
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានគូសបញ្ជាក់ថា ការផលិតផលិតផលរបស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុកបច្ចុប្បន្នការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានផលិតផលជាច្រើនត្រូវបានផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក និងមានការនាំចេញទៅកាន់ទីផ្សារបរទេស។ ទោះបីការផលិតមានការរីកចម្រើនក៏ពិតមែន តែផលិតផលក្នុងស្រុកកំពុងប្រឈមនឹងការប្រកួតប្រជែងជាមួយផលិតផលនាំចូល។ យ៉ាងណាមិញអ្នកជំនាញរូបនេះ ស្នើឱ្យពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុក ដែលជាផ្នែកមួយជួយលើកទឹកចិត្តដល់អ្នកផលិត និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ដោយឡែក ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេង យល់ឃើញថា ការកសាងភាពជាម្ចាស់ការក្នុងការផលិតផលិតផលក្នុងស្រុក គឺជារឿងសំខាន់សម្រាប់កម្ពុជា។ ទន្ទឹមនេះ កម្ពុជា ក៏ត្រូវមានកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសនានា នៅក្នុងតំបន់ផងដែរ។ បើតាមប្រធានសមាគមរូបនេះ ដើម្បីឱ្យផលិតផលរបស់កម្ពុជា អាចធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារតំបន់បានលុះណាតែបង្កើនសមត្ថភាពផលិត មានគុណភាពតាមស្តង់ដា និងអាចផ្គត់ផ្គង់ឱ្យគ្រប់តាមតម្រូវការរបស់អ្នកប្រើប្រាស់។
បើតាមការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីពេលកន្លងទៅ ការចុះបញ្ជីរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយ តួយ៉ាងបើគិតតែចំពោះសហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យកម្មន្តសាលនៅក្នុងឆ្នាំ២០២៤ មានចំនួនប្រមាណជាង៤ម៉ឺន៣ពាន់សហគ្រាសដែលបានចុះបញ្ជី ខណៈចំនួនសហគ្រាសធុនមីក្រូ តូច និងមធ្យមសរុបនៅទូទាំងប្រទេសមានរហូតដល់ជាង៧៥ម៉ឺន៣ពាន់សហគ្រាស៕
អត្ថបទ៖ បូ ដូឡា