ថវិកាប្រមូលទិញស្រូវកើនដល់ជាង ១០០លានដុល្លារ

ថវិកាប្រមូលទិញស្រូវកើនដល់ជាង ១០០លានដុល្លារ ក្រោយរដ្ឋទម្លាក់បន្ថែម១០លានដុល្លារទៀត


ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវ ក្រោយពេលដែលទីផ្សារស្រូវកំពុងប្រឈមនឹងការធ្លាក់ថ្លៃ។ បើតាមមន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទាំងថវិកាត្រូវបានរដ្ឋទម្លាក់បន្ថែមចុងក្រោយនេះ រួមទាំងដើមទុនរបស់ធនាគារអភិវឌ្ឍជនបទ និងកសិកម្មផងដែរនោះ នាំឲ្យថវិកាប្រើប្រាស់លើការប្រមូលទិញស្រូវសរុបនៅឆ្នាំនេះបានកើនដល់ជាង ១០០លានដុល្លារអាមេរិកហើយ គិតមកទល់ពេលនេះ។
ថវិកាប្រមូលទិញស្រូវកើនដល់ជាង ១០០លានដុល្លារ ក្រោយរដ្ឋទម្លាក់បន្ថែម១០លានដុល្លារទៀត

ការបញ្ចេញថវិកាបន្ថែមពីរដ្ឋាភិបាលនេះ គឺក្នុងគោលបំណង ធ្វើយ៉ាងណាប្រមូលទិញស្រូវពីកសិករជាមួយនឹងតម្លៃសមស្របមួយ និងចៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

បើតាមលោក ចាន់ សីហា អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានឲ្យដឹងថា គិតមកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ទុនចំនួន ៩៣លានដុល្លារហើយ បើបូកទាំងទុន១០លានដុល្លារដែលបានទម្លាក់ថ្មីនេះ។ មូលនិធិទាំងនេះ គឺសម្រាប់ផ្ដល់ជូនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីប្រជាកសិករ គួបផ្សំ ជាមួយទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផងនោះ មូលនិធិទិញស្រូវបានកើនដល់ជាង១០០លានដុល្លារ។

តម្លៃស្រូវបានប្រែប្រួល នៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន នារយៈពេលប៉ុន្មានថ្ងៃមកនេះ ជាពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។ ការណ៍នេះ បានធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះបើធៀបទៅនឹងដើមរដូវ។

លោក ចាន់ សីហា អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានគូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូនិងបានរួមចំណែកជួយប្រជាកសិករ ជាពិសេសក្នុងវិស័យស្រូវ-អង្ករ តែម្ដង។ បើតាមលោក ចាន់ សីហា ថវិកា១០លានដុល្លារដែលរាជរដ្ឋាភិបាលបានបញ្ចេញបន្ថែមនេះ គឺជាទុនបន្ថែមសម្រាប់គម្រោងទិញស្រូវដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើនាពេលកន្លងមក ដើម្បីគាំទ្រការប្រមូលទិញស្រូវនារដូវប្រមូលផលស្រូវ ដោយលោកបានបន្តថា បញ្ហាស្រូវធ្លាក់ថ្លៃនេះ តែងកើតមានឡើងជាញឹកញាប់ ជាពិសេសនៅរដូវប្រមូលផលស្រូវ។ ទោះយ៉ាងណា លោកទទួលស្គាល់ថា ថវិកាបន្ថែម១០លានដុល្លារនេះ ហាក់មិនទាន់អាចឆ្លើយតបនឹងតម្រូវការនោះទេ ព្រោះស្រូវដែលកសិករបានប្រមូលផលមានចំនួនច្រើន ខណៈនៅកម្ពុជា មិនទាន់មានឡសម្ងួតស្រូវគ្រប់គ្រាន់នៅឡើយ ដើម្បីឆ្លើយតបនឹងតម្រូវការ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី លោក ចាន់ សីហា នៅតែបង្ហាញក្ដីរំពឹងថា តាមរយៈការទម្លាក់ទុនបន្ថែមពីរដ្ឋាភិបាល ជាការរួមចំណែកដ៏សំខាន់ ក្នុងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកការទម្លាក់ទុនបន្ថែម១០លានដុល្លារពីរាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលកសិករកម្ពុជា កំពុងជួបប្រទះនូវបញ្ហាប្រឈមស្រូវធ្លាក់ថ្លៃ។ បើតាមលោក លន់ យ៉េង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងពិនិត្យលើស្ថានភាពជាក់ស្ដែងរបស់រោងម៉ាស៊ីនកិនស្រូវនីមួយៗ ថាមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដែលទទួលបានទុនបន្ថែម ឬយ៉ាងណា ចៀសវាងម្ចាស់រោងម៉ាស៊ីនទាំងនោះយកថវិកាទៅប្រើប្រាស់ខុសគោលដៅ។ យ៉ាងណាមិញ អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា ក៏បានលើកទឹកចិត្តឲ្យបណ្ដាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដាក់ពាក់ស្នើសុំទុនពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីបានទុនបន្ថែមសម្រាប់ជួយប្រជាកសិករ ដែលកំពុងជួបបញ្ហានាពេលនេះ។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃជូនប្រជាកសិករ បច្ចុប្បន្ន គ្រប់រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសហព័ន្ធស្រូវ-អង្ករ កម្ពុជា នៅតាមបណ្ដាខេត្ត ដូចជា ខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង កំពង់ស្ពឺ និងបាត់ដំបង ជាដើម បានសម្រេចប្រមូលទិញស្រូវប្រភេទផ្ការំដួលពីប្រជាកសិករ ក្នុងតម្លៃ ១ ០៣៥រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវលេខ១, តម្លៃ ៩៧០រៀល សម្រាប់ស្រូវផ្ការំដួលលេខ២ និងតម្លៃ ៩២០រៀល សម្រាប់ស្រូវផ្ការំដួលលេខ៣៕




អត្ថបទបន្ទាប់


សម្តេចតេជោ អំពាវនាវឲ្យវិស័យឯកជនបន្ដជួយដល់សកម្មភាពបោសសម្អាតមីន

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែអំពាវនាវដល់សប្បុរសជនឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា បើទោះប…

ធនាគារកណ្ដាលកម្ពុជា និងឡាវ ចាប់ដៃគ្នាជំរុញការទូទាត់ឆ្លងព្រំដែន

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ នៅថ្ងៃទី ២១ ខែវិច្ឆិកា បានចុះអនុសារណយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ