ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃទី២៤ ខែតុលា ថា លោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថាក្នុងសន្និសីទមេបញ្ជាការកងទ័ពដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា។ នេះជាកិច្ចប្រជុំទ្រង់ទ្រាយធំលើកដំបូងក្នុងជួរកងទ័ព ចាប់តាំងពីមហាសន្និបាតលើកទី៩ របស់គណបក្សកាន់អំណាចកាលពីខែកុម្ភៈ។
លោក គីម ជុងអ៊ុន បានចេញបទបញ្ជាឱ្យគ្រប់អង្គភាពកងទ័ពទាំងអស់ត្រៀមខ្លួនឱ្យបានពេញលេញ និងរួចជាស្រេច ដើម្បីសម្រេចគោលដៅកសាងកងទ័ពក្នុងយុគសម័យថ្មី។ លោកក៏បានជំរុញឱ្យពន្លឿនការធ្វើបដិវត្តន៍យោធាតាមបែបផែនរបស់កូរ៉េខាងជើង និងកសាងកងទ័ពឱ្យមានកម្លាំងខ្លាំងបំផុត។
គួរបញ្ជាក់ថា មហាសន្និបាតបក្ស កាលពីខែកុម្ភៈ បានកំណត់ទិសដៅអភិវឌ្ឍន៍របស់ប្រទេសកូរ៉េខាងជើង សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយផ្តោតលើការពង្រឹងកងកម្លាំងប្រដាប់អាវុធបែបប្រពៃណី ព្រមទាំងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែ និងមីស៊ីល។
ក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញពិភពលោក កូរ៉េខាងជើង ក៏កំពុងបង្ហាញការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រដូចជារុស្ស៊ី និងចិន ផងដែរ ខណៈប្រទេសនេះបន្តប្រឆាំងឥទ្ធិពល និងគោលនយោបាយរបស់សហរដ្ឋអាម៉េរិក៕
អត្ថបទ៖ សួន ឡង់ទី