មន្ត្រីជាន់ខ្ពស់រូបនេះ វាយតម្លៃថា បញ្ហានេះទំនងមកពីក្រុមហ៊ុនផលិត និងនាំចេញទាំងនោះពុំទាន់ចាប់អារម្មណ៍ទីផ្សារនាំចេញថ្មី ឬអាចគិតថា ការនាំចេញទៅទីផ្សារចាស់មានភាពល្អប្រសើរហើយ។ បើទោះបីយ៉ាងនេះក្តី ការនាំចេញទំនិញទៅប្រទេសគោលដៅទាំងនោះមានការកើនឡើងជាង២០% នៅ១ខែដំបូងដើមឆ្នាំ២០២២ នេះដែលមានទឹកប្រាក់ជិត៧០០លានដុល្លារអាមេរិក។
បើតាម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ប្រាប់ខេមបូណូមីសថា មកទល់ពេលនេះពុំទាន់មានការនាំចេញទំនិញទៅទីផ្សារអន្តរជាតិណាមួយធ្វើឡើងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP)នៅឡើយទេ ទោះបីកិច្ចព្រមព្រៀងទាំងពីរនេះបានចូលជាធរមានជាង១ខែក្តី។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះការនាំចេញទំនិញក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន(CCFTA) ពុំទាន់មានអ្នកនាំចេញមកស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ(CO) សម្រាប់នាំចេញនៅឡើយទេ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរខាងលើនេះចូលជាធរមានរួចមក»។
ជុំវិញការមិនទាន់មានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) សម្រាប់នាំចេញក្រោមកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានឯកឧត្តម ស៊ាង ថៃ លើកឡើងថា គឺអាចបណ្តាលមកពីអ្នកនាំចេញខ្លះមិនទាន់ចាប់អារម្មណ៍ក្នុងការនាំចេញទៅទីផ្សារថ្មី ឬកំពុងសិក្សាពីផលចំណេញ ទើបពួកគេមិនទាន់ហ៊ាននាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះ។ ម្យ៉ាងទៀត អាចមានអ្នកនាំចេញខ្លះគិតថា ការនាំចេញរបៀបចាស់ និងទៅទីផ្សារចាស់វាមានភាពល្អប្រសើរហើយជាដើម។
អ្នកនាំពាក្យរូបនេះបានគូសបញ្ចាក់ថា ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ នឹងខិតខំផ្សព្វផ្សាយពីផលប្រយោជន៍នៃការអនុវត្តកិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជាចិន និង RCEP ដល់អ្នកផលិត និងអ្នកនាំចេញ ដើម្បីជំរុញកំណើននាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះ។ តែយ៉ាងណា ឯកឧត្តមយល់ថា កិច្ចការនេះត្រូវការចំណាយពេលវេលាយូរបន្តិច។
ពាក់ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរនឹងដំណើរការបោះជំហានទៅមុខសន្សឹមៗ មិនដើរថយក្រោយនោះទេ។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ វានឹងជួយជំរុញកំណើននាំចេញរបស់កម្ពុជានៅឆ្នាំ២០២២ ឲ្យកាន់តែល្អប្រសើរ ជាពិសេស វាក៏នឹងជួយពង្រីកទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូកាន់តែធំជាងមុនផងដែរ។
ទោះបីគ្មានការនាំចេញណាមួយធ្វើឡើងក្រោមកិច្ចព្រមព្រៀងទាំងពីរខាងលើក្តី ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីរួមមានអូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងនូវែលសេឡង់នៅតែបង្ហាញភាពវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងរយៈពេលមួយខែដើមឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាទៅទីផ្សារគោលដៅទាំងនេះសម្រេចបានជិត៧រយលានដុល្លារអាមេរិក កើនឡើង២៣% ប្រមាណជិត១៣០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
ក្នុងនោះនាំចេញទៅទីផ្សារអាស៊ានសម្រេចបានជិត៥រយលានដុល្លារកើនឡើង៣៩%, ទីផ្សារអូស្ត្រាលីសម្រេចបានជិត១៣លានដុល្លារកើនឡើង២៧%, ចិនសម្រេចបានជិត៨២លានដុល្លារថយចុះ១២%, ជប៉ុនសម្រេចបានជាតិ៨៦លានដុល្លារថយចុះ៣%, កូរ៉េខាងត្បូងសម្រេចបានជាង១៩លានដុល្លារកើនឡើង១៧% និងនូវែលសេឡង់សម្រេចបានជាង១លានដុល្លារកើនឡើង៥១%៕