ការពន្យារពេលនេះ វាជាការរួមចំណែកមួយក្នុងការជួយស្តារ និងរក្សានិរន្តរភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងវាយលុកដោយវិបត្តិកូវីដ-១៩និយាយជារួម និងចូលរួមចំណែកជួយគាំទ្រក្នុងការរក្សាលំនឹងក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាផងដែរនិយាយដោយឡែក។
រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះបានសម្រេចពន្យារពេលការចាប់ផ្ដើមអនុវត្តការយកពន្ធលើចំណេញមូលធនចំនួនពីរឆ្នាំបន្ថែមទៀត ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ និងការប្រកបអាជីវកម្មនានារបស់ក្រុមហ៊ុន សហគ្រាស ដែលបាន និងកំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការសម្រេចបែបនេះរបស់រាជរដ្ឋាភិបាល ទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ និងអ្នករកស៊ីក្នុងវិស័យឯកជន ពិសេសលើវិស័យអចលនទ្រព្យ។
អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនលី ហួរគ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានចាត់ទុកការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធននេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការជួយស្តារ និងរក្សានិរន្តរភាពសេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងរងការគំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងបញ្ហាភាពតានតឹងផ្នែកនយោបាយនៅលើពិភពលោក ពិសេសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនតែម្តង។
សម្រាប់អ្នកឧកញ៉ា លី ហួរ ការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធននេះទៀតសោត ក៏ជាកត្តារួមចំណែកជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យអចលនទ្រព្យ និងសំណង់របស់កម្ពុជាក្នុងការរក្សាលំនឹង និងបន្ដចរន្ដប្រតិបត្តិការរបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត។ លើសពីនេះ ក្រុមហ៊ុនទិញលក់អចលនទ្រព្យ ក៏ទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះរបស់រាជរដ្ឋាភិបាលនេះផងដែរ។
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះយន្តការពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធននេះក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពប្រសើរឡើង។ តាមរយៈយន្តការនេះវានឹងជួយទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ដបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ សំណង់ និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែច្រើនថែមទៀត។
ក្រុមអ្នកជំនាញរំពឹងថា វិស័យអចលទ្រព្យ និងការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២២ នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ បន្ទាប់ពីវិស័យទាំងនេះបានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅពីរខែដើមឆ្នាំនេះ ទោះបីកម្ពុជារួមទាំងពិភពលោកកំពុងស្ថិតវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមផ្នែកភាពសាស្ត្រនយោបាយសកលលោកក៏ដោយ៕