យ៉ាងណាក៏ដោយ អ្នកជំនាញបានអះអាងថា ចំនួននេះនៅតិចតួចនៅឡើយទេ ដោយមិនទាន់អាចឆ្លើយតបទៅនឹងកំណើនតម្រូវការពីសំណាក់អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋទូទៅ ខណៈកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំជុំវិញ ៧% និងចំនួនប្រជាជនកាន់តែកើនឡើងខ្លាំង ជាពិសេស នៅក្នុងរាជធានីភ្នំពេញ។
គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនផ្សារទំនើបបែបបស្ចិមប្រទេសនៅកម្ពុជា មានប្រមាណ ១៣ផ្សារទំនើប ស្មើនឹងជាង ៣៧ម៉ឺនម៉ែត្រការ៉េ។ ចំនួននេះ រាប់ទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ហើយខេត្តដែលទើបរីកចម្រើនខ្លាំងនូវផ្សារទំនើប គឺខេត្តសៀមរាប និងបន្តទៀត រីករាលដាលទៅដល់ខេត្តព្រះសីហនុ។
ជុំវិញនឹងការវិនិយោគផ្សារទំនើបដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជានេះដែរ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជា អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ស៊ី ភី អិល បានគូសបញ្ជាក់ថា ការបង្កើតផ្សារទំនើបដ៏ច្រើនបែបនេះ គឺជាពេលវេលាសមស្រប និងជាការគ្រោងទុករបស់អ្នកវិនិយោគ សម្រាប់ត្រៀមឆ្លើយតបទៅនឹងកំណើនប្រជាជន និង ការអភិវឌ្ឍទីក្រុង និងប្រទេសជាតិទាំងមូលផងដែរ។
លោកឧកញ៉ា ចេង ខេង បានបន្តថា រាល់គម្រោងនៃការបង្កើតផ្សារទំនើបទាំងអស់ មិនថាតែស្ថិតនៅក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានាទេ គឺពិតណាស់នឹងធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះ ឡើងថ្លៃជាងតំបន់មិនមានការអភិវឌ្ឍ។
អ្នកនាង ពៅ ធីតា ប្រធានផ្នែកទីផ្សារលក់រាយនៃក្រុមហ៊ុនអចលនទ្រព្យ CBRE បានឲ្យដឹងថា និន្នាការបង្កើតផ្សារទំនើបនៅកម្ពុជាបន្តកើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាក់ស្តែង នៅចុងឆ្នាំនេះដែរ មានផ្សារទំនើបថ្មីមួយទៀតដែលវិនិយោគដោយចិនតៃវ៉ាន់ នឹងបើកឲ្យដំណើរការដែរ ដែលនេះគឺជាកំណើនមួយដ៏ល្អសម្រាប់ពាណិជ្ជករ និងប្រជាពលរដ្ឋ ដែលនឹងទទួលបានឱកាសវិនិយោគនិងការកម្សាន្ត។
បើតាមអ្នកនាង ពៅ ធីតា ការរាំងស្ទះកន្លងមកនៃគម្រោងផ្សារទំនើបមួយចំនួនដែលមិនអាចដំណើរការអាជីវកម្មរបស់ខ្លួនទាន់ពេលវេលាបាន គឺមិនមែនមកពីកត្តានៃការផ្គត់ផ្គង់លើសតម្រូវការទីផ្សារនោះឡើយ ប៉ុន្តែ បញ្ហាចម្បងជាសំខាន់ គឺបញ្ហាផ្ទៃក្នុងនៃគម្រោងអាជីវកម្មផ្សារទំនើបតែប៉ុណ្ណោះ៕