កម្មវិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Brindley De Zylva ប្រធានក្រុមប្រឹក្សាភិបាល និងលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងអតិថិជនយ៉ាងច្រើន ដែលបានមកចូលរួមអបអរសាទរ និងស្វែងយល់អំពីអត្ថប្រយោជន៍នៃផលិតផលថ្មីនេះក្នុងបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាល។
លោក សុខ វឿន បានមានប្រសាសន៍ថា៖ “អិលអូអិលស៊ី តែងតែផ្តោតលើការនាំយកសេវាហិរញ្ញវត្ថុដែលមានភាពបត់បែន និងងាយស្រួលទៅដល់អតិថិជនគ្រប់តំបន់។ ហើយ «ឥណទានមាសកើនទ្រព្យ» ជាជម្រើសដ៏មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការសាច់ប្រាក់បន្ទាន់ ខណៈពេលដែលនៅតែអាចរក្សាទុកមាស ដែលជាទ្រព្យសម្បត្តិសំខាន់សម្រាប់អនាគត។”
លោក បានបន្តទៀតថា៖ «សាខាដូនពេញ ជាសាខាទី9ហើយ ដែលដាក់ឱ្យដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» ដោយអិលអូអិលស៊ី នឹងដាក់ឱ្យដំណើរការសាខាទាំង 83 នៅទូទាំងប្រទេសកម្ពុជាឆាប់ៗនេះ។ ផលិតផលថ្មីនេះ អតិថិជនអាចប្រើប្រាស់តម្លៃនៃគ្រឿងមាសរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុបន្ទាន់បានទាន់ពេលវេលា ដោយទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែ 15 នាទី ជាមួយអត្រាការប្រាក់សមរម្យ សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងប្រព័ន្ធរក្សាទុកគ្រឿងមាសដែលមានសុវត្ថិភាពខ្ពស់។ យើងជឿជាក់ថា សេវាកម្មនេះនឹងក្លាយជាជម្រើសដ៏មានតម្លៃសម្រាប់គ្រួសារ អាជីវករ និងសហគ្រិនដែលត្រូវការដើមទុនបង្វិលក្នុងពេលចាំបាច់»។
ចំពោះលក្ខខណ្ឌនៃការស្នើសុំឥណទាននេះ អតិថិជនត្រូវមានអាយុចាប់ពី 18 ដល់ 65 ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក 10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម)ក្នុងមួយគ្រឿងមាស។
អិលអូអិលស៊ី គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប និងប្រកបដោយទំនុកចិត្ត។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕