
តាមការប៉ាន់ប្រមាណរបស់សមាគមអ្នកនាំចេញអង្ករថៃ ក្តីរំពឹងនៃការនាំចេញអង្កររបស់ថៃ អាចធ្លាក់ចុះរហូតដល់ទៅ៣៣% នៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៥ នេះ។ លោក ឆូកគៀត អូផាវង្ស (Chookiat Ophaswongse ) ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បានលើកឡើងថា នៅក្នុងរយៈពេលពីរខែដំបូងឆ្នាំ២០២៥ ការនាំចេញអង្កររបស់ថៃ អាចសម្រេចបានត្រឹម១,១លានតោនប៉ុណ្ណោះ ធ្លាក់ចុះ ៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈលទ្ធផលធ្វើឱ្យ លោក បានប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុបរបស់ថៃ នៅត្រីមាសទី១ឆ្នាំ២០២៥ ទំនងជាមិនអាចលើសពី២លានតោននោះទេ។
លោក ឆារឿន ឡាវថាំមាតាស (Charoen Laothammatas) ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានលើកឡើងថា នេះជាការប៉ាន់ប្រមាណនៅត្រីមាសដំបូង តែសម្រាប់ការប៉ាន់ប្រមាណការនាំចេញពេញមួយឆ្នាំ ត្រូវបានគេព្យាករថា អាចសម្រេចបានត្រឹមតែ៧,៥លានតោន ធ្លាក់ចុះជាង២៤% បើធៀបនឹងស្ថិតិនាំចេញដែលសម្រេចបានកាលពីឆ្នាំ២០២៤ ដែលរហូតដល់ជិត១០លានតោន។ លោក បានលើកឡើងថា ក្រៅពីប្រឈមមុខនឹងការប្រកួតប្រជែងពីឥណ្ឌា ការប្រែប្រួលនៃតម្លៃប្រាក់បាតថៃ ក៏ជាឧបសគ្គសម្រាប់ការនាំចេញអង្កររបស់ថៃ ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ អាជ្ញាធរគួរតែរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីជៀសវាងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលអាចបង្កើតការប្រែប្រួលនៃតម្លៃអង្ករថៃ។
ជាមួយគ្នានេះ ការនាំចេញអង្គររបស់វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា មួយដែរនោះ ក៏កំពុងជួបបញ្ហាប្រឈមការបញ្ជាទិញ និងតម្លៃធ្លាក់ចុះផងដែរ នៅដើមឆ្នាំ២០២៥ នេះ។ ជាក់ស្តែងកាលពីខែមករា កន្លងទៅ វៀតណាម អាចនាំចេញអង្ករបានត្រឹមប្រមាណ៥០ម៉ឺនតោន ដោយរកបានចំណូលត្រឹមតែ៣០៨ លានដុល្លារប៉ុណ្ណោះ មានការធ្លាក់ចុះប្រមាណ១០%។
សមាគមស្បៀងអាហារវៀតណាម បានអះអាងថា បច្ចុប្បន្នតម្លៃអង្ករបាក់៥% របស់វៀតណាម អាចលក់បានត្រឹមតែ៣៩៩ដុល្លារក្នុងមួយតោន និងអង្ករបាក់២៥% មានតម្លៃ៣៧១ដុល្លារ ក្នុង១តោន ខណៈកាលពីមុនអាចលក់បាន៤២០ដុល្លារក្នុងមួយតោន។
លោក ផុង ឌឹក ទៀន ( Phung Duc Tien) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានចាត់ទុកការធ្លាក់ចុះតម្លៃនាំចេញអង្ករនាពេលបច្ចុប្បន្ននេះ គឺដោយសារការបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញរបស់ប្រទេសឥណ្ឌា គួបផ្សំតម្រូវការនាំចូលអង្ករពីទីផ្សារធំៗ ដូចជា ហ្វីលីពីន និងឥណ្ឌូណេស៊ី មានការថយចុះ។ តាមការព្យាករតម្លៃអង្ករនៅឆ្នាំ២០២៥ នេះ នឹងធ្លាក់ចុះប្រមាណ១១% ដោយសារអាកាសធាតុអំណោយផល ដែលនឹងជួយជំរុញទិន្នផលអង្ករនៅលើពិភពលោកឱ្យកើនឡើង៕
ដោយៈ សរ សុជាតិ