ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល១០ខែឆ្នាំ២០១៧នេះ មានសរុបប្រមាណ ៦,២៧៦លានដុល្លារអាមេរិក ពោលគឺបានកើនឡើងរហូតដល់២៧% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០១៦។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ដែលបានចុះបញ្ចីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកំពុងមានសុពលភាពប្រតិបត្តិអាជីវកម្មមានចំនួន១,០៣៨ក្រុមហ៊ុន ក្នុងនោះ មាន៣២៤ក្រុមហ៊ុន ជាក្រុមហ៊ុនមកពីក្រៅប្រទេស ដូចជា ចិន កូរ៉េ វៀតណាម ជប៉ុន និងថៃជាដើម។ល។
ថ្លែងនៅក្នុងពិធីមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាជិកសមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកចូលរួមប្រមាណ១៦៨ក្រុមហ៊ុន និង៣០០ស្ដង់តាំងបង្ហាញ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានលើកឡើងថា បច្ចុប្បន្នសមាគមមានសមាជិកប្រមាណ១៤០ក្រុមហ៊ុនចូលរួម ដែលវាសបញ្ជាក់ឲ្យឃើញពីការរីកលូតលាស់ខ្លាំងក្លានៃវិស័យសំណង់របស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានគូសបញ្ជាក់ដែរថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងមានការពង្រីកសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំងឡើងៗ តួយ៉ាង ការរីកកើនឡើងនៃអគារពាណិជ្ជកម្ម អគារស្នាក់នៅរួម អគារខុនដូរប្រណីត ដែលបាននិងកំពុងសាងសង់ឡើងជាបន្តបន្ទាប់។
តួយ៉ាង គិតមកទល់ពេលនេះ សំណង់បុរីលំនៅដ្ឋាននៅរាជធានីភ្នំពេញ មានចំនួន១៨៨កន្លែង និងអគារខ្ពស់ៗមាន៩៧៩អគារ។ ហើយបើគិតត្រឹម៩ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៧៧៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង១,៥លានដុល្លារអាមេរិក។
លោក ហេង សុខឆាយ ប្រធានគ្រប់គ្រងម៉ាក និងដេប៉ូ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ ឃី ហ៊ួត បានលើកឡើងដែរថា នៅឆ្នាំនេះ កំណើននៃតម្រូវការសម្ភារសំណង់ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ធៀបនឹងឆ្នាំមុន ដោយសារតែមានក្រុមហ៊ុនវិនិយោគពីក្រៅប្រទេស ពិសេសក្រុមហ៊ុនចិន ដែលបាននិងកំពុងសាងសង់គម្រោងអគារធំៗជាច្រើននៅកម្ពុជា។
លោកបានកត់សម្គាល់ឃើញដែរថា មិនត្រឹមតែរាជធានីភ្នំពេញនោះទេ
ដែលកំពុងមានតម្រូវការគ្រឿងសំណង់ច្រើន
នៅតាមបណ្ដាខេត្តផ្សេងទៀតក៏មានតម្រូវខ្លាំងផងដែរ ដូចជាខេត្តសៀមរាប ព្រះសីហនុ
បាត់ដំបង បន្ទាយមានជ័យ និងកំពង់ចាមជាដើម។
សូមបញ្ជាក់ដែរថា បច្ចុប្បន្នវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា មានការវិនិយោគមកពី១៨ប្រទេស ដោយក្នុងនោះ ប្រទេសចិននៅតែឈរលំដាប់នាំមុខគេ បន្ទាប់មកកូរ៉េខាងត្បូង និងជប៉ុន៕