បើតាមរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល មុននឹងឈានដល់ការប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ ដល់ក្រុមហ៊ុន Prince International Airlines នេះ គឺក្រុមហ៊ុននេះ ត្រូវបំពាញនូវលក្ខខណ្ឌបច្ចេកទេស ដែលមានចំនួន ០៥ ដំណាក់កាល ត្រួតពិនិត្យយ៉ាងតឹងរឹង ដោយមន្ត្រីជំនាញ របស់រដ្ឋលេខាធិការដ្ឋាអាកាសចរស៊ីវិល ដើម្បីធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ក្រុមហ៊ុន Prince International Airlines គឺជាការវិនិយោគរបស់ក្រុមហ៊ុនចិនធំមួយដែលរកស៊ីពហុវិស័យនៅក្នុងប្រទេសកម្ពុជា ដែលមានថៅកែជាជនជាតិចិន តែមានសញ្ជាតិខ្មែរ។
បើតាមការអះអាងរបស់ លោក ស៊ិន ចាន់សិរីវុត្ថា ជំហានដំបូង ក្រុមហ៊ុននេះ គឺនឹងទិញយន្ដហោះ ប្រភេទឧទ្ធម្ភាចក្រ (Helicopter) ទំនើបមួយគ្រឿង ដើម្បីប្រើប្រាស់ខ្លួនឯងផង និងជួលផង។ បន្ទាប់មក ប្រសិនបើ អាជីវកម្មនេះ វិវឌ្ឍកាន់តែល្អប្រសើរ ក្រុមហ៊ុននេះ នឹងអាចបន្ថែមយន្ដហោះប្រភេទឧទ្ធម្ភាចក្រ (Helicopter) នេះបន្ថែមទៀត និងអាចបន្ថែមនូវប្រភេទយន្ដហោះ មានស្លាប ឬហៅថា Private Jet ដែលជាប្រភេទយន្ដហោះធុនតូច អាចដឹកអ្នកដំណើរបានប្រមាណដល់១០នាក់ ហោះហើរទៅកាន់បណ្ដាប្រទេសនានាផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Prince International Airlines ក៏ជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ផងដែរ។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមាន ក្រុមហ៊ុនអាកាសចរណ៍ចំនួន ០៧ រួមមាន៖
1- Cambodia Angkor Air
2- Sky Angkor Airlines
3- Bassaka Air
4- JC (Cambodia) International Airlines
5- Lanmei Airlines
6- Cambodia Airways
7- Prince International Airlines
បន្ថែមពីនេះ កម្ពុជាក៏មានក្រុមហ៊ុន Helicopter ចំនួន០២ទៀត គឺ Helicopter Cambodia និង Helistar Cambodia។