កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ក្រសួងទេសចរណ៍ នឹងរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» ដើម្បីបង្ហាញពីកិត្យានុភាព សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងផលិតផលជាតិ


ស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅពាក់កណ្តាលខែក្រោយ ហើយក្រសួងទេសចរណ៍នឹងរៀបចំនូវព្រឹត្តិការណ៍អមដ៏សំខាន់មួយគឺ ភូមិហ្វ្រង់កូហ្វូនី ដែលនឹងមានការតាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណរបស់បណ្តាប្រទេសជាសមាជិកសហគមន៍ហ្វ្រង់កូហ្វូនី ប្រមាណ៩០ប្រទេសចូលរួម។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ដោយ

សម្រាប់ក្រុមអ្នកជំនាញ ភូមិហ្វ្រង់កូហ្វូនី មិនត្រឹមជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្ហាញពីសក្តានុពលទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅកាន់អន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពិសេសជួយផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ ភូមិហ្វ្រង់កូហ្វូនី មិនត្រឹមជាវេទិកាក្នុងការបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និងទិដ្ឋភាពទូទៅនៃការរីកចម្រើនរបស់កម្ពុជា ប៉ុណ្ណោះទេ តែថែមទាំងជាឱកាសដ៏មានតម្លៃសម្រាប់ជួយជំរុញផលិតផលក្នុងស្រុករបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ ផងដែរ។

បន្ថែមលើនេះ ព្រឹត្តិការណ៍នេះ ក៏នឹងក្លាយជាឱកាសដ៏ល្អសម្រាប់ផ្នែកឯកជននៃតំណាងប្រទេសប្រមាណ៩០ អាចចូលរួមសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពីឱកាសវិនិយោគ ពាណិជ្ជកម្ម ព្រមទាំងវិស័យទេសចរណ៍ដ៏សម្បូរបែបនៅកម្ពុជា ផងដែរ ពោលគឺវត្តមានសហគមន៍អន្តរជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងជួយផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់កម្ពុជា ឱ្យកាន់តែលេចធ្លោថែមទៀតនៅលើឆាកអន្តរជាតិ​។

ជាមួយគ្នានេះ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី គឺជាវេទិកាយុទ្ធសាស្ត្រដែលនឹងផ្តល់នូវកាលានុវត្តភាព និងផលប្រយោជន៍ដ៏ធំធេង និងគ្រប់ជ្រុងជ្រោយសម្រាប់កម្ពុជា ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច ការទូត ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ភូមិហ្វ្រង់កូហ្វូនី គឺជាបេះដូងវប្បធម៌នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលផ្តល់ឱកាសមាសសម្រាប់កម្ពុជា ក្នុងការរំលេចនូវអត្តសញ្ញាណជាតិ ប្រពៃណី និងសិល្បៈដ៏ផូរផង់ ទៅកាន់គណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវអន្តរជាតិ មកពីប្រមាណ៩០ប្រទេស ជាពិសេសបង្ហាញពីអំណាចទន់របស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីប្រទេសមួយដែលប្រកាន់ខ្ជាប់នូវសន្តិភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងភាពចម្រុះនៃវប្បធម៌។

បន្ថែមលើនេះ តាមរយៈការតាំងពន្លាជាតិកម្ពុជា និងសកម្មភាពនានា កម្ពុជានឹងមានលទ្ធភាពផ្សព្វផ្សាយដោយផ្ទាល់នូវគោលដៅទេសចរណ៍សក្តានុពល តំបន់បេតិកភណ្ឌ និងផលិតផលទេសចរណ៍ថ្មីៗ ទៅកាន់ទីផ្សារនិយាយភាសាបារាំង ដែលជាទីផ្សារដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនេះព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់ឱកាសសម្រាប់ផលិតផលក្នុងស្រុកកម្ពុជា ដូចជាសូត្រ ចម្លាក់ ម្រេចកំពត និងស្ករត្នោតជាដើម បានបង្ហាញវត្តមាន និងស្វែងរកទីផ្សារនាំចេញទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វូនីផងដែរ។

បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបុទុមវត្តី។ គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីលើកកម្ពស់ចលនាហ្វ្រង់កូហ្វូនី នៅតំបន់អាស៊ី ព្រមទាំងពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងតម្លៃរួមនៃសហគមន៍អ្នកប្រើប្រាស់ភាសាបារាំង ដែលមានរដ្ឋជាសមាជិក និងសង្កេតការណ៍រហូតដល់ទៅ៩០ប្រទេស៕




អត្ថបទបន្ទាប់


តើកម្ពុជា គួរធ្វើយ៉ាងណាដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា នៅលើទីផ្សារ?

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញវិស័យដឹកជញ្ជូន និងឡូជីស្ទិក បានអះអាងថា តម្លៃផលិតផលកម្ពុជា នៅមានកម្រិតខ្ពស់បើធៀបនឹងប្រទេសជិតខ…

មេដឹកនាំកូរ៉េខាងជើង បញ្ជាឱ្យពង្រឹងកម្លាំងប្រយុទ្ធ និងពន្លឿនបដិវត្តន៍យោធា

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានជំរុញឱ្យអង្គភាពកងទ័ពទាំងអស់ពង្រឹងសមត្ថភាពប្រយុទ្ធ និងបង្កើនភាពម្ចាស់ការលើខ្លួនឯង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ