វិស័យ SME នៅកម្ពុជា

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ជំរុញឲ្យ SME ចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍គាំទ្រពីរដ្ឋ


មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាទាំងអស់ បង្កើនការចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីបង្កភាពងាយស្រួលដល់រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើន ខណៈ បច្ចុប្បន្ន មានសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា ជាច្រើនទៀត ដែលមិនទាន់បានចុះបញ្ជី។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិ នៅពេលដែល សហគ្រាសធុនតូច និងមធ្យម បានចុះបញ្ជីក្នុងប្រព័ន្ធត្រឹមត្រូវ នោះពួកគេនឹងអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងមានភាពងាយស្រួលក្នុងការទទួលបានកម្ចីហិរញ្ញប្បទានផងដែរ។

ថ្លែងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៨ ឆ្នាំ២០២១ ស្ដីពី«បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា វិស័យ SME បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ហើយការអភិវឌ្ឍវិស័យ SME ក៏នឹងរួមចំណែកផងដែរដល់ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការបង្កើនការផ្គត់ផ្គង់ ដើម្បីបំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូលទំនិញប្រើប្រាស់មួយចំនួនពីបរទេស និងការបង្កើតឱកាសការងារក្នុងស្រុក។

បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩៩% នៃសហគ្រាសសរុប ដែលបានរួមចំណែកជិត៦០% នៃផលិតផលក្នុងស្រុក និងបង្កើតការងារជាង៧០% នៃកម្លាំងពលកម្ម។ ក៏ប៉ុន្តែ វិស័យ SME នៅកម្ពុជា បច្ចុប្បន្ន ហាក់នៅមានកម្រិត និងមានបញ្ហាប្រឈមជាច្រើន ដែលអាចជាឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 

ជុំវិញទៅនឹងបញ្ហានេះ បើតាមលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាបានលើកឡើងថា បញ្ហាប្រឈមក្នុងវិស័យ SME មានដូចជា ការខ្វះខាតជំនាញគ្រប់គ្រង និងពលកម្មជំនាញ ការខ្វះខាតប្រភពទុន និងលទ្ធភាពទទួលបានហិរញ្ញវត្ថុផ្លូវការ  ខ្វះខាតផ្នែកព័ត៌មានទីផ្សារទាំងក្នុងស្រុកនិងទីផ្សារនំាចេញ ការប្រកួតប្រជែងពីសហគ្រាសធំៗ និង ពីការនាំចូលទំនិញពីបរទេស ជាដើម។

លើសពីនេះ ការរាលដាលនៃជំងឺកូវីដ-១៩ ក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើអាជីវកម្មរបស់ SME ស្របពេលដែលភាគច្រើននៃសហគ្រាសទំាងអស់នោះ ស្ថិតក្នុងវិស័យក្រៅប្រព័ន្ធ ដែលធ្វើឱ្យរាជរដ្ឋាភិបាលពិបាកគ្រប់គ្រងទិន្នន័យ ដើម្បីដាក់ចេញនូវគោលនយោបាយទ្រទ្រង់និងគាំទ្រដល់ការអភិវឌ្ឍ SME ឱ្យបានពេញលេញ។ ម៉្យាងទៀត វិបត្តិជំងឺកូវីដ-១៩ បានពន្លឿនការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងរបៀបទំនាក់ទំនង ដោយក្នុងនោះការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្ម និង ការជួញដូរកាន់តែមានភាពពេញនិយម ដែលទាមទារវិស័យ SME ត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួនឆ្លើយតបនឹងស្ថានភាពថ្មីនេះ ផងដែរ។

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាលោកជំទាវ ជា សិរី មានសុទិដ្ឋិនិយមថា ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសេដ្ឋកិច្ចនឹងក្លាយជាកត្តាស្នូលមួយ ក្នុងការលើកស្ទួយការអភិវឌ្ឍ SME ដោយលោកជំទាវបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទូលំទូលាយ SME អាចនឹងទទួលបានព័ត៌មានឆាប់រហ័សពីតម្រូវការទីផ្សារ និងលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុផ្លូវការ តាមរយៈការកាត់បន្ថយបញ្ហាកង្វះព័ត៌មានជាក់លាក់ពី SME ដែលកន្លងមក បានធ្វើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនមានភាពរារែកក្នុងការផ្តល់កម្ចីដល់ SME។

ទោះយ៉ាងណា ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាមិនមែនជាកិច្ចការងាយស្រួលនោះទេ ដោយទាមទារនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យបានទូលំទូលាយ គួបផ្សំនឹងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលរបស់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម និងជំនឿទុកចិត្តរបស់សាធារណជនទូទៅមកលើប្រព័ន្ធឌីជីថលផងដែរ ដែលទាំងអស់នេះ ទាមទារនូវការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។ នេះជាការបញ្ជាក់បន្ថែមរបស់លោកជំទាវ ជា សិរី។

ដោយឡែក ក្រុមអ្នកជំនាញនៃវិស័យផ្សេងៗ និងស្ថាប័ន ពាក់ព័ន្ធ សុទ្ធតែបានយល់ឃើញថា វិស័យ SME នៅកម្ពុជា នាពេលបច្ចុប្បន្ន ហាក់នៅមានកម្រិត នៅឡើយ និងមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យម្ចាស់អាជីវកម្មត្រូវពង្រឹងបន្ថែមនូវចំណេះដឹង និងសមត្ថភាព ក៏ដូចជា គុណភាពនៃការផលិត ដើម្បីអាចប្រកួតប្រជែងនិងចាប់យកឱកាសទីផ្សារ។ ជាមួយគ្នានោះ ក្រុមអ្នកជំនាញ ក៏មានក្ដីរំពឹងដែរថា នៅប៉ុន្មានឆ្នាំខាងមុខ វិស័យ SME នឹងកាន់តែរីកចម្រើន និងចូលរួមកាន់តែខ្លាំង ក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលហេតុអ្វីខ្លះបានជាធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចព្រួយបារម្ភពីកំណើនប្រាក់កម្ចីក្នុងវិស័យសំណង់កើនឡើងខ្ពស់ទៅវិញ?

ព័ត៌មាន
ទំហំប្រាក់កម្ចីនៅក្នុងវិស័យសំណង់ និង អចលនទ្រព្យ មានការកើនឡើងជាង ៣០% នៅរយៈពេល៩ខែដំបូងក្នុងឆ្នាំ២០២១ វាបានឆ្លុះបញ្ចំាងពីភាពរីកចម្រើននៃវិ…

កម្ពុជានាំចេញផលិតផលកសិកម្មទៅវៀតណាមតម្លៃជាង ៣,៧ពាន់លានដុល្លារ នៅ១១ខែឆ្នាំ២០២១

ព័ត៌មាន
នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចេញ-ចូល ផលិតផលកសិកម្ម រវាងកម្ពុជា និងវៀតណាមសម្រេចបាន ប្រមាណជាង ៣ពាន់លានដុល្លារដូច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ