រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់កូរ៉េលោក ឆូ ឃ្យុងហូ (Choo Kyung-ho) បានពិភាក្សាពីរបៀបវារៈជាមួយទេសាភិបាលធនាគារកូរ៉េលោក រី ឆាងយ៉ុង (Rhee Chang-yong) និងមន្ត្រីកំពូលនៃអាជ្ញាធរហិរញ្ញវត្ថុនៅព្រឹកថ្ងៃចន្ទនេះដើម្បីដោះស្រាយភាពស្រពិចស្រពិលជាសកលរួមទាំងការកើនឡើងនៃការប្រែប្រួលនៅក្នុងទីផ្សារមូលបត្របំណុលសហរដ្ឋអាមេរិក។
ក្រសួងហិរញ្ញវត្ថុកូរ៉េបាននិយាយថា ក្រុមអ្នកបង្កើតគោលនយោបាយសំខាន់ៗបានប្តេជ្ញាចាត់វិធានការដើម្បីគ្រប់គ្រងស្ថិរភាពទីផ្សារប្រសិនបើចាំបាច់ខណៈដែលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពពាក់ព័ន្ធមួយចំនួនគ្រប់ម៉ោងនិងពេលវេលាទាំងអស់។
ទន្ទឹមនឹងនេះក្រសួងនេះក៏បានកត់សម្គាល់ដែរថា ធនាគារកណ្ដាលកូរ៉េខាងត្បូងបានត្រៀមទុកថវិកាប្រមាណ២៩៧លានដុល្លារអាមេរិកដើម្បីទប់ទល់នឹងវិបត្តិអចលនទ្រព្យរបស់ប្រទេសចិនក្រោយពីក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande Group បានដាក់ពាក្យសុំក្ស័យធននៅអាមេ រិកកាលពីសប្តាហ៍មុនខណៈតួអង្គសំខាន់មួយទៀតគឺ Country Garden កំពុងជួបបញ្ហាបំណុល។
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យបានបង្កើតក្រុមការងារពិសេសមួយដើម្បីបង្កើនការតាមដានរបស់ខ្លួនជុំវិញការព្រួយបារម្ភពីសេដ្ឋកិច្ចរបស់ចិនដោយសារតែបញ្ហាអចលនទ្រព្យនៅចិនបានធ្វើឱ្យបញ្ហាសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។
មន្ត្រីម្នាក់មកពីក្រសួងហិរញ្ញវត្ថុកូរ៉េបាននិយាយថា ដោយហេតុតែសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងកាន់តែមានភាពរសើបចំពោះបញ្ហាទាក់ទងនឹងប្រទេសចិននោះដូច្នេះហើយពួកគេកំពុងពង្រឹងការតាមដានពីបញ្ហាពាក់ព័ន្ធមួយចំនួន។
ចំណែកចិនខ្លួនឯណោះវិញក៏បានកាត់បន្ថយអត្រាការប្រាក់កម្ចីសំខាន់ៗម្ដងទៀតក្នុងបំណងបង្កើនសេដ្ឋកិច្ចនៅចំពេលការចំណាយលើទំនិញប្រើប្រាស់កំពុងធ្លាក់ចុះ និងមានសញ្ញាថ្មីនៃភាពតានតឹងនៅក្នុងវិស័យអចលនទ្រព្យផងដែរ។
នៅក្នុងការផ្លាស់ប្តូរដ៏ទូលំទូលាយនេះ ធនាគារកណ្ដាលរបស់ចិនបានកាត់បន្ថយ០.១០%នូវអត្រាការប្រាក់កម្ចីរយៈពេល១ឆ្នាំឱ្យមកនៅត្រឹម៣.៤៥%ដើម្បីប្រឹងប្រែងបន្ធូរបន្ថយថ្លៃដើមកម្ចីសម្រាប់អាជីវកម្មខណៈដែលធនាគារនេះបានរក្សាអត្រាការប្រាក់រយៈពេល៥ឆ្នាំក្នុងកម្រិត៤.២%សម្រាប់តែកម្ចីទិញផ្ទះ។
ក្រុមហ៊ុនមូលធនសេដ្ឋកិច្ច (Capital Economics) នៅចក្រភពអង់គ្លេសបាននិយាយក្នុងកំណត់ហេតុមួយក្រោយពីការកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ចិននេះថា វិធានការនេះបានបង្ហាញថា ធនាគារកណ្ដាលរបស់ចិនកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពគ្នារវាងឆន្ទះក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនិងការព្រួយបារម្ភរបស់ធនាគារនេះដែលកំពុងរងផលប៉ះពាល់ពីការកាត់បន្ថយអត្រាការប្រាក់និងការធ្លាក់ចុះប្រាក់ចំណេញ៕
អត្ថបទ៖ សុខ ជា