មែនទែនទៅ បើតាមមន្ត្រីទីក្រុងសេអ៊ូល និងតូក្យូបាននិយាយថា ចាប់តាំងពីថ្ងៃទី ២៥ កញ្ញា របបទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលប្រាំពីរគ្រាប់រួចមកហើយគិតត្រឹមថ្ងៃទី ៩ តុលានេះ ដែលកាលពីថ្ងៃទី ៤ ខែតុលាកន្លងទៅ កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលេស្ទីករយៈចម្ងាយមធ្យម (IRBM) រំលងពីលើប្រទេសជប៉ុនតែម្តង មុននឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានរយៈចម្ងា៤៦០០គីឡូម៉ែត្រ។
យោងតាមទីភ្នាក់ងារ KCNA រាយការណ៍ថា បុរសខ្លាំងលោកគីម ជុងអ៊ុន បានដឹកនាំអង្គភាពប្រតិបត្តិការអាវុធនុយក្លេអ៊ែរ ដើម្បីធ្វើយមយុទ្ធយោធា ក្នុងរយៈពេលពីរសប្តាហ៍មកនេះ រួមទាំងការបាញ់ផ្លោងមីស៊ីលប៉ាលេស្ទីក និងសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរជាដើម ហើយនេះគឺជាការបញ្ចូនសារមួយដ៏ច្បាស់លាស់មួយទៀត ទៅកាន់សហរដ្ឋអាមរិក និងសម្ព័ន្ធមិត្តនៃសាធារណៈកូរ៉េ និងប្រទេសជប៉ុន។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងនេះបានសង្កតធ្ងន់ទៀតថា ការធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់ទាំងអម្បាលម៉ាន គឺមានគោលបំណងកំណត់គោលដៅទីបញ្ជាការយោធា កំពង់ផែសំខាន់ៗ និងអាកាសយានដ្ឋាននៅភាគខាតត្បូងប្រទេសកូរ៉េខាងត្បូងតែម្ដង ហើយក៏បង្ហាញពី «ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្តែងនៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុក និងបំផ្លាញគោលដៅទាំងនោះគ្រប់ពេលវេលាផងដែរ»។
បន្ថែមពីនេះ លោក គីម ជុងអ៊ុន ដែលត្រូវស្រង់សំដីដោយសារព័ត៌មាន KCNA ដដែលបាននិយាយថា «ទោះបីជាសត្រូវនៅតែបន្តនិយាយអំពីការសន្ទនា និងការចរចាក៏ដោយ ទីក្រុងព្យុយ៉ាងមិនមានអ្វីត្រូវនិយាយទៀតទេ ហើយក៏មិនមានចំណាប់អារម្មណ៍ធ្វើវាដូចគ្នា»។ ក្នុងសារនោះដែរ គណបក្សពលករកូរ៉េខាងជើងបានគូសបញ្ជាក់ថា ការសម្រេចចិត្តធ្វើសមយុទ្ធបាញ់មីស៊ីលនេះ គឺជាការឆ្លើយតបដោយមិនអាចប្រកែកបាន នៅចំពោះមុខការចល័តកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមកជិតនឹងរបងផ្ទះកូរ៉េខាងជើង រួមមាននាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Ankit Panda អ្នកស្រាវជ្រាវបញ្ហាកូរ៉េនៃអង្គការ ខាណ័រជី អេនដោនមិន (Carnegie Endowment) សម្រាប់សន្តិភាពពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា «សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងនេះគឺច្បាស់ណាស់ថា ការសាកល្បងថ្មីៗនេះគឺជាវិធានការណ៍នៃការប្រឆាំងទៅនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលធ្វើសមយុទ្ធយោធានាពេលកន្លងមកនោះ»។
ដោយឡែក ក្រុមអ្នកវិភាគអន្តរជាតិខ្លះបាននិយាយថា ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ វាអាចរួមបញ្ចូលការអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រតាកតិច កម្រិតតូចសម្រាប់ប្រើប្រាស់ក្នុងសមរភូមិ និងត្រូវបានរចនាឡើងសម្រាប់បំពាក់លើមីស៊ីលរយៈចម្ងាយខ្លី ដូចជាមីស៊ីលប៉ាលេស្ទីកដែលត្រូវបានសាកល្បងនាពេលថ្មីៗនេះផងដែរ។
រីឯ អ្នកវិភាគមួយចំនួនផ្សេងទៀតបានលើកឡើងថា ការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរតូចៗលើមីស៊ីលរយៈចម្ងាយខ្លី អាចជាសញ្ញាណនៃការផ្លាស់ប្តូរដ៏គ្រោះថ្នាក់ដែលកូរ៉េខាងជើងត្រៀមដាក់ពង្រាយ និងមានផែនការប្រើប្រាស់អាវុធនុយក្លេអ៊ែរតែម្តង៕