អ្នកជំនួញមានជំនឿចិត្តថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាឯកភាពតាមសំណើនេះ ឬមានវិធានការល្អប្រសើរជាងនេះ វានឹងធ្វើឲ្យឱកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងទាក់ទាញជាងមុនសម្រាប់វិនិយោគិនបរទេស។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអះអាងថា ក្នុងកិច្ចប្រជុំរវាងភាគីរាជរដ្ឋាភិបាលជាមួយផ្នែកឯកជនកាលពេលថ្មីៗ ភាគីវិស័យឯកជនបានលើកសំណើរជាច្រើនទៅកាន់ភាគីរាជរដ្ឋាភិបាលដូចជា ខាងក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ក្នុងន័យជួយលើកកម្ពស់ជីវភាពពលរដ្ឋ និងបង្កើនការវិនិយោគនៅកម្ពុជា។ ក្នុងនោះអ្នកជំនួញ និងអ្នករកស៊ីក្នុងវិស័យឯកជនបានសើ្នឲ្យរដ្ឋាភិបាលកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កពី១៤ថ្ងៃមកត្រឹម៧ថ្ងៃ ឬមិនបាច់ធ្វើតែម្តង សម្រាប់វិនិយោគិនបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចចូលមកវិនិយោគនៅកម្ពុជា។ សំណើនេះ ក៏ត្រូវបានស្នើសុំសម្រាប់ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចផងដែរ។
ការស្នើសុំបែបនេះ ធ្វើឡើយក្រោយអ្នកជំនួញក្នុងវិស័យឯកជនយល់ថា វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរបរទេសអាចមានពេលវេលាតិចតួចប៉ុណ្ណោះក្នុងការធ្វើដំណើរមកកម្ពុជា ដូច្នេះពួកគេគ្មានពេលច្រើនក្នុងការធ្វើចត្តាឡីស័ករហូតដល់១៤ថ្ងៃនោះទេ។ ទន្ទឹមនឹងស្នើសុំបន្ធូរបន្ថយការធ្វើចត្តាឡីស័ក វិស័យឯកជនក៏បានស្នើឲ្យរដ្ឋាភិបាលជួយសម្របសម្រួលរឿងប្រាក់ដំកល់ និងកំណត់ទីកន្លែងសម្រាប់វិនិយោគិន និងភ្ញៀវទេសចរបរទេសស្នាក់នៅផងដែរ។
អ្នកជំនាញ និង អ្នកជំនួញ មានជំនឿចិត្តយ៉ាងមុតមាំថា កម្ពុជានឹងក្លាយជាដែកឆក់ស្រូបទាញវិនិយោគិនបរទេសឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់ច្រើនថែមទៀត ប្រសិនបើរាជរដ្ឋាភិបាលឯកភាពតាមសំណើរខាងលើ ឬមានយន្តការល្អប្រសើរជាងនេះ គួបផ្សំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅកម្ពុជាសម្រេចបានតាមផែនការ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី៣ សីហា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំពិភាក្សាក្រុមការងារ ឃ ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីឲ្យភាគីផ្នែកឯកជនលើកឡើងអំពីបញ្ហាប្រឈម ក្តីបារម្ភ និងសំណូមពរផ្សេងៗទៅកាន់ភាគីរាជរដ្ឋាភិបាល៕