ការតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន

មនុស្សរាប់ពាន់នាក់នៅទីក្រុងធំៗ រួមទាំងទីក្រុងម៉ូស្គូ បានចេញមកតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន


បន្ទាប់ពីលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បានប្រកាសចាប់ផ្ដើមប្រតិបត្តិការយោធាពិសេសទៅលើអ៊ុយក្រែនកាលពីម្សិលមិញនេះ គេឃើញថានៅតាមផ្លូវនៃទីក្រុងធំៗជាច្រើននៃប្រទេសលោកខាងលិច រួមទាំងទីក្រុងម៉ូស្គូរបស់រុស្ស៊ីផងនោះ បានផ្ទុះការបាតុកម្មតវ៉ាប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ការតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន

ក្រុមបាតុកររាប់ម៉ឺននាក់បានលើកបង្ហាញនូវទង់ជាតិអ៊ុយក្រែន និងទាមទារឱ្យមេដឹកនាំពិភពលោកមានចំណាត់ការប្រឆាំងនឹងរុស្ស៊ី ខណៈមនុស្សជាងមួយពាន់នាក់ ដែលព្យាយាមចេញមកតវ៉ាដូចគ្នានៅទីក្រុងមូស្គូប្រទេសរុស្ស៊ីត្រូវបានអាជ្ញាធរចាប់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនថ្មីៗនេះ ក្រៅតែពីរងនូវទណ្ឌកម្មធ្លាក់មកជាបន្តបន្ទាប់ពីប្រទេសលោកខាងលិចហើយនោះ ក៏កំពុងធ្វើឲ្យមនុស្សនៅជុំវិញពិភពលោកហាក់មិនមានការពេញចិត្តសោះឡើយ។ ជាក់ស្ដែង មិនត្រឹមតែប្រជាជននៅប្រទេសលោកខាងលិចដែលកំពុងប្រឈមមុខដាក់គ្នានឹងរុស្ស៊ីនោះទេ ដែលមិនគាំទ្រនឹងសង្គ្រាមមួយនេះ សូម្បីតែប្រជាជនរុស្ស៊ីខ្លួនឯង ក៏បានចេញមកតវ៉ាប្រឆាំងនឹងសង្គ្រាមបង្ហូរឈាមរបស់លោកប្រធានាធិបតីរុស្ស៊ីនៅអ៊ុយក្រែនផងដែរ។

ការចេញមកតវ៉ាពីសាធារណជនដែលគេបានឃើញដំបូងបំផុតបានកើតឡើងនៅខាងក្រៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ពោលគឺត្រឹមតែបីម៉ោងបន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា នឹងបើកប្រតិបត្តិការយោធាទៅលើអ៊ុយក្រែន។ តាមសេចក្តីរាយការណ៍ព័ត៌មាន បានបង្ហាញថា មានបាតុកររាប់សិបនាក់នៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក បានគ្រវីទង់ជាតិអ៊ុយក្រែន និងស្រែកថា "ឈប់ឈ្លានពានទៅ! រុស្ស៊ី!"។

ដោយឡែក នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសឯណោះវិញ បាតុកររាប់រយនាក់ ភាគច្រើនជាជនជាតិអ៊ុយក្រែន បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី Boris Johnson និងស្ថានទូតរុស្ស៊ី ដោយជំរុញឱ្យចក្រភពអង់គ្លេសធ្វើសកម្មភាពបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី ខណៈដែលបាតុករបាននិយាយថា អ៊ុយក្រែនត្រូវការជំនួយ ត្រូវការនរណាម្នាក់ជួយអ៊ុយក្រែន។ «អ៊ុយក្រែនតូចណាស់ ហើយ រងសម្ពាធក៏ធំ»។

យ៉ាងណាមិញ ក្រៅតែនៅអាមេរិក និងអង់គ្លេស ក៏មានបាតុករនៅតាមបណ្ដាទីក្រុងធំៗក្នុងប្រទេសជាច្រើនទៀតដូចជា ប្រទេសស្វីស បារាំង អេស្ប៉ាញ បានប្រមូលផ្តុំគ្នាដោយកាន់ទង់ជាតិអ៊ុយក្រែន និងស្រែកថា "សន្តិភាពសម្រាប់អ៊ុយក្រែន!" ខណៈនៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ឯណោះវិញ ក្រុមអ្នកតវ៉ាមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងធំក្នុងប្រទេស រួមទាំងទីក្រុងម៉ូស្គូផងដែរ ដែលអំពាវឱ្យរុស្ស៊ីបញ្ឈប់សង្រ្គាម។ ការចេញមកតវ៉ាពីសំណាក់ពលរដ្ឋរុស្ស៊ីនេះ ត្រូវបានទីក្រុងម៉ូស្គូចាត់ទុកថា ជាការផ្គើននឹងការព្រមានជាផ្លូវការរបស់អាជ្ញាធរ ហើយក៏បានគំរាមចាប់ខ្លួនកាត់ទោសព្រហ្មទណ្ឌ និងដាក់ពន្ធនាគារសម្រាប់អ្នកដែលអំពាវនាវ ឬចូលរួមក្នុងការតវ៉ាផងដែរ។

គួរជម្រាបថា ប៉ូលីសរុស្ស៊ីបានឃាត់ខ្លួនមនុស្សមិនតិចជាង ១.៦០០ នាក់ទេ នៅក្នុងទីក្រុងចំនួន ៥៣ក្នុងប្រទេសរុស្សី ដោយក្នុងនោះ យ៉ាងហោចណាស់មនុស្ស ៦០០ នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ូស្គូ ទាក់ទងនឹងការតវ៉ាឲ្យរុស្សីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែននេះ។

យ៉ាងណាក៏ដោយចុះ រុស្ស៊ីនៅតែបន្តបាញ់កាំជ្រួចមីស៊ីលស្រោចទៅលើអ៊ុយក្រែន ខណៈ របាយការណ៍បឋមបានបង្ហាញថា ១ថ្ងៃក្រោយការផ្ទុះសង្គ្រាមមានទាហាន និង ជនស៊ីវិលអ៊ុយក្រែន សរុប ១៣៧នាក់បានបាត់បង់ជីវិត និងជាង ៣០០ នាក់ទៀតរងរបួស។ដោយឡែកភាគីរុស្សីឯណោះវិញបើតាមរដ្ឋមន្ត្រីការពារជាតិ អង់គ្លេសអះអាងថាទាហានរុស្ស៊ី ស្លាប់ ៤៥០នាក់៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


IMF និងធនាគារពិភពលោក ព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចសកល ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ជុំវិញវិបត្តិសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែននេះដែរ តើវានឹងធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចយ៉ាងណាខ្លះ? ក្រុមមេដឹកនាំធនាគារពិភពលោក និងអង្គការម…

ក្នុងថ្ងៃតែមួយរុស្ស៊ីវាយអ៊ុយក្រែន ចិនបញ្ជូនយន្តហោះចម្បាំងចូលដែនអាកាសកោះតៃវ៉ាន់

ថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈឆ្នាំ២០២២ អាចត្រូវបានគេកត់ត្រាទុកជាថ្ងៃដ៏អាប់អ៊ួរ នៃប្រវត្តិសាស្រ្តមនុស្សជាតិសម័យទំនើប គ្រាដែលមហាអំណាចយោធាលំដាប់ទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ