សារក្នុងស្រុកវៀតណាមវិញ នៅខែសីហា តម្លៃបានធ្លាក់ចុះ ជិតស្មើនឹងតម្លៃផលិតកម្មទៅហើយ។ តួយ៉ាង ម្រេចខ្មៅរបស់វៀតណាម មានតម្លៃប្រមាណ ២ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ កសិករវៀតណាម ជាច្រើន បានលើកឡើងថា សម្រាប់តម្លៃលើទីផ្សារបច្ចុប្បន្ននេះ កំពុងធ្វើឲ្យពួកគេរងការខាតបង់៕