វិស័យស្រូវអង្ករ

កម្ពុជាចាប់ផ្តើមរួមគ្នាដោះស្រាយបញ្ហាក្នុងវិស័យស្រូវអង្ករឲ្យមានប្រសិទ្ធភាពឡើងវិញ


ធនាគារអភិវឌ្ឍន៍ជនបទ និង សហព័ន្ធស្រូវអង្ករកម្ពុជា បានរួមគំនិតគ្នា ដើម្បីជជែកពិភាក្សាបញ្ហាស្រូវអង្ករកម្ពុជាដើម្បីត្រៀមនៅរដូវប្រមូលផលឆ្នាំនេះ ក៏ដូចជាផែនការអនុវត្តន៍នៅឆ្នាំបន្តបន្ទាប់។ បញ្ហាធំៗចំនួន៤ ចំនុច ដែលត្រូវលើកយកមកពិភាក្សារួមគ្នានាពេលនេះរួមមាន ផលរបស់វិស័យស្រូវអង្ករកម្ពុជា នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ បញ្ហាទីផ្សារស្រូវ និង ការប្រមូលទិញស្រូវនាពេលបច្ចុប្បន្ន និង អនាគត។ ការផ្គត់ផ្គង់ភ្លើងដល់រោងម៉ាស៊ីនកិនស្រូវ និង ផលនៃគម្រោងវិនិយោគ ឃ្លាំង និង ឡត៍សម្ងួតរបស់ចិនផងដែរ។
ស្រូវអង្ករកម្ពុជា
ដោយ

ឯកឧត្តម កៅ ថាច អគ្គនាយក​នៃធនាគារ​អភិវឌ្ឍន៍​ជនបទ​បានឲ្យដឹងថា ការជជែកនេះ មិនត្រឹមតែ​បញ្ហាទីផ្សារ និងបញ្ហាគុណភាព​ផលិត​របស់​កសិករប៉ុណ្ណោះទេ ខាងសហព័ន្ធ​ស្រូវអង្ករ ក៏ដូចជាធនាគារ​អភិវឌ្ឍន៍ជនបទ​បានធ្វើការព្យាករ​ផងដែរ អំពីផល​ដែលទទួល​បានសម្រាប់​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាងកម្ពុជា ចិន និងកម្ពុជា កូរ៉េ នាពេលខាងមុខ​ដែលពាក់ព័ន្ធ​នឹងវិស័យ​ស្រូវអង្ករ​នេះតែម្តង។

ឯកឧត្តម កៅ ថាច បញ្ជាក់ថា អ្វីដែលជាបញ្ហា​ចោទ​នាពេលនេះគឺគុណភាព​ស្រូវដែល​កសិករផលិត​បានមាន​កម្រិតទាប​ជាងមុន​ពោលគឺគ្រាប់អង្ករ​ដើមដែល​ផលិត​បានមាន​បរិមាណ​ទទួលបាន​តិចជាង​មុននៅតំបន់មួយចំនួន និងមួយទៀត​សម្រាប់អង្ករ​ក្រអូបដែល​កសិករផលិតបាន​ដែរនោះ នៅតំបន់ខ្លះក៏បានប្រែក្លាយ​ទៅជាអង្ករ​ផ្សេងទៅវិញ ដោយសារ​តែបញ្ហាពូជ។

បញ្ហាពូជ​នេះសំខាន់ដែលត្រូវដោះស្រាយបន្ទាន់ បើមិនដូច្នោះទេ នៅពេល​អនាគត​ពិតណាស់តម្លៃ​ស្រូវកម្ពុជា​នឹងបន្ត​ធ្លាក់ចុះទៀតនៅក្នុងទីផ្សារ។

ជាមួយគ្នានេះ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ក៏បានឲ្យដឹង​ផងដែរថា​ នេះជាបញ្ហារួមដែល​យើងមើលឃើញ​ទាំងអស់គ្នា​សម្រាប់ធ្វើជា​កំណត់ហេតុដើម្បី​ដាក់ជូនទៅប្រមុខ​រាជរដ្ឋាភិបាល​ដើម្បីគាំទ្រ។ ឧកញ៉ា បញ្ជាក់ថា ការជជែក​រកដំណោះស្រាយនេះ គឺចង់ឲ្យអង្ករកម្ពុជា​ល្បីល្បាញឡើងវិញ ខណៈនៅឆ្នាំនេះអង្ករ​របស់កម្ពុជា​បាត់បង់​ម្ចាស់ជ័យលាភីលេខ១ ខណៈសំពៀត​តម្លៃទីផ្សារ​ពិភពលោក​ក៏កំពុង​ប្រកួតប្រជែងខ្លាំង។

របាយការណ៍ក្រសួងកសិកម្ម  ក្នុងរយៈពេល ​៩ខែ នៅឆ្នាំ២០១៩នេះ ​កម្ពុជាបាននាំចេញ​អង្ករ​ប្រមាណ ៤០ម៉ឺនតោន ​កើនឡើងប្រមាណតែជាង ​២ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។​ ក្នុងនោះ ប្រទេសចិន​ឈរក្នុង​លំដាប់កំពូល​តារាង​ក្នុងបរិមាណ​នាំចេញ ១៦ម៉ឺនតោន​ ខណៈអឺរ៉ុប​ មានជាង ១៣,៦ ម៉ឺនតោន ​ស្មើ និង ​ប្រទេស​អាស៊ាន ​មានប្រមាណ ៥,៣ ម៉ឺនតោន។

សូមជម្រាបថាកន្លងមក សហព័ន្ធស្រូវអង្ករ​ធ្លាប់បាន​ប្រកាសថា យ៉ាងហោចណាស់កម្ពុជា​ត្រូវការប្រាក់​ជាង ២៥០ លានដុល្លារ សម្រាប់ទិញ​ស្រូវមក​កិនកែច្នៃ​នាំចេញគ្រប់​គោលដៅ ប៉ុន្តែបើតាមឯកឧត្តមកៅ ថាច បច្ចុប្បន្នយើង​មិនទាន់​មានសមត្ថភាព​ទទួលបានប្រាក់​ដល់ជាង ២៥០លានដុល្លារ​នោះឡើយ។ ប៉ុន្តែ ឯកឧត្តម កៅ ថាច អគ្គនាយក​នៃធនាគារអភិវឌ្ឍន៍​ជនបទ បានអះអាងថា ប្រាក់ដែលធនាគារ​អភិវឌ្ឍន៍​ជនបទទទួលបាន​ពីរដ្ឋាភិបាល​ទាំងប៉ុន្មាន សម្រាប់ផ្តល់​ជាកម្ចីនៅ​ក្នុងវិស័យស្រូវអង្ករ​គឺពេលនេះ​បានបញ្ចេញ​ស្ទើតែអស់​ហើយប្រមាណ ៩៥ភាគរយ នៃទឹកប្រាក់​សរុប ៥០លានដុល្លារ។

ឯកឧត្តមបន្ថែមថា អ្វីដែលធ្វើឲ្យ​ការនាំចេញ​ជួបការ​លំបាកខ្លាំង​បំផុត គឺប្រព័ន្ធកូតានាំចេញ​ដែលជា ប្រព័ន្ធស្ថិតនៅក្រោម​ការគ្រប់គ្រង​មួយ​មានរបាំងច្រើន ដូចជា​ការយកវិធានការ​ផ្សេងៗ​មានបញ្ហា​គុណភាព និងបញ្ហា​សុវត្ថិភាពជាដើម ដែលនេះមិនស្ថិតនៅ​ក្នុងការធ្វើពាណិជ្ជកម្ម​សេរី​នោះឡើយ។ ដូច្នេះឯកឧត្តមសង្ឃឹមថា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីនេះ​នឹងមានការ​ចរចារទៅលើ​ប្រព័ន្ធ​កូតាបន្ថែមទៀត​ក្រៅពីរបាំងពន្ធគយ។

ប្រធានសហព័ន្ធ​ស្រូវអង្ករកម្ពុជា​លោក ឧកញ៉ា សុង សារ៉ន កាលពីថ្ងៃទី ២៨ វិច្ឆិកានេះ បាន​លើកឡើង​នៅក្នុង​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា លោក «សោកស្តាយ» ដល់​កសិករ ដោយសារតែ​ស្រូវធ្លាក់ថ្លៃ​នៅឆ្នាំនេះ។ 

លោកឧកញ៉ា សុង សារ៉ន បានអះអាង​យ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយ​ដល់កសិករ និង រោងម៉ាស៊ីន​កិនស្រូវ ដោយសារតម្លៃស្រូវផ្ការ​រំដួល​មានភាព​ធ្លាក់ថ្លៃ​ជាងឆ្នាំមុន ព្រោះតម្លៃអង្ករ​លើទីផ្សារអន្តរជាតិ​មានការប្រែប្រួល​ចុះតម្លៃ​ខ្លាំងក្នុងរយៈពេល​ជាងមួយខែនេះ ធ្វើឲ្យប្រទេស​នាំចូលមួយ​ចំនួនពន្យារ​ពេលទិញអង្ករ ដែលជះឥទ្ធិពល​អវិជ្ជមាន​ដល់ស្ថានភាព​ស្រូវប្រភេទ​ផ្ការំដួល» ។
លោកឧកញ៉ា បានសរសេរ​នៅលើបណ្តាញ​សង្គមហ្វេសប៊ុក​ផ្លូវការ​របស់​លោកទៀត​ថា ស្ថានភាពទីផ្សារ​អន្តរជាតិ​ហាក់មាន​លំនឹង​ឡើងវិញ​ក្នុងសប្តាហ៍នេះ ហើយការនាំចេញ​អាចមាន​សន្ទុះឡើង​វិញក្នុងខែ ធ្នូ ខាងមុខនេះ ។

ឧកញ៉ាបានស្នើសុំឲ្យ​សមាជិក​រោងម៉ាស៊ីន​កិនស្រូវ​បន្តទិញស្រូវ ហើយស្នើសុំឲ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង ធនាគារពាណិជ្ជ​ធ្វើការទម្លាក់​ថវិកា​ឲ្យរោងម៉ាស៊ីន​កិនស្រូវ និង សហគមន៍​កសិកម្ម​ដើម្បីទិញ​ស្រូវស្តុកទុក ។

លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់​យ៉ាងដូច្នេះថា «យើងត្រូវការ​ថវិកា​យ៉ាងតិច ២០០ លានដុល្លារ​ក្នុងមួយឆ្នាំ​ដើម្បីប្រមូល​ទិញស្រូវ​ពីបងប្អូន​ពូមីងកសិករ »។ 

ពាក់ព័ន្ធទៅវិស័យស្រូវអង្ករនេះដែរ រាជរដ្ឋាភិបាលថៃ នាពេល​ថ្មីៗនេះ បានសម្រេច​ដាក់ចេញ​នូវកញ្ចប់ថវិកា​ប្រមាណ៧០ ពាន់លានបាត ឬស្មើនឹង​ប្រមាណជាង ២.៣០០ លានដុល្លារអាមេរិក ដើម្បីសង្គ្រោះថ្លៃស្រូវ ខណៈដែលការច្រូតកា​ត់ប្រចាំឆ្នាំ ត្រូវបានគេ​មើលឃើញថា នឹងមានជន់ជោរ​ទីផ្សារ​នៅក្នុងខែនេះ។ នេះបើតាមការចុះផ្សាយ​ដោយសាព័ត៌មាន​បាងកកប៉ុស្ដិ៍នៅថ្ងៃនេះ។

លោក វិឆ័យ ភោជណាគីត អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្មផ្ទៃក្នុង បានឲ្យដឹងថា កិច្ចប្រជុំចុង​ក្រោយនៃអនុគណៈកម្មាធិការ គោលនយោបាយ និងការគ្រប់គ្រង ស្រូវអង្ករជាតិ ដែលដឹកនាំ​ដោយរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ គឺលោក ជូរិន ឡាក់សាណា វិស្សុត បានអនុម័ត​លើគម្រោង​ទ្រទ្រង់ថ្លៃស្រូវនេះ ក្នុងទំហំទឹកប្រាក់​សរុប ៧០ ពាន់លានបាត ឬស្មើនឹង​ប្រមាណ ជាង ២.៣០០ លានដុល្លារ​អាមេរិក។

កម្មវិធីគម្រោងកម្ចីនេះ នឹងត្រូវចូលជាធរមាន​ភ្លាមៗ ខណៈដែល​គណៈកម្មាធិការ​គោលនយោបាយ​ស្រូវអង្ករជាតិ ដែលដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី​ថៃ បានអនុម័ត​ជាគោលការណ៍​រួចហើយ៕

None



អត្ថបទបន្ទាប់


ក្រសួងការងារ ជំរុញអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់ ខណៈទីផ្សារការងារកំពុងខ្វះខាត

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជា ត្រូវការកម្លាំងពលកម្មជំនាញបន្ថែមទៀត នៅក្នុងវិស័យស…

វៀតណាម ស្រូបទាញការវិនិយោគផ្ទាល់ពីបរទេស បាន ៣២ ពាន់លានដុល្លារអាមេរិក នៅ ១១ខែ ឆ្នាំ២០១៩

ប្រទេសវៀតណាម ទទួលបានការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំទឹកប្រាក់ប្រមាណ៣២ ពាន់លានដុល្លារអាមេរិក នៅរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ កើនឡើង៣% ធៀប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ