ទីផ្សារផលិតផល

តើកម្ពុជា គួរធ្វើយ៉ាងណាដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា នៅលើទីផ្សារ?


មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញវិស័យដឹកជញ្ជូន និងឡូជីស្ទិក បានអះអាងថា តម្លៃផលិតផលកម្ពុជា នៅមានកម្រិតខ្ពស់បើធៀបនឹងប្រទេសជិតខាង ដែលកំពុងក្លាយជារបាំងមួយធ្វើឱ្យរាំងស្ទះដល់សមត្ថភាពប្រកួតប្រជែងរបស់ទំនិញក្នុងស្រុក។ បញ្ហានេះ បណ្តាលមកពីការចំណាយលើដើមទុនផលិតកម្មខ្ពស់ កង្វះប្រភពផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយចីរភាព និងថ្លៃដឹកជញ្ជូនឡូជីស្ទិកនៅតែមានកម្រិតខ្ពស់។
ទីផ្សារផលិតផល
ដោយ

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានគូសបញ្ជាក់ថា ថ្លៃដឹកជញ្ជូននៅកម្ពុជា នៅតែខ្ពស់ បើធៀបនឹងប្រទេសជិតខាង ដោយសារការប្រមូលទិញទំនិញ ឬកសិផល នៅតែស្ថិតក្នុងលក្ខណៈរាយប៉ាយតាមទីតាំងផ្សេងៗគ្នា ជាហេតុនាំឱ្យខាតបង់ថវិកាច្រើន និងចំណាយពេលយូរ។ អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ថា ដើម្បីដោះស្រាយបញ្ហាថ្លៃដឹកជញ្ជូននេះបានលុះត្រាតែទំនិញ ឬកសិផលត្រូវរៀបចំឱ្យមានមជ្ឈមណ្ឌលប្រមូលផ្តុំច្បាស់លាស់ និងមានចីរភាពក្នុងការដឹកជញ្ជូន ព្រមទាំងបង្វែរទិសដៅមកប្រើប្រាស់មធ្យោបាយតាមផ្លូវទឹក និងផ្លូវដែក ដែលជាជម្រើសល្អក្នុងការកាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងការផលិតផលិតផល។

ឯកឧត្តម វ៉ា រុនសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការចំណាយថ្លៃដើមខ្ពស់ និងកង្វះស្ថិរភាពនៃប្រភពវត្ថុធាតុដើមសម្រាប់កែច្នៃកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំក្នុងការធ្វើឱ្យទំនិញកម្ពុជា ពិបាកឈរជើងនៅលើទីផ្សារ។ ផ្អែកលើបញ្ហានេះ មន្ត្រីជាន់ខ្ពស់រូបនេះបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវចាប់ដៃគ្នាក្រសោបគោលដៅរួមមួយ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរឱ្យកាន់តែរឹងមាំ។

​ឆ្លើយតបនឹងបញ្ហាស្នូលនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាពខ្ពស់លើការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរវិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ ជាក់ស្តែង រដ្ឋាភិបាលបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយ ដោយគ្រោងទុនវិនិយោគរហូតដល់ប្រមាណ៣៦ពាន់លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក តាមរយៈការតភ្ជាប់បណ្តាញផ្លូវគោក ផ្លូវល្បឿនលឿន ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាសយានដ្ឋាន សំដៅទម្លាក់ថ្លៃដើមឡូជីស្ទិកឱ្យមកនៅកម្រិតទាបបំផុត៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ ដ…

ក្រសួងទេសចរណ៍ នឹងរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» ដើម្បីបង្ហាញពីកិត្យានុភាព សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងផលិតផលជាតិ

ស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅពាក់កណ្តាលខែក្រោយ ហើយក្រសួងទេសចរណ៍នឹងរៀបចំនូវព្រឹត្តិការណ៍អមដ៏សំខាន់មួយគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ