Advertisement
វិនិយោគលើ​អចលនទ្រព្យ ត្រូវមើល​លើ​អ្វីខ្លះ?

ឧកញ៉ា សៀ ឫទ្ធី ផ្តល់​គន្លឹះ​សំខាន់​ដើម្បី​កុំ​ឱ្យ​ចាញ់​បោក​ឈ្មួញ​អចលន​ទ្រព្យ​ទុច្ចរិត


ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group ដែល​គេ​ស្គាល់​ថា​ជា​សេដ្ឋី​អចលនទ្រព្យ​ល្បី​ឈ្មោះ​​​នៅ​កម្ពុជា លោក​ឧកញ៉ា សៀ ឫទ្ធី អះអាង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​តែ​មាន​សញ្ញា​ល្អ។ ប៉ុន្តែ អ្នក​ទិញ​អចលនទ្រព្យ​តាមរយៈ​មធ្យោបាយ​បង់​រំលោះ​មួយ​ចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ការ​ថ្លែង​របស់​លោក​ឧកញ៉ា​បែប​នេះ ធ្វើ​ឡើង​គ្រា​ដែល​លោក​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកា​មួយ ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង ១​ពាន់​នាក់ នា​រាជ​ធានី​ភ្នំពេញ នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៩​នេះ។

លោក​ឧកញ៉ា  សៀ ឫទ្ធី បាន​បែងចែក​អ្នក​ទិញ​អចលនទ្រព្យ​ជា​ពីរ​ក្រុម គឺ​ក្រុម​អ្នក​ទិញ​ទុក​លក់​យក​ចំណេញ និង​ក្រុម​អ្នក​ទិញ​សម្រាប់​រស់នៅ ឬ​ប្រកប​អាជីវកម្ម​ ឬ​ក៏​ទុក​ជួល​ឱ្យ​គេ ឬ​ទិញ​សម្រាប់​ប្រកប​អាជីវកម្ម​ផ្សេងៗ។

លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​បញ្ហា​លំហូរ​សាច់​ប្រាក់​បន្ទាប់​ពី​បង់​រំលោះ​ផ្ទះ​ល្វែង​និង​ដីឡូតិ៍។ លោក​ឧកញ៉ា​ថា បើ​ទិញ​ផ្ទះ​ ឬ​ទិញ​ដី​ទុក​ជួល ​ឬ​យក​ប្រកប​អាជីវកម្ម​គឺ​ជា​ភាព​វៃឆ្លាត តែ​បើ​ទិញ​ទុក​លក់​យក​ចំណេញ​ជា​ប្រការ​គួរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់។ លោក​មាន​ប្រសាសន៍​ច្បាស់ៗ​ថា ការ​ទិញ​អចលនទ្រព្យ​មិន​ងាយ​ខាត​បង់​ទេ បើ​សិន​ជា​ប្រជាពលរដ្ឋ​ពិចារណា​លើ​ចំណុច​គន្លឹះ​បី​យ៉ាង​សំខាន់ៗ។

កត្តា​បី​យ៉ាង​នោះ រួមមាន៖ លទ្ធភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ទិញ ស្គាល់​ម្ចាស់​គម្រោង​ច្បាស់​លាស់  និង​មាន​ព័ត៌មាន​ច្រើន​ក្នុង​ដៃ។

លទ្ធភាព​​ផ្ទាល់​​ខ្លួន 

លោកឧកញ៉ា សៀ ឫទ្ធី បាន​ផ្តល់​អនុសាសន៍​ឱ្យ​អ្នក​មាន​ចំណូល​មធ្យម​ទាំង​អស់ ដែល​ចង់​បង់​រំលោះ​អចលទ្រព្យ ឱ្យ​ពិនិត្យ​ហើយ​ពិនិត្យ​ទៀត​ថា ខ្លួន​មាន​លទ្ធភាព​បង់​ប្រាក់​នោះ​យូរ​ប៉ុណ្ណោះ។

ខ្លួន​មាន​ប្រាក់​ចំណូល​ប៉ុន្មាន? បង់​ប៉ុន្មាន? ចុះ​បើ​សិន​ជា​មាន​ហានិភ័យ​កើត​ឡើង ដូចជា បាត់បង់​ការងារ ឬ​ធ្លាក់​ខ្លួន​ឈឺ តើ​ខ្លួន​មាន​លទ្ធភាព​បង់​ប្រាក់​ទៀត​ឬ​អត់? តើ​អចលនទ្រព្យ​នោះ​អាច​លក់​បង្វិល​ជា​សាច់​ប្រាក់​បាន​វិញ ឬទេ?

បើ​បាន! បើ​គិត​ឃើញ​ច្បាស់​លាស់​ហើយ អ្នក​គួរ​សម្រេច​ចិត្ត​ទិញ​ចុះ តែ​គិត​ចុះ​ឡើង​នៅ​មិន​ច្បាស់​ទេ គួរ​ណាស់​ព្យាយាម​សន្សំ​ប្រាក់ រកស៊ី​រក​ចំណូល​ឲ្យ​បាន​គួរសម​សិន អាច​មាន​លទ្ធភាព​នឹងន​សិន ក៏​មិន​អី​ដែរ។ 

ម្យ៉ាងទៀត ពលរដ្ឋ​គួរ​ចងចាំ​ថា បើ​ទិញ​ដី​ឬ​ផ្ទះ​អាច​ជួល​បាន​លុយ គឺ​ល្អ​ជាង​ផ្ទះ​ឬ​ដី​ឡូតិ៍ ដែល​ទិញ​មក​ហើយ​ទុក​ចោល​ចាំ​លក់​យក​ចំណេញ។ 

Advertisement

ស្គាល់​ម្ចាស់​​គម្រោង​​ច្បាស់​លាស់

ស្គាល់​ម្ចាស់​គម្រោង​ បាន​ន័យ​ថា យើង​ដឹង​ច្បាស់​ថា គម្រោង​នោះ​មាន​ដី មាន​ផ្ទះ​ពិត​ប្រាកដ សង់​លើ​ដី​ស្រប​ច្បាប់ ផ្ទះ​ឬ​ដី​ទាំង​នោះ​គ្មាន​ជាប់​ជំពាក់​នឹង​ជម្លោះ​ក្តីក្ដាំ នៅ​តុលាការ ។ល។ 

កេរ្តិ៍​ឈ្មោះ​ម្ចាស់​គម្រោង​អចលនទ្រព្យ​ជា​ប្រការ​សំខាន់​បំផុត ដែល​អ្នក​ទិញ​គួរ​ចងចាំ​និង​ដឹង​ឱ្យ​បាន​ច្បាស់។ បើ​ដឹង​ច្បាស់​ថា ម្ចាស់​គម្រោង​ធ្លាប់​រកស៊ី​លក់​ដី​ខ្យល់​ឱ្យ​គេ ធ្លាប់​បោក​ប្រាស់​គេ​នោះ យើង​ជា​អ្នក​ទិញ​មិន​ស្គាល់​ច្បាស់ សូម​កុំ​ប្រថុយ​ទិញ​អី!។ 

លោក​ឧកញ៉ា​ក៏​ថែម​ទាំង​កត់​សម្គាល់​ថា សព្វថ្ងៃ មាន​អ្នក​ខ្លះ​យំ​មិន​ចេញ ​ព្រោះ​តែ​ចាញ់​បោក​ឈ្មួញ​លក់​ដី​ខ្យល់។

ព័ត៌មាន​​ទីផ្សារ​​អចលទ្រព្យ 

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ឱ្យ​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​ព័ត៌មាន។ លោក​ថា បើ​យើង​ដឹង​ព័ត៌មាន​ច្រើន មាន​ចំណេះដឹង​ច្រើន គឺ​ងាយ​ស្រួល មិន​ឆាប់​ចាញ់​បោក​គេ។ 

លោក​លើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​តាមដាន​ព័ត៌មាន ចេះ​អាន​សៀវភៅ មើល​ទូរទស្សន៍ ឬ​ស្តាប់​វិទ្យុ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​សម្រាប់​គិត​ពិចារណា។ ជា​ធម្មតា សារព័ត៌មាន​ទាំងអស់ តិច ឬ​ច្រើន គេ​ផ្សាយ​ពី​គម្រោង​វិនិយោគ​នានា​របស់​រាជ​រដ្ឋាភិបាល រាប់តាំង​ពី​គោល​នយោបាយ​អភិវឌ្ឍន៍ ជាដើម។ 

លោក​មាន​សុទិដ្ឋិនិយម​ថា អ្នក​តាមដាន​ព័ត៌មាន​ជា​ប្រចាំ នឹង​ងាយ​ចំណេញ​អចលនទ្រព្យ​ជាង​អ្នក​រកស៊ី​ជោរ​តាម​គេ​តាម​ឯង៕

Advertisement



អត្ថបទបន្ទាប់


ចិន វិនិយោគរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនចិន ធំមួយ ដែលដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅវៀតណាម កាលពីឆ្នាំមុននោះ បច្ចុប្បន្នរោងចក្រនេះ មាន សមត្ថភាព បញ្ចេ...

ជីបម៉ុង លែន ចំណាយ​ជិត ៣សែនដុល្លារ សង់ផ្លូវចូលបុរី និងបើកឱ្យសាធារណៈជនប្រើប្រាស់​

ព័ត៌មាន
ក្រុមហ៊ុនជីបម៉ុង លែន ប្រកាសសម្ពោធផ្លូវចូលបុរីរបស់ខ្លួនដែលមានតម្លៃទឹកប្រាក់២,៨ សែនដុល្លារ។ ផ្លូវនេះចាក់កៅស៊ូបេទីមីន័រ ប្រវែង៧៥៣ម៉ែត្រ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ