លោក ឆូគៀត អូផាវង្ស ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ
បានមានប្រសាសន៍ឲ្យដឹងថា តម្រូវការទីផ្សារអង្ករនៅលើសកលលោក បានបន្តកើនឡើងខ្លាំង
តាំងពីមានការផ្ទុះឡើងនូវ មេរោគកូវីដ ១៩ ដែលបានធ្វើឲ្យតម្លៃអង្ករកើនឡើងប្រមាណ
៣០ ទៅ ៥០ដុល្លារ ក្នុងមួយតោន នៅដើមឆ្នាំ ២០២០នេះ។លោកបន្តថា ប្រជាជន នៅក្នុងសហរដ្ឋអាមេរិក
អឺរ៉ុប និងអាស៊ី ភាគច្រើនស្នាក់នៅក្នុងផ្ទះ ខណៈដែរប្រទេសចិន ដែលមានស្តុកអង្កររហូតដល់ទៅ
១២០លានតោន បានផ្អាកការនាំចេញអង្ករប្រមាណ ៤លានតោន សម្រាប់ឆ្នាំនេះ។
អាជីវករ មកពីបណ្តាប្រទេសជាច្រើន ចាប់អារម្មណ៍នឹង អង្កររបស់ថៃ ដោយពួកគេបានបញ្ជាទិញ ដោយមិនកំណត់ចំនួននោះឡើយ ដើម្បីបំពេញស្តុករបស់ពួកគេ ហើយវាបានធ្វើឲ្យ អង្ករ ស កើនឡើងថ្លៃពី ៤០០ដុល្លារ ដល់ប្រមាណ ៤៥០ដុល្លារអាមេរិក ក្នុងមួយតោន នៅដើមឆ្នាំនេះ។
លោក ឆូគៀត បានធ្វើការប៉ាន់ប្រមាណថា តម្លៃអង្ករ នឹងបន្តកើនឡើងរហូតដល់ ពាក់កណ្តាលឆ្នាំ ២០២០នេះ ឬអាចយូរជាងនេះទៅទៀត បើសិនជា បញ្ហាមេរោគកូវីដ ១៩ នៅតែបន្ត។សូមជម្រាបដែរថា សមាគមអ្នកនាំចេញអង្ករថៃ បានកំណត់គោលដៅ នាំចេញអង្ករ ក្នុងឆ្នាំ ២០២០ គឺប្រមាណ ៧,៥លានតោន ដូចទៅនឹងគោលដៅកំណត់ដោយ ក្រសួងពាណិជ្ជកម្មថៃ នឹងរំពឹងទទួលបានចំណូលជាង ៤ពាន់ ២រយលានដុល្លារអាមេរិក៕