កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP) ហៅកាត់ RCEP នេះ គឺជាគំនិតផ្ដួចផ្ដើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីស សម្រាប់ការធ្វើសេចក្ដីសម្រេចចិត្ត ដែលបានប្រកាសឲ្យចាប់ផ្ដើមចរចាតាំងពីអំឡុងឆ្នាំ២០១២ មកម្លេះ នៅកម្ពុជា ដែលមានប្រទេសចូលរួមចរចាចំនួន១៦ ប្រទេស។ រួមមាន ប្រទេសសេដ្ឋកិច្ចខ្លាំងក្លា ដូចជា ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី ញូស៍ឡែន កូរ៉េខាងត្បូង រួមទាំងប្រទេស អាស៊ានទាំង១០ទៀត គឺ ព្រុយណេ សិង្ហបុរី ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ថៃ ភីលីពីន វៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
កិច្ចព្រមព្រៀង RCEP នេះ ត្រូវបានដឹងថា មានទំហំសេដ្ឋកិច្ចសរុបប្រមាណ ៣០% នៃទំហំសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល (គិតត្រឹមឆ្នាំ២០១៤) និងមានចំនួនប្រជាជនស្ទើរតែពាក់កណ្ដាលនៃចំនួនប្រជាជនពិភពលោកសរុបទៅហើយ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកធំមួយនេះក៏មានចំណែក៣១,៦ ភាគរយនៃផលិតកម្មពិភពលោក និងមាន២៨,៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក ព្រមទាំងមានមួយភាគប្រាំ នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក (គិតត្រឹមឆ្នាំ២០១៦) ផងដែរ។
គួរបញ្ចាក់ដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នេះ បើធៀបនឹងកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) គឺធំជាងកិច្ចព្រមព្រៀង CP TPP ទៅទៀត។ តួយ៉ាង កិច្ចព្រមព្រៀង CP TPP នេះ គ្របដណ្ដប់លើទំហំសេដ្ឋកិច្ចពិភពលោកតែ ១៦% ប៉ុណ្ណោះជាមួយនឹងចំនួនប្រជាជន៥០០ លាននាក់។
កិច្ចព្រមព្រៀង CP TPP មានប្រទេសសមាជិកចំនួន ១១ រួមមាន អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចសិកកូ ញ៉ូស័រឡែន ប៉េរូ សាំងហ្គាពួរ និងវៀតណាម នឹងបានចូលជាធរមានកាលពីថ្ងៃទី ៣០ខែធ្នូឆ្នាំ២០១៨។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL-MM) នៅខេត្តសៀមរាប កាលពីថ្ងៃទី ២ ខែកុម្ភៈ កន្លងទៅនេះ សម្ដេច តេជោ ហ៊ុន សែន លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មRCEP នេះ គឺជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុត នៅក្នុងតំបន់អាស៊ី នៅពេលអនាគតដ៏ខ្លីខាងមុខ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់វិបុលភាពសេដ្ឋកិច្ច ពិភពលោក។
សម្តេច ហ៊ុន សែន បានលើកឡើងទៀតថា របត់ពាណិជ្ជកម្មអន្តរជាតិ និងបញ្ហាប្រឈមមួយចំនួនដែលបង្កឡើងដោយប្រទេសមហាអំណាចធំៗ បាននិងកំពុងអូសទាញប្រទេសសមាជិកអាស៊ាន និងប្រទេសគាំទ្ររបបពាណិជ្ជកម្មសេរីក្នុងទិដៅ ផ្សេងៗគ្នា ប៉ុន្ដែយ៉ាងណាក៏ដោយ កម្ពុជា និងសមាជិកអាស៊ានទាំងអស់ នៅតែបន្ដធ្វើការជាមួយគ្នាដើម្បីស្វែងរកមូលដ្ឋាន និងទិសដៅ និងអត្ថប្រយោជន៍រួម។
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ទៀតថា កត្តាប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងប៉ូលសេដ្ឋកិច្ច ពិភពលោក ព្រមទាំងសារសំខាន់នៃការបង្កើតតំបន់ពាណិជ្ជកម្មសេរី RCEP នឹងប្រែក្លាយសេដ្ឋកិច្ចក្នុងតំបន់ អាស៊ី ឲ្យទៅជាប៉ូលសេដ្ឋកិច្ចស្នូល សំដៅជួយទប់ស្កាត់គោលនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្គ្រាមពាណិជ្ជកម្ម។
រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Hiroshige Seko បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើកិច្ចព្រមព្រៀង RCEP នឹងសម្រេចបានជាមួយគ្នានៅឆ្នាំនេះមែន នោះវានឹងបង្ហាញឲ្យឃើញថា ពិភពលោកពិតជានៅតែចង់បានក្របខណ្ឌពាណិជ្ជកម្មសេរីពហុភាគី។
តែយ៉ាងណា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀង RCEPនេះ ឥណ្ឌានៅតែមានការព្រួយបារម្ភ ពីហានិភ័យទាក់ទងការទម្លាក់ពន្ធនាំចូលទាប ដែលវាអាចនឹងធ្វើឲ្យទំនិញរបស់ចិននឹងហូរចូលដូចទឹកបាក់ទំនប់ ចូលមកក្នុងប្រទេសរបស់ខ្លួន ហើយវានឹងធ្វើឲ្យប្រទេសឥណ្ឌាមានឱនភាពពាណិជ្ជកម្មជាមួយចិន។
យ៉ាងណាក៏ដោយចុះ បើតាមប្រភពព័ត៌មាន ដែលបានឆ្លើយប្រាប់សារព័ត៌មានAsian Nikkei Review បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនៅរដ្ឋមន្ត្រីលើកទី៧ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL-MM) នៅខេត្តសៀមរាប នាពេលថ្មីៗនេះ គឺមិនមានការពិភាក្សាស៊ីជម្រៅនោះឡើយ។ ជាក់ស្ដែង មានកិច្ចព្រមព្រៀងតែចំនួន៧ ប៉ុណ្ណោះ ក្នុងចំណោមសំណើកិច្ចព្រមព្រៀងទាំង១៨ ត្រូវបានចុះហេត្ថលេខារួមគ្នា។ ដោយឡែក កិច្ចព្រៀមព្រៀងដែលនៅសល់ជាប់គាំងទាំងនោះគឺទាក់ទងនឹងចំណុចកាត់ពន្ធនាំចូល និងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce)។
សូមបញ្ជាក់ដែរថា មានប្រទេសមួយចំនួនដូចជា ថៃ ឥណ្ឌូនេស៊ី អូស្ត្រាលី និងឥណ្ឌា នឹងត្រូវមានការបោះឆ្នោតជាតិនាពេលនាពេលខាងមុខនេះ ដូច្នេះ វាបានធ្វើឲ្យកិច្ចចរចាRCEP ហាក់នៅមិនទាន់ច្បាស់លាស់ថានឹងសម្រេចបាន ឬមិនបាននៅឡើយ។ តែយ៉ាងណាបើតាមផែនការ ប្រទេសជាសមាជិកទាំងអស់នឹងឈានទៅបញ្ចប់កិច្ចចរចានេះ នៅក្នុងឆ្នាំ២០១៩នេះ៕