គួរជម្រាបថា សម្ព័ន្ធមិត្តចតុភាគី Quad ដែលមានឈ្មោះជាផ្លូវការថាកិច្ចសន្ទនាសន្តិសុខចតុភាគីត្រូវបានគេមើលឃើញថា មានគោលដោស្នូលគឺដើម្បីការរារាំងប្រឆាំងនឹងឥទ្ធិពលសេដ្ឋកិច្ច និងយោធាដែលកំពុងរះត្រដែងឡើងរបស់ក្រុងប៉េកាំង តែយ៉ាងណាមិនដូចអង្គការណាតូ ដែលជាអង្គការសម្ព័ន្ធសន្តិសញ្ញាយោធានោះទេ។
នៅក្នុងការកិច្ចពិភាក្សានៅឯសន្និសីទមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) លើកទី១៩ នៅទីក្រុងតូក្យូកាលពីថ្ងៃសុក្រ ឧត្តមនាវីឯកចូលនិវត្តអាមេរិក លោក Gary Roughead បានចង្អុលបង្ហាញថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺ «ពិតជាយុទ្ធសាស្រ្តផ្លូវសមុទ្រដ៏សំខាន់មួយ» ដែលលាតសន្ធឹងពីមហាសមុទ្រឥណ្ឌាទៅសមុទ្រចិនខាងត្បូង ដោយលើកហេតុផលថា វត្តមានអចិន្ត្រៃយ៍របស់ Quad នឹងមានប្រយោជន៍ជាក់ជាមិនខាន។
លោកបាននិយាយយ៉ាងដូច្នេះថា «ដើម្បីបង្កើនទម្ងន់ សម្ព័ន្ធមិត្តចតុភាគី Quad ត្រូវបង្កើតកងកម្លាំងដែនសមុទ្រដែលឈរជើងជាប្រចាំក្នុងសមុទ្រនៃឥណ្ឌូប៉ាស៊ីហ្វិក ដែលនេះវាជួយបង្កើនសន្តិសុខ និងធានាការពារធនធានសមុទ្ររបស់ពួកគេផងដែរ។
សមាជិកក្រុមមួយទៀតនៅក្នុងកិច្ចពិភាក្សានោះដែរបានសង្កត់ធ្ងន់លើតួនាទីនៃក្របខ័ណ្ឌសន្តិសុខក្នុងតំបន់ រួមទាំងកិច្វព្រមព្រៀងស្តីពីសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក (AUKUS) ដែលបង្កើតឡើងដោយអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។
លោក Michael Green នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិកនៅសាកលវិទ្យាល័យស៊ីដនីបាននិយាយថា «លោកគិតថាមេរៀនរបស់ Quad និង AUKUS គឺថា ប្រសិនបើមានបញ្ហាប្រឈមដែលធ្វើឲ្យខូតខាតសណ្តាប់ធ្នាប់ និងសន្តិសុខតំបន់នោះ រដ្ឋាភិបាលនៃប្រទេសដែលជាសមាជិកនឹងមានឆន្ទៈក្នុងការតភ្ជាប់បណ្តាញសម្ព័ន្ធភាព និងធ្វើការជាមួយគ្នាបន្ថែមទៀត» ហើយវាគឺជាប្រទេសចិនដែលគំរាមគំហែងដល់សន្តិសុខតំបន់ទាំងមូលតែម្តង។
លោកបានមានប្រសាសន៍ថា មេរៀនដែលទីក្រុងប៉េកាំងគួរតែរៀនសូត្រវិញបាននោះគឺ «នៅពេលណាចិនកាន់តែរុញ នោះយើងកាន់តែនឹងឆ្ពោះទៅរកសន្តិសុខរួមគ្នា» បើទោះបីជាប្រទេសទាំងនោះមានទំនាក់ទំនងសេដ្ឋកិច្ចដ៏ជ្រាលជ្រៅជាមួយមហាយក្សចិនក៏ដោយ។
ទន្ទឹមនឹងនេះ លោក Shinichi Kitaoka សាស្ត្រាចារ្យជាន់ខ្ពស់សនៅសាកលវិទ្យាល័យតូក្យូ បានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់អាស៊ីអាគ្នេយ៍ ដោយលើកហេតុផលថា ប្រសិនបើប្រទេសចិនកាន់កាប់តំបន់នេះ ដែលវាជានៅចំកណ្តាលនៃបេះដូងឥណ្ឌូប៉ាស៊ីហ្វិក នោះសម្ព័ន្ធមិត្តចតុភាគី Quad នឹង «បែកបាក់ជាពាក់កណ្តាល»។
លោកបានសង្កត់ធ្ងន់ថា វាចាំបាច់ត្រូវផ្តោតលើប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយ «ចំណុចសំខាន់គឺត្រូវទាញឥណ្ឌូណេស៊ីជាប្រទេសធំជាងគេក្នុងតំបន់មកខាងយើងដោយខានមិនបាន» ត្បិតថា ការវិនិយោគ និងពាណិជ្ជកម្មរបស់ចិនកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏គ្មានប្រទេសណាមួយចង់ក្លាយជារដ្ឋដែលពឹងផ្អែកលើប្រទេសផ្សេងទៀតដែរ។ ម្យ៉ាងមិញទៀត «សម្ព័ន្ធមិត្តចតុភាគី Quad ក៏ដូចជា AUKUS គួរតែពង្រឹងទំនាក់ទំនងរបស់ជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ឱ្យកាន់តែមានភាពកក់ក្ដៅតាមគោលដៅស្នូលរបស់ខ្លួនក្នុងការរក្សាអធិបតេយ្យភាព ឯករាជ្យ សេរីភាព និងសន្តិសុខ» ជាដើម៕