

យោងតាមស្ថានភាពបច្ចុបន្បន្ន ការទូទាត់តាមអនឡាញបានកើនឡើងខ្លាំងនៅ ឆ្នាំ២០២១ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ការកើនឡើងនេះកើតមានឡើងដោយសារការផ្តល់អនុសាសន៍នានាពីសំណាក់ស្ថានប័នក្នុងវិស័យហិរញ្ញវត្ថុឱ្យលើកម្ពស់ប្រតិបត្តិការឌីជីថលជំនួសឱ្យការទូទាត់ដោយផ្ទាល់។
ខណៈដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែចូលចិត្តប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនដោយផ្ទាល់ ពលរដ្ឋខ្មែរកាន់តែច្រើនឡើងនឹងធ្វើការទូទាត់តាមអនឡាញសម្រាប់ការផ្ទេរប្រាក់ និងការទូទាត់ផ្សេងៗ ហើយកំណើនប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងអ៊ីនធឺណិតល្បឿនលឿនបានជួយឱ្យមានការកើនឡើងការទូទាត់តាមអានឡាញផងដែរ។

ដោយមើលពីភាពរីកចម្រើនលើផ្នែកឌីជីថល ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានដាក់ឲ្យដំណើរការសាកល្បងជាក់ស្តែង លើប្រតិបត្តិការដាក់ និងដកប្រាក់ តាមរយៈការស្កេន QR Code នៅបញ្ជរហេរញ្ញិកដែលមានទីតាំងនៅសាខា៧មករា។ ហើយការដាក់អោយប្រើប្រាស់សាកល្បងនេះគឺក្នុងគោលបំណងគាំទ្រ និងពង្រឹងលើការធ្វើប្រតិបត្តិការដាក់ និងដកប្រាក់នៅបញ្ជរបេឡាតាមរយៈQR Code ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីទទួលបាននូវទំនុកចិត្តពីសាធារណជន។
ការធ្វើប្រតិបត្តិការដក និងដាក់ប្រាក់តាមរយៈការស្កេន QR Code ក្នុងអំឡុងពេលដាក់អោយសាកល្បងជាក់ស្តែង នេះបានក្នុងទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការមិនលើស១០,០០០ ដុល្លា ឬទំហំសមមូល។
ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែបន្តលើកទឹកចិត្តដល់អតិថិជនទាំងអស់ប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពន្លឿនរាល់ប្រតិបត្តិការក៏ដូចជាការបញ្ចៀសការការកក់ស្ទះយឺតយ៉ាវ និងបញ្ហាវីរ៉ុសកូវីដ-១៩ផងដែរ៕