លោកពូទីន កំពុងបង្កជម្លោះកាន់តែធំៗឡើងនៅក្នុងប្រទេសអ៊ុយក្រែន ដែលលោកហៅថា ជាប្រតិបត្តិការយោធាពិសេស ហើយវាគឺជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់តំបន់អឺរ៉ុប ខណៈមន្ត្រីជាន់ខ្ពស់នៅអឺរ៉ុបមួយចំនួនបានគិតទុកថា រុស្ស៊ីកំពុងពន្យារពេលធ្វើសង្គ្រាមនៅអ៊ុយក្រែន ដើម្បីពង្រីកជម្លោះនៅក្នុងតំបន់នេះ។
ទោះទោះបីជា សង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយមកជាងកន្លះឆ្នាំទៅហើយក្ដី ប៉ុន្ដែ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា រុស្ស៊ីមិនបានខាតបង់អ្វីឡើយ ហើយក៏គ្មានថ្ងៃនឹងខាតបង់នោះដែរ។ លោកបន្ថែមថា អ្វីៗគ្រប់យ៉ាងដែលមិនចាំបាច់ ភាពគ្រោះថ្នាក់ និងអ្វីដែលរារាំងរុស្ស៊ីក្នុងការឆ្ពោះទៅមុខនោះ គឺនឹងត្រូវកម្ចាត់ចោល។ លោកពូទីនអះអាងទៀតថា រុស្ស៊ីមិនត្រឹមតែមិនខាតបង់នោះទេ ប៉ុន្ដែ ថែមទាំងចំណេញប្រយោជន៍ពីសង្គ្រាមនៅអ៊ុយក្រែនថែមទៀតផង។ ចំណេញនៅត្រង់ថា រុស្ស៊ីបានពង្រឹងនូវអធិបតេយ្យភាពរបស់ខ្លួន និងការពង្រឹងភាពខ្លាំងពីខាងក្នុងផងដែរ។ នេះបើតាមការអះអាងរបស់លោកពូទីន។
នៅក្នុងគោលបំណងបង្ហាញឲ្យឃើញពីគោលជំហររបស់រុស្ស៊ីលម្អៀងទៅរកតំបន់អាស៊ីនោះ លោកពូទីន បាននិយាយទៅកាន់វេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុងវ្លាឌីវ៉ូស្ដុករបស់រុស្ស៊ីថា «ពេលនេះលោកខាងលិចកំពុងបរាជ័យហើយ ខណៈអាស៊ីកំពុងតែមានអនាគតប្រសើរ»។ ក្រៅតែពីការលើកឡើងពីទំនោរទៅរកតំបន់អាស៊ី លោកប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានលើកឡើងពីការមើលឃើញឱកាសកាន់តែច្រើន ដែលទីក្រុងម៉ូស្គូអាចចូលទៅកាន់ទីផ្សារនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអ៊ីរ៉ង់ បន្ទាប់ពីមានការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ពីលោកខាងលិច ក្នុងការឆ្លើយតបចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននោះ។
លោកពូទីន ថែមទាំងបានគូសបញ្ជាក់ទៀតថា ការណ៍ដែលលោកខាងលិចចង់ដាក់ឲ្យរុស្ស៊ីនៅឯកោនោះ គឺមិនអាចទៅរួចឡើយ ហើយរុស្ស៊ីនឹងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងរបស់បស្ចិមលោកក្នុងការរុញច្រានរុស្ស៊ីចេញពីលើឆាកអន្តរជាតិ។
បើទោះបីជាកន្លងមក លោកខាងលិចដាក់ទណ្ឌកម្មទៅលើទីក្រុងម៉ូស្គូយ៉ាងចាស់ដៃក៏ដោយ ប៉ុន្ដែ លោកពូទីន បានច្រានចោលផលប៉ះពាល់ពីទណ្ឌកម្មទាំងនោះ។ ទណ្ឌកម្មរបស់លោកខាតលិចទៅលើរុស្ស៊ីនោះ គឺមានដូចជាការហាមឃាត់ការលក់គ្រឿងបង្គុំសំខាន់ៗសម្រាប់ឧស្សាហកម្មរុស្ស៊ីដូចជា បន្ទះឈីបជាដើម ក៏ដូចជាការកាត់ផ្ដាច់ធនាគារធំៗរបស់រុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFTផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានក្រុមហ៊ុនលោកខាតលិចរាប់ពាន់ក្រុមហ៊ុនបានដកខ្លួនចេញពីរុស្ស៊ី ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ទោះជាបែបនេះក្ដី លោកពូទីនបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរុស្ស៊ីនៅឆ្នាំនេះ អាចនឹងធ្លាក់ចុះត្រឹមតែ២% ឬលើសនេះតិចតួចប៉ុណ្ណោះ ហើយកញ្ចប់ថវិកាជាតិរុស្ស៊ីក៏នឹងនៅតែបន្ដមានអតិរេកដដែល។
សូមបញ្ជាក់ថា រុស្ស៊ីថ្មីៗនេះ ក៏ទើបតែបានកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅកាន់តំបន់អឺរ៉ុបផងដែរ ក្រោយពីក្រុមប្រទេសលោកខាងលិច រួមទាំងអាមេរិកបាននាំគ្នាដាក់គំនាបលើតម្លៃប្រេងរុស្ស៊ី។ ការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបនេះ កំពុងធ្វើឲ្យប្លុកនេះ ជួបភាពចលាចលកាន់តែខ្លាំងដែរ ដោយសារតែតម្លៃថាមពលហក់ឡើងកាន់តែខ្ពស់ថែមទៀត ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលជាអ្នកប្រើប្រាស់៕