ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងទើ (Lai Ching-te) បានអះអាងថា កោះតៃវ៉ាន់ត្រូវតែប្រឆាំងនឹងអ្វីដែលលោកហៅថា ភេរវកម្មក្រហមពីចិន និងរក្សាសិទ្ធិក្នុងការសម្រេចជោគវាសនាអនាគតរបស់ខ្លួនដោយប្រជាជនតៃវ៉ាន់ផ្ទាល់។
លោកបានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់ ត្រូវតែការពារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន និងមិនអនុញ្ញាតឱ្យកោះនេះបាត់បង់របៀបរស់នៅដោយមានសេរីភាពរបស់ខ្លួនដោយសារតែសម្ពាធពីទីក្រុងប៉េកាំង ជាដាច់ខាត។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យសមាជិកគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ឱ្យរួបរួមគ្នាប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថា ជាសម្ពាធនយោបាយ សង្គ្រាមផ្លូវច្បាប់ និងការគំរាមកំហែងយោធាពីប្រទេសចិន។
លោកបានបញ្ជាក់ថា កោះតៃវ៉ាន់ ត្រូវតែប្រុងប្រយ័ត្ន ទោះបីស្ថិតក្នុងពេលសន្តិភាពក៏ដោយ ហើយបានចោទប្រកាន់ទីក្រុងប៉េកាំង ថា កំពុងប្រើប្រាស់សង្គ្រាមផ្លូវច្បាប់ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ លោកបានលើកឡើងពីច្បាប់ថ្មីរបស់ចិន ស្តីពីការឯកភាពជាតិ ដែលកោះតៃវ៉ាន់ បារម្ភថា អាចត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានផ្លូវច្បាប់ដើម្បីដាក់សម្ពាធ ឬចាត់វិធានការលើពលរដ្ឋតៃវ៉ាន់ ដែលចិន ចាត់ទុកថា ជាអ្នកបំបែកខ្លួន។ លោកបានសង្កត់ធ្ងន់ថា អនាគតរបស់កោះតៃវ៉ាន់ ត្រូវតែសម្រេចដោយប្រជាជនតៃវ៉ាន់ ជាង២៣លាននាក់៕
ដោយ: តែម សុខុម