មនុស្សរាប់រយនាក់មានគ្រប់វ័យទាំងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាបានចូលរួម ក្នុងកម្មវិធីជប់លៀងមានឈ្មោះថា “Street Fiesta”នេះកាលពីល្ងាចថ្ងៃសោរ៍សប្ដាហ៍មុនដែលកម្មវិធីនេះត្រូវបានរៀបចំដោយ គម្រោងខុនដូ Urban Village និង មជ្ឈមណ្ឌល Factory Phnom Penh ក្នុងគោលបំណងដើម្បីអបអរសារទរទៅដល់ការដាក់សម្ពោធជាផ្លូវការ នៃទីធ្លាហាងទំនិញ Retail Street នៅក្នុងសហគមន៍គម្រោងខុនដូ Urban Village។
ពាក្យ Fiesta គឺជាពាក្យក្នុងភាសាអេស្ប៉ាញ។ សម្រាប់ប្រទេសអេស្ប៉ាញ និងប្រទេសផ្សេងៗទៀតដែលប្រើប្រាស់ ភាសាអេស្ប៉ាញជាភាសាផ្លូវការជាពិសេសតំបន់អាមេរិចឡាទីន ពាក្យ Fiesta មានន័យថាគឺជាការប្រារព្ធពិធីជប់លៀង ជាសាធារណៈដោយមានសកម្មភាពកម្សាន្ដផ្សេងៗគ្នាជាច្រើន។ ជារៀងរាល់ឆ្នាំពិធីជប់លៀងបែបសាធារណៈនេះ បានទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីជុំវិញពិភព លោកដើម្បីរីករាយកម្សាន្ដជាមួយគ្នា ហើយ ក្នុងពេលជាមួយគ្នានោះពួកគេអាចរៀនសូត្រពីវប្បធម៌ផ្សេងៗគ្នាផងដែរ។
ទីធ្លាហាងទំនិញ Retail Street មានទីតាំងនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃ ប្រឌិតធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទីធ្លាហាងទំនិញ Retail Street ស្ថិតនៅជាប់ជាមួយគម្រោងខុនដូ Urban Village ហើយនៅទីនេះផ្ទាល់មាន ហាងលក់ទំនិញ អាជីវកម្ម និង បរិក្ខារផ្សេងៗជាច្រើន ដូចជា ហាងលក់សម្ភារកីឡា ហាងច្នៃម៉ូតសំលៀកបំពាក់ ហាងលក់គ្រឿងសង្ហារិម កន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់ កន្លែងលោតលេងដំបូងគេ នៅកម្ពុជា និងហាងជាច្រើនផ្សេងទៀត។
នៅពេលសួរថាហេតុអ្វីបានជារៀបចំពិធីជប់លៀងបែបអេស្ប៉ាញនេះ លោកស្រី Catherine Chan ដែលជាស្ថាបនិក និង នាយកប្រតិបត្តិនៃគម្រោង Urban Village បានមានប្រសាសន៍ថា “គម្រោង Urban Village គឺជាសហគមន៍អន្តរជាតិមួយដែលមានភាពរស់រវើកបំផុត។ យើងខិតខំប្រឹងប្រែងនាំយកការ ប្រារព្ធពិធីជប់លៀងពេញនិយម និងសកម្មភាពល្បីៗមកពីជុំវិញពិភពលោកសម្រាប់ឲ្យសមាជិកនៅក្នុងសហគមន៍របស់យើងទាំងក្នុងគម្រោង Urban Village និង Factory Phnom Penh បានរីករាយ និងទទួលបានបទពិសោធន៍ថ្មីៗ។ នេះគឺជាឱកាសដ៏ល្អមួយ។ ខណៈពេលដែលយើងស្វាគមន៍ការដាក់ឲ្យដំណើរការជាផ្លូវការនៃទីធា្លហាងលក់ទំនិញ Retail Street នៅក្នុងសហគមន៍របស់យើង ក្នុងពេលជាមួយគ្នានេះយើងទាំងអស់គ្នាអាចមានពេលវេលារីករាយជាមួយគ្នា និងទទួលបាន បទពិសោធន៍ថ្មីជាមួយវប្បធម៌ផ្សេងៗ" ។
“នៅក្នុងសហគមន៍គម្រោងខុនដូ Urban Village យើងផ្តោតសំខាន់ទៅលើជំនាន់ក្រោយនៃប្រជាជនកម្ពុជាវ័យក្មេង។ យើង កំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកសាងសហគមន៍មួយដែលពួកគេទាំងអស់អាចធំធាត់ឡើងជាមួយបទពិសោធន៍អន្ដរជាតិ។ ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេក្នុងការទទួលបានបទពិសោធន៍ថ្មីៗ និង រៀនសូត្រអំពីវប្បធម៌ផ្សេងៗ ចាប់តាំងពីពេលដែលពួកគេមានវ័យក្មេង” លោកស្រី Catherine បានបញ្ជាក់បន្ថែម។
លោកស្រី Catherine Chan បានបន្ដទៀតថា “យើងបានរចនាគម្រោងខុនដូ Urban Village ជាមួយការគិតគូវខ្ពស់អំពីផល ប្រយោជន៍ និងបទពិសោធន៍របស់អ្នករស់នៅក្នុងគម្រោងរបស់យើង។ ដូច្នេះការដាក់ឲ្យដំណើរការទីធ្លាហាងលក់ទំនិញនេះគឺ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើង ដោយសារយើងចង់ធ្វើឲ្យប្រាកដថាអ្នករស់នៅទីនេះអាចរកទិញ និង ទទួលបានសេវាកម្ម ផ្សេងៗសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេពីក្នុងសហគមន៍នេះផ្ទាល់។“
អ្នកដែលបានមកចូលរួមនៅក្នុងកម្មវិធី Street Fiesta ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗបានចំណាយពេលវេលាចុង សបា្ដហ៍ដ៏រីករាយរបស់ពួកគេជាមួយសកម្មភាពកម្សាន្ដ និង ការសម្ដែងផ្សេងៗដែលត្រូវបានរៀបចំឡើងសម្រាប់ទាំងមនុស្សធំ និង កុមារ។ សកម្មភាពកម្សាន្ដ និងការសម្ដែងទាំងនោះរួមមាន៖ ការរាំរបាំជូនពររបស់ខ្មែរ ការគូរមុខ ការគូររូបផ្ទាល់ ការម្ដែងសៀក ការដើរបង្ហាញម៉ូត ប្រាសាទខ្យល់សម្រាប់ក្មេងៗលោតលេង ការបោះកង សិល្បៈគូររូបលម្អលើរាងកាយ ជាលក្ខណៈបណ្ដោះអាសន្ន ស្ដង់ថតរូប ការលេងគប់ប៉េងប៉ោង ការលេងល្បែងកម្សាន្ដផ្សេងៗ ការលេងជាមួយសត្វចិញ្ចឹម និង ការប្រគំតន្ត្រីផ្ទាល់ផងដែរ៕