លោក ឌិន សុមេធារិទ្ធ បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំដាក់ឈ្មោះថា ភូមិផ្កាត្រកួន ដោយសារ នៅទីនេះ សម្បូរបន្លែត្រកួនដែលផ្កាវារីកព្រោងព្រាត។ គម្រោងនេះគឺជាការចាប់ផ្តើមដំបូងគេនៅកម្ពុជា ហើយខ្ញុំចង់ពង្រីកគម្រោងបែបនេះនៅថ្ងៃអនាគត ឲ្យបានច្រើននៅជុំវិញជាយក្រុងប្រហែល៣០គីឡូម៉ែត្រពីភ្នំពេញ»។
លក្ខណៈពិសេសរបស់ភូមិផ្កាត្រកួន ត្រូវបានស្ថាបនិកគម្រោងខាងលើ អះអាងថា បានរៀបចំយ៉ាងល្អឥតខ្ចោះ ដោយបានជួលអ្នករចនាជំនាញ (Designer) អស់ទឹកប្រាក់៥ម៉ឺនដុល្លារអាមេរិក ដើម្បីបង្កើតភូមិផ្កាត្រកួននេះ ឲ្យមានស្តង់ដារក្នុងការរស់នៅបែបធម្មជាតិ ដោយក្នុងនោះ មានហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក និងភ្លើងគ្រប់គ្រាន់ មានផ្ទះលក្ខណៈបែបខ្មែរ សួនច្បារដ៏ធំនៅជុំវិញបឹងធម្មជាតិ រមណីយដ្ឋាន ភោជនីយដ្ឋាន មន្ទីរពេទ្យ សាលារៀន ផ្សារលក់បន្លែធម្មជាតិ ផ្សារចុងសប្តាហ៍ អាងហែលទឹក កន្លែងសម្ដែងសៀក កន្លែងបោះតង់ កន្លែងប្រជុំ កន្លែងរៀបចំពិធីអាពាហ៍ពិពាហ៍ កន្លែងប្រតិបត្តិសាសនា កន្លែងជិះកង់ កន្លែងជិះខ្សែកាប និងកន្លែងទស្សនាសត្វកុក ព្រមទាំងមានទីធ្លាសមល្មមអាចដាំបន្លែនៅតាមផ្ទះនីមួយៗបានទៀត។
លោក ឌិន សុមេធារិទ្ធ បញ្ជាក់ពីមូលហេតុដែលលោកបង្កើតគម្រោងនេះយ៉ាងដូច្នេះថា៖ «ខ្ញុំបង្កើតគម្រោងនេះ គឺចង់ធ្វើជាគម្រោងមួយដែលជាគំរូ ថា អ្វីទៅជា Park?។ គេច្រើនច្រឡំថា Park ជា Garden តែ Park ជាសួនធំណាស់។ យើងឃើញសួនច្បារនៅវិមានឯករាជ្យ យើងនាំគ្នាហៅថា Park តាមពិត ជា Garden ទេ ព្រោះ វានៅតូចណាស់។ ខ្ញុំដើរទៅស្រុកគេច្រើន គម្រោងធម្មជាតិបែបនេះ ខ្ញុំមើលឃើញនៅប្រទេសថៃមានច្រើន។ ចំណែក នៅចក្រភពអង់គ្លេស ជាប្រទេសដែលសម្បូរសួនច្បារធំៗ ដែលគេបន្សល់ទុកមករាប់រយឆ្នាំមកហើយ…»។
លោកបន្តថា៖ «មូលហេតុមួយទៀត គឺម្តាយខ្ញុំ និងកូនខ្ញុំ ពួកគេចូលចិត្តសួនច្បារខ្លាំងណាស់។ កូនខ្ញុំ ពេលចុងសប្តាហ៍ វាតែងបបួលខ្ញុំទៅពិកនិចក្បែរពេជ្រនិល ប៉ុន្តែ វាឆ្ងាយពីក្រុងណាស់។ ដូច្នេះទើបខ្ញុំបង្កើតគម្រោងនេះឡើងនៅជាយក្រុងភ្នំពេញ ព្រោះ បើកូនខ្ញុំ និងម្តាយខ្ញុំចូលចិត្តរស់នៅបែបហ្នឹង អ្នកផ្សេងទៀត ក៏ចូលចិត្តបែបហ្នឹងដែរ»។
លោក ឌិន សុមេធារិទ្ធ ដែលជាស្ថាបត្យករ និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ក្នុងវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច បានលម្អិតថា គម្រោងដែលមានផ្ទៃដីជាង ១៤ហិកតានេះ លោកកំពុងពុះដីឡូតិ៍ទំហំជាង ៤០០ម៉ែត្រក្នុងមួយឡូតិ៍លក់ឲ្យពលរដ្ឋដែលមានជីវភាពធូរធារក្នុងតម្លៃជាង ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងគ្រោងសាងសង់គម្រោងនេះ នៅក្រោយចូលឆ្នាំខ្មែរ ព្រមទាំងសាងសង់សំណង់សំខាន់ៗក្នុងគម្រោងនេះឲ្យហើយនៅចុងឆ្នាំ២០១៨។
លោកបន្ថែមថា បច្ចុប្បន្ន ដីជាង១៤ហិកតានៅឃុំប្រទាល ស្រុកស្អាង គឺជាដីចម្ការស្វាយ និងបឹងធម្មជាតិ ដែលជាកម្មសិទ្ធិរបស់លោក ប៉ុន្តែ ការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅក្រោយចូលឆ្នាំខ្មែរ។
គម្រោងរបស់លោក ត្រូវបានអតិថិជនទូទៅ និងអ្នកមានមុខមានមាត់មួយចំនួនក្នុងសង្គម គាំទ្រនិងបង់ប្រាក់ទិញដីឡូតិ៍ ព្រោះ គេទុកចិត្តលើលោក បើទោះបីការដ្ឋានសាងសង់មិនទាន់ចាប់ផ្តើមនៅឡើយក៏ដោយ៕