នៅក្នុងកិច្ចពិភាក្សានៃវេទិកា វ៉ាលដៃ (Valdai) ក្រោមចំណងជើងថា «ពិភពលោកក្រោយសម័យអនុត្តរភាព៖ យុត្តិធម៌ និងសន្តិសុខសម្រាប់មនុស្សគ្រប់គ្នា» លោក ពូទីន មេដឹកនាំកំពូលរបស់រុស្ស៊ីបានប្រាប់វេទិកានោះថា៖ «ការគ្រប់គ្រងពិភពលោកដោយឯកប៉ូលជាប្រវត្តិសាស្ត្ររបស់ពួកបស្ចិមលោកកំពុងឈានដល់ទីបញ្ចប់ហើយ»។
នៅក្នុងការបង្ហាញខ្លួនជាសាធារណៈជិត៤ម៉ោង ចាប់តាំងពីបានបញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា លោកមិនដែលសោកស្តាយចំពោះអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនឡើយ ផ្ទុយទៅវិញលោកបានចោទប្រកាន់លោកខាងលិចចំៗថា បានញុះញង់ឱ្យសង្រ្គាមនេះផ្ទុះឡើង ព្រមទាំងលេងល្បែងសង្គ្រាមប្រកបដោយ «ការបង្ហូរឈាម និងគ្រោះថ្នាក់» ដែលដើរសាបព្រួសភាពចលាចលវឹកវរទូទាំងពិភពលោក។
លោកបានសង្កត់ធ្ងន់ថា៖ «យើងកំពុងឈរនៅព្រំដែនប្រវត្តិសាស្ត្រ ដែលនៅពេលខាងមុខប្រកបដោយគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាន ហើយទន្ទឹមនឹងនោះ វាគឺជាទសវត្សរ៍ដ៏គ្រោះថ្នាក់ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក»។
លោកពូទីនបាននិយាយបកស្រាយយ៉ាងឥតលាក់លៀមថា លោកខាងលិចកំពុងធ្លាក់ចុះអំណាច ហើយមហាអំណាចអាស៊ីកំពុងតែរះឡើងដូចជាប្រទេសចិន។ លើសពីនេះ លោកបានចាត់ទុកជម្លោះក្នុងប្រទេសអ៊ុយក្រែនថា ជាសមរភូមិរវាងលោកខាងលិច និងរុស្ស៊ីក្នុងការកំណត់ជោគវាសនាជនជាតិស្លាវិកនៅក្នុងប្រទេសអ៊ុយក្រែន ហើយមានតែរុស្ស៊ីទេ ដែលអាចធានាការពារបូរណភាពទឹកដីរបស់អ៊ុយក្រែនបាន។
ដោយឡែក នៅក្នុងវេទិកាដេញដោលនោះដែរ មានការលើកឡើងដោយប្រៀបប្រដូចស្ថានការសង្គ្រាមអ៊ុយក្រែនបច្ចុប្បន្នទៅនឹងវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ដែលកាលនោះជាការប្រឈមមុខនុយក្លេអ៊ែរដាក់គ្នារវាងមហាអំណាចសូវៀត និងអាមេរិក តែឥលូវនេះក្រោយមើលឃើញពីការគំរាមប្រើនុយក្លេអ៊ែរពីសំណាក់រុស្ស៊ីនោះ មានសំណួរថាតើលោក ពូទីន នឹងប្រើអាវុធនោះមែន ឬយ៉ាងណា? ប្រធានាធិបតីរុស្សីលោក ពូទីន បានឆ្លើយតបភ្លាមៗថា «លោកគ្មានបំណងធ្វើដូចអតីតមេដឹកនាំសហភាពសូវៀត លោកនីគីតា គ្រូសឆេវ (Nikita Khrushche) រួមជាមួយអតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy ដែលយកវាសនាពិភពលោកទៅលេងសើចនោះទេ តែលោកថា ដរាបណាវត្តមាននុយក្លេអ៊ែរនៅតែមាន នោះលទ្ធភាពនៃការប្រើវាក៏មានដូចគ្នា។
យ៉ាងណាមិញ បើក្រឡែកទៅមើលស្ថានការសង្គ្រាមវិញក៏នៅតែបន្តវាយប្រហារគ្នាឥតដកដៃនៅឡើយ ដោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីម្នាក់កាលពីពេលថ្មីៗនេះបានព្រមានបាញ់ទម្លាក់ផ្កាយរណបស៊ីវិលរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផងដែរ ប្រសិនបើពួកគេចូលរួមជួយអ៊ុយក្រែនក្នុងសង្គ្រាមនោះ។
លោក Konstantin Vorontsov អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ីបានប្រាប់អង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននិងកំពុងព្យាយាមប្រើប្រាស់ផ្កាយរណប ដើម្បីពង្រឹងការគ្រប់គ្រងទីអវកាសរបស់ខ្លួន ដោយលោកមិនបានបញ្ជាក់ថា ប្រព័ន្ធផ្កាយរណបណាមួយនោះឡើយ តែក្នុងនោះក៏មានប្រភពផ្កាយរណប Starlink នៃក្រុមហ៊ុនអវកាល SpaceX របស់លោក Elon Musk ដែលនៅតែផ្តល់សេវាអ៊ីនធឺណិតរបស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែនប្រើប្រាស់ផងដែរ។
ភ្លាមៗក្រោយការប្រកាសព្រមានបាញ់ទម្លាក់ សេតវិមានអាមេរិកតាមរយៈអ្នកនាំពាក្យ លោក John Kirby បានប្រាប់កាន់អ្នកយកព័ត៌មានថា ការវាយប្រហារណាមួយរបស់រុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធផ្កាយរណបរបស់សហរដ្ឋអាមេរិក នឹងត្រូវទទួលការឆ្លើយតបតវិញយ៉ាងដាច់ខាតតែម្តង៕