លោក គ្រីស ភីលហ្គ្រីម (Chris Pilgrim) នាយកគ្រប់គ្រងទីផ្សារមូលធនសកល (Global Capital Markets ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យកាណាដា Colliers បានលើកឡើងថា របាយការណ៍ទស្សនវិស័យវិនិយោគិនសកលឆ្នាំ២០២៥ របស់ក្រុមហ៊ុននេះបានព្យាករថា បណ្ដាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅអាស៊ី-ប៉ាស៊ីហ្វិក នឹងមានទំនុកចិត្តច្រើនជាងមុននៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RETALK ASIA។
ការស្ទង់មតិលើអ្នកវិនិយោគនៅអាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញថា ៦៩% នៃអ្នកឆ្លើយនៅក្នុងការស្ទង់មតិខាងលើនេះគ្រោងបោះទុនវិនិយោគជាង៣០% នៃទ្រព្យសកម្មរបស់ខ្លួននៅទូទាំងពិភពលោកទៅលើអចលនទ្រព្យក្នុងរយៈពេល៥ឆ្នាំខាងមុខ, ៦៨%រំពឹងថា សេដ្ឋកិច្ចក្នុងតំបន់នឹងសម្រេចបានកំណើនប្រកបដោយភាពវិជ្ជមាន, ៦៧%គ្រោងបោះទុនវិនិយោគនៅអាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២៥ ដោយវិស័យឧស្សាហកម្ម និងការិយាល័យជាជម្រើសកំពូលរបស់ពួកគេ, ៦១% គ្រោងបោះទុនវិនិយោគលើវិស័យឧស្សាហកម្ម និងការិយាល័យ ហើយជិត៩០% រំពឹងថា ការិយាល័យដែលអនុលោមតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នឹងឡើងថ្លៃក្នុងរយៈពេល៣ឆ្នាំខាងមុខ។
ទន្ទឹមនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg នៅថ្ងៃទី២១ ខែវិច្ឆិកា នេះបានបង្ហាញថា តម្លៃអចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋាននៅទីផ្សារសំខាន់ៗរបស់អាស៊ី ដូចជាហុងកុង សិង្ហបុរី អូស្ត្រាលី និងជប៉ុនជាដើម ត្រូវបានព្យាករថា នឹងហក់ឡើងថ្លៃនៅក្នុងឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។
ហើយងាកមកមើលមហាយក្សចិន ឯណេះវិញត្រូវបានព្យាករថា ទីផ្សារអចលនទ្រព្យកំពុងជាប់ផុងក្នុងវិបត្តិ តែអាចនឹងមានស្ថិរភាពឡើងវិញនៅឆ្នាំ២០២៥ ដែលនេះអាចជាដំណឹងដ៏ល្អមួយសម្រាប់តំបន់ព្រោះប្រទេសនេះមានសេដ្ឋកិច្ចធំសម្បើមណាស់។ ទោះជាយ៉ាងណា វិស័យអចលនទ្រព្យចិន នឹងនៅតែមានកម្រិតកំណើនទាបនៅច្រើនឆ្នាំទៅមុខទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC៕
ដោយ: តែម សុខុម