ការចាត់វិធានការដ៏ក្តៅគគុកនេះធ្វើឡើងក្រោយអាល្លឺម៉ង់កំពុងប្រឈមសម្ពាធថវិកា និងត្រូវការប្រមូលចំណូលបន្ថែម ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។
រដ្ឋាភិបាលអាល្លឺម៉ង់ បានដាក់ចេញផែនការសកម្មភាពចំនួន២៦ចំណុច ដើម្បីប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ការគេចពន្ធ និងទ្រព្យសម្បត្តិ ដែលបានមកពីប្រភពខុសច្បាប់។ ផែនការនេះរួមមានការបង្កើតមជ្ឈមណ្ឌលប្រឆាំងបទល្មើសហិរញ្ញវត្ថុ ការជ្រើសរើសមន្ត្រីថ្មីចំនួន១,៥០០នាក់ និងការពង្រឹងកិច្ចសហការរវាងប៉ូលិស មន្ត្រីគយ និងអាជ្ញាធរពន្ធដារ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក ឡាស គ្លីងបៀល (Lars Klingbeil) បានបញ្ជាក់ថា អាជ្ញាធរនឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីវិភាគទិន្នន័យហិរញ្ញវត្ថុដ៏ស្មុគស្មាញស្វែងរកក្រុមហ៊ុន ដែលមានតែសម្បក មូលនិធិលាក់កំបាំងដែលគ្មានប្រភពច្បាស់លាស់ និងបណ្តាញផ្ទេរលុយខុសច្បាប់។ លោកបានព្រមានថា អ្នកដែលព្យាយាមលាក់បាំងចំណូលពិតប្រាកដ និងគេចពន្ធលែងអាចគេចផុតពីសំណាញ់ច្បាប់ដូចមុនទៀតហើយ។
ក្រោមវិធានការថ្មីទោសអតិបរមាសម្រាប់ការគេចពន្ធនឹងកើនឡើងពី១០ឆ្នាំ ដល់១៥ឆ្នាំ។ ជាមួយគ្នានេះ អាជ្ញាធរនឹងអាចរឹបអូសទ្រព្យសម្បត្តិសង្ស័យរយៈពេល១៨០ថ្ងៃដូចជារថយន្តប្រណីត និងទ្រព្យមានតម្លៃផ្សេងៗ ខណៈម្ចាស់ទ្រព្យត្រូវបង្ហាញភ័ស្តុតាងថា ទ្រព្យទាំងនោះបានមកដោយស្របច្បាប់៕
ដោយ: តែម សុខុម