ទោះជាយ៉ាងណា ក្រុមអ្នករិះគន់អះអាងថា គោលដៅពិតប្រាកដរបស់ទីក្រុងវ៉ាស៊ីនតោន គឺដើម្បីការពារមន្ត្រី និងមេដឹកនាំអាម៉េរិកពីការប្រឈមមុខនឹងការទទួលខុសត្រូវក្រោមច្បាប់អន្តរជាតិពាក់ព័ន្ធនឹងការចោទប្រកាន់អំពីឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃទី១៦ ខែកក្កដា។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Marco Rubio បានប្រកាសក្ដែងៗថា សហរដ្ឋអាម៉េរិកនឹងប្រើប្រាស់សម្ពាធការទូត និងវិធានការផ្សេងៗ ដើម្បីធ្វើឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិចុះខ្សោយ ដោយអះអាងថា អាម៉េរិកមិនដែលយល់ព្រមឱ្យតុលាការអន្តរជាតិណាមួយមានអំណាចលើរដ្ឋធម្មនុញ្ញ និងប្រព័ន្ធយុត្តិធម៌របស់ខ្លួននោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ររបស់ក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ លោក Marco Rubio បានអះអាងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានពង្រីកអំណាចហួសពីគោលបំណងដើម ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់ទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ហើយបច្ចុប្បន្នតុលាការនេះកំពុងព្យាយាមមានសិទ្ធិកាត់ទោសទាហានអាម៉េរិក មន្ត្រីអនុវត្តន៍ច្បាប់ និងមេដឹកនាំនយោបាយអាម៉េរិក។ លោកបានបញ្ជាក់ថា សហរដ្ឋអាម៉េរិ នឹងមិនប្រគល់វាសនាជាតិរបស់ខ្លួនឱ្យទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិជាដាច់ខាត ហើយប្តេជ្ញារុះរើតុលាការឧក្រិដ្ឋកម្មនេះមួយបំណែកម្ដងៗ។
សូមបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ក្រោមលក្ខន្តិកៈ
ទីក្រុងរ៉ូម ដើម្បីស៊ើបអង្កេត និងកាត់ទោសអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត។ បច្ចុប្បន្នតុលាការនេះមានសមាជិក១២៥ប្រទេស ប៉ុន្តែសហរដ្ឋអាម៉េរិកមិនដែលចូលជាសមាជិកនោះឡើយ។
គួររំឭកថា ភាពតានតឹងបានកើនឡើង បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមរបស់កងទ័ពអាម៉េរិកនៅអាហ្វហ្គានីស្ថាន ហើយក្រោយមកក៏បានចេញដីកាចាប់ខ្លួនមេដឹកនាំមកពីប្រទេស ដែលមិនមែនជាសមាជិក នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិរួមមានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់ Gaza។
ក្រុមអ្នកគាំទ្រតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានអះអាងថា តុលាការអន្តរជាតិមួយនេះមានតួនាទីការពារជនរងគ្រោះ និងធានាថា គ្មានមេដឹកនាំណាម្នាក់អាចអង្គុយលើច្បាប់បានជាដាច់ខាត។ ពួកគេជឿថា ច្បាប់អន្តរជាតិគួរតែអនុវត្តស្មើភាពចំពោះមនុស្សគ្រប់រូប ដោយមិនគិតពីអំណាច ឬឥទ្ធិពល
នយោបាយ។ ផ្ទុយទៅវិញ រដ្ឋបាលលោក ត្រាំ ចាត់ទុកតុលាការនេះជាស្ថាប័នអន្តរជាតិ ដែលគ្មានការបោះឆ្នោតជ្រើសរើស ប៉ុន្តែកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងព្យាយាមអនុវត្តអំណាចលើប្រទេសដែលមិនធ្លាប់ទទួលស្គាល់យុត្តាធិការរបស់ខ្លួន។
ជម្លោះនេះបានបង្ហាញពីការបែកបាក់យ៉ាងជ្រៅក្នុងសហគមន៍អន្តរជាតិ និងបង្កជាសំណួរថា តើអធិបតេយ្យភាពជាតិគួរតែមានអាទិភាពជាងច្បាប់អន្តរជាតិ ឬតុលាការអន្តរជាតិគួរតែមានអំណាចក្នុងការធ្វើឱ្យមេដឹកនាំពិភពលោកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរ? ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនសម្ពាធលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ការប្រឈមមុខដាក់គ្នានេះអាចក្លាយជាចំណុចរបត់ដ៏សំខាន់មួយដែលនឹងកំណត់អនាគតនៃយុត្តិធម៌អន្តរជាតិ និងតុល្យភាពអំណាចនៅលើឆាកអន្តរជាតិ៕
ដោយ: តែម សុខុម