គម្រោងសាងសង់ឡសម្ងួតនិងឃ្លាំងស្ដុកស្រូវចំនួន៣ ដែលត្រូវបានក្រុមហ៊ុននាំចេញអង្ករធំៗចំនួនពីរ បានទទួលកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ ក្នុងចំនួនទឹកប្រាក់សរុប ១៥លានដុល្លារ សាងសង់នៅក្នុងខេត្តចំនួន៣នោះ បច្ចុប្បន្ន គម្រោងនេះបាននិងកំពុងសាងសង់ជិតរួចរាល់ហើយ ខណៈដែលម្ចាស់ក្រុមហ៊ុនទាំងពីរ អះអាងថា នឹងសាងសង់ឲ្យបានរួចរាល់សម្រាប់រដូវប្រមូលផលស្រូវថ្មីនៅខែកក្កដា និងសីហាខាងមុខនេះ។
ឡសម្ងួតទាំង៣ទីតាំង ដែលស្ថិតនៅខេត្តកំពង់ធំ តាកែវ និងព្រៃវែងនេះ មានសមត្ថភាពសម្ងួតស្រូវបាន ៤៥០០តោនក្នុង១ថ្ងៃ ខណៈដែលឃ្លាំងស្តុកមានសមត្ថភាពស្ដុកស្រូវបានរហូតដល់ ១៥ម៉ឺនតោន។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានលើកឡើងថា បច្ចុប្បន្ន ឡសម្ងួតនិងឃ្លាំងស្ដុកស្រូវ ស្ថិតនៅខេត្តកំពង់ធំ ដែលក្រុមហ៊ុនលោកបាននិងកំពុងសាងសង់នោះ សម្រេចបាន ៥០%ហើយ ខណៈដែលឡសម្រាប់សម្ងួតស្រូវ បាននិងកំពុងដឹកជិតមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។
លោកឧកញ៉ាបានគូសបញ្ជាក់ថា នៅប្រមាណតែ២ខែទៀតប៉ុណ្ណោះ ឡសម្ងួតនិងឃ្លាំងស្តុកស្រូវនេះ នឹងត្រូវបានសាងសង់រួចរាល់ សម្រាប់ការប្រមូលផលស្រូវក្នុងរដូវថ្មី នៅខែកក្កដា និងខែសីហាខាងមុខនេះ។
បើតាមការអះអាងពីលោកឧកញ៉ា សុង សារ៉ន ឡសម្ងួតនិងឃ្លាំងស្ដុកស្រូវនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយសម្រាប់ទប់ស្ថិរភាពស្រូវនៅកម្ពុជា ក៏ដូចជាការប្រកួតប្រជែងក្នុងវិស័យស្រូវអង្ករ ពិសេស គឺការនាំចេញ។
ឧកញ៉ាវ័យក្មេង ដែលមានបទពិសោធន៍ជិត១០ឆ្នាំ ក្នុងវិស័យស្រូវអង្កររូបនេះ បានគូសបញ្ជាក់ទៀតថា វត្តមានរបស់ឡសម្ងួត និងឃ្លាំងស្ដុកស្រូវថ្មីៗនេះ គឺជាទ្រព្យសកម្មដ៏សំខាន់មួយនៃវិស័យស្រូវអង្ករ ក្នុងការជួយស្រូបយកទិន្នផលស្រូវពីប្រជាកសិករ ដែលតែងតែមានការសល់លើទីផ្សារ និងតែងតែនាំគ្នាសម្រុកលក់ចេញទៅក្រៅប្រទេស ដូចជា វៀតណាម និងថៃ ជាដើម។
លោកបន្ថែមថា នៅពេលដែលយើងមានឡសម្ងួតនិងឃ្លាំងស្តុកស្រូវបានគ្រប់គ្រាន់ នោះយើងនឹងមានភាពជឿជាក់ និងសមត្ថភាពខ្លាំងជាងមុនក្នុងការឈានទៅរកការដេញថ្លៃលើគម្រោងនាំចេញអង្ករធំៗ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុន Khmer Food Group ដែលទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការសាងសង់ឡសម្ងួតនិងឃ្លាំងស្ដុកស្រូវនៅខេត្តចំនួនពីរ គឺខេត្តតាកែវ និងព្រៃវែង បានមានប្រសាសន៍ដែរថា បច្ចុប្បន្ន ការសាងសង់ឡសម្ងួតនិងឃ្លាំងស្តុកស្រូវទាំងពីរទីតាំងនេះ បាននិងកំពុងសាងសង់ជិតរួចរាល់ហើយ ប៉ុន្ដែ បញ្ហាចោទនោះ គឺកំពុងរង់ចាំការតភ្ជាប់ថាមពលអគ្គិសនីចូល ព្រោះដំណើរការនៃការស្នើសុំតភ្ជាប់ថាមពលអគ្គិសនីចូលទៅក្នុងទីតាំងឡសម្ងួតនិងឃ្លាំង ហាក់ដូចជាមានដំណើរយឺតយ៉ាវបន្តិច។ ទោះយ៉ាងណា លោកថា ការសាងសង់នឹងរួចរាល់នៅមុនរដូវប្រមូលផលស្រូវថ្មីមកដល់៕