លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដ៏ចាស់វស្សាជាងគេមួយ នៅកម្ពុជា បានធ្វើការកត់សម្គាល់ឃើញថា ដោយសារតែបញ្ហានៃការរីករាលដាលឆ្លងនៃវីរុសកូវីដ១៩ នៅកម្ពុជា បានធ្វើឲ្យសកម្មភាពទិញដូរអចលនទ្រព្យបច្ចុប្បន្ន ហាក់បីដូចជាមានការថមថយកម្លាំងចុះ ជាងពេលធម្មតាដែលមិនទាន់មានវិបត្តិកូវីដ១៩ កើតឡើង និង ចលនានៃការទិញលក់មានភាពស្ងប់ស្ងាត់បន្តិច។
ឧកញ៉ា ចេង ខេង បន្តថា នៅពេលនេះ ទាំងអ្នកលក់ និងអ្នកទិញសុទ្ធតែប្រយ័ត្នការពារជំងឺរៀងៗខ្លួន បានន័យថា យើងមិនហ៊ានទៅជួបគេ គេក៏មិនហ៊ានមកជួបយើងដែរ។
ប៉ុន្តែ យ៉ាងណាក៏ដោយ លោកប្រធានក្រុមប្រឹក្សាភិបាលសមាគមអចលនទ្រព្យកម្ពុជា រូបនេះ នៅតែអះអាងថា ស្ងប់ស្ងាត់មិនមានន័យថា គ្មានសកម្មភាពទិញលក់ ឬដោះដូរដីធ្លី ផ្ទះសម្បែងនោះទេ ពោលគឺនៅតែមាន ហើយនេះជាឱកាសល្អសម្រាប់អ្នកទិញ ដែលពួកគេមានការសម្រេចចិត្តទិញលឿនជាង នៅពេលដែលទីផ្សារអចលនទ្រព្យកើនឡើងល្អទៅទៀត។
មិនខុសពីឧកញ៉ា ចេង ខេង ទេ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា មេរោគកូវីដ១៩ កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗហើយ មកលើវិស័យអចលនទ្រព្យនៅកម្ពុជា ដែលគិតមកដល់ពេលនេះ ចរន្តទិញពីទីផ្សារអន្តរជាតិ គឺមានសភាពស្ងប់ស្ងាត់ខ្លាំង ប៉ុន្តែ ចរន្តទិញរបស់វិនិយោគិនក្នុងស្រុកនៅបន្តទិញដូរជាហូរហែ ដែលពួកគាត់គិតថា នេះនៅតែជាឱកាសសម្រាប់ការវិនិយោគ។
លោកបញ្ជាក់ថា ចរន្តនៃការទិញដូរអចលនទ្រព្យមានការថយចុះក៏ពិតមែន ក្នុងពេលនេះ តែយ៉ាងណា លក្ខខណ្ឌសម្រាប់ការទូទាត់ហាក់មានភាពល្អប្រសើរ ដោយអ្នកទិញអាចចរចាចំពោះការសងប្រាក់មានរយៈពេលវែង បានពី ៨ខែ ទៅ ១ឆ្នាំ។
លោកបន្តថា ក្នុងអំឡុងពេលនេះ អ្នកមានប្រាក់ក្នុងដៃជាឱកាសល្អហើយ ប៉ុន្តែ យ៉ាងណា ឥទ្ធិពលកូវីដ១៩នេះ ទើបតែចាប់ផ្តើមទេ ដូច្នេះ ក្នុងរយៈដ៏ខ្លីខាងមុខ វិស័យនេះវាអាចនឹងបន្តធ្លាក់កាន់តែខ្លាំង ទាំងសកម្មភាពទិញដូរ ក៏ដូចជា សកម្មភាពអភិវឌ្ឍន៍។
លោកបានឲ្យដឹងទៀតថា តម្រូវការទិញដូរអចលនទ្រព្យដែលថា នៅមានតម្រូវការខ្លះៗនោះ គឺមានតែនៅរាជធានីភ្នំពេញ និងបណ្តាខេត្តសក្តានុពលតែប៉ុណ្ណោះ ប៉ុន្តែ ចំពោះអចលនទ្រព្យដែលស្ថិតនៅទីតាំងឆ្ងាយៗ គឺមិនមានការទិញដូរទៀតឡើយ នៅពេលនេះ។
ប៉ុន្តែទោះជាយ៉ាងណា បើតាមលោក ច្រឹក សុខនីម វិស័យអចលនទ្រព្យពេលនេះមិនអាចនិយាយថា មិនដំណើរការសកម្មភាពទាំងស្រុងនោះទេ ពោលគឺនៅមានសកម្មភាពខ្លះៗ តែក្នុងល្បឿនមួយយឺត និងជាឱកាសសម្រាប់អ្នកមានសាច់ប្រាក់ក្នុងដៃដើម្បីវិនិយោគទទួលបានផលចំណេញ បន្ទាប់ពីស្ថានភាពត្រូវបានល្អប្រសើរឡើងវិញ។
លោក ច្រឹក សុខនីម បញ្ជាក់ថា មកដល់ពេលនេះ តម្លៃអចលនទ្រព្យនៅតែរក្សាតម្លៃដដែល ទាំងនៅរាជធានីភ្នំពេញ និងខេត្តសក្តានុពល និងចំពោះការអភិវឌ្ឍវិញសម្រាប់គម្រោងថ្មីៗ គឺមិនសូវឃើញមានទៀតឡើយ ប៉ុន្តែ អ្វីដែលយើងមើលឃើញ គឺសកម្មភាពសាងសង់ ដែលមានភាគច្រើន ជាគម្រោងមិនទាន់បានបញ្ចប់ពីមុនប៉ុណ្ណោះ៕