បំណុល

របាយការណ៍៖ បំណុល​កើន​ឡើង អាច​នាំ​មក​នូវ​ចំណាក​ស្រុក, ការ​លក់​ដី​ដោយ​បង្ខំ, និង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ


របាយការណ៍​ថ្មី​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​សីហា បាន​បង្ហាញ​ថា កម្រិត​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​បាន​កើន​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ ដែល​នេះ​អាច​បណ្តាល​​​ឲ្យ​កើត​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន រួមមាន ការ​លក់​ដី​ដោយ​បង្ខំចិត្ត ការកេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាក​ស្រុក​ដោយសារ​បំណុល។
តើ​បញ្ហា​ចំណាកស្រុក និង​បំណុល​មានជាប់ពាក់ព័ន្ធ​គ្នា​ ដែរ ឬទេ? (រូបតំណាង)
ដោយ

របាយការណ៍​​រួម​របស់​អង្គការ លីកាដូ និង​សមាគម ធាង​ត្នោត បាន​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ២.៣៨២​លាន​នាក់ បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ចំនួន​ជាង ៨​ពាន់​លាន​ដុល្លារ​ ហើយ​ការ​សិក្សា​នេះ​បាន​ធ្វើ​នៅក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួមទាំង​ទីក្រុង​ភ្នំពេញ ផងដែរ។

អង្គការ លីកាដូ និង​សមាគម ធាងត្នោត បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដូច្នេះ​ថា ៖ «គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើ​ប្រតិបតិ្តការ​កម្ចី​ដោយ​អត្រា​ការប្រាក់​ខ្ពស់ ដែល​តម្រូវ​ឲ្យ​ដាក់​បញ្ចាំ​ប្លង់​ដី​ជា​ទ្រព្យ​បញ្ចាំ​ ហើយ​ស្ថាប័ន​នេះ​ដាក់​គោលដៅ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយរងគ្រោះ​ក្នុង​ការ​បាត់បង់​ដី​ធ្លី។»

កម្ចី​នីមួយៗ​មាន​ប្រមាណ​ជា ៣.៣៧០​ដុល្លារ ដែល​គិត​ជា​​មធ្យមភាគ ឥណទាន​គឺ​លើស​ពី​ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ៗ​នៅ​ក្នុង​ប្រទេស ដែល​មាន​ត្រឹមតែ ១.៣៨៤​ដុល្លារ ក្នុង​ឆ្នាំ​២០១៧។ នេះ​បើ​យោង​តាម​ការ​សិក្សា​ដដែល​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​បន្ត​ថា ៖ «ទម្រង់​នៃ​ប្រាក់​កម្ចី​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នេះ បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ដៃគូ​កម្ចី​បរទេស​របស់​គ្រឹះស្ថាន​ទាំងនោះ ប៉ុន្តែ វា​បាន​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុវត្ថិភាព​នៃ​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ពលរដ្ឋ​កម្ពុជា ជាពិសេស សហគមន៍​ដែល​ងាយ​រង​គ្រោះ។»

ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​ចំនួន​៧ នៅ​កម្ពុជា បាន​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង ១៣០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ នេះ​បើ​យោង​តាម​អង្គការ លីកាដូ និង សមាគម ធាងត្នោត។

អង្គការ លីកាដូ និង​សមាគម​ធាង​ត្នោត បាន​លើក​ឡើង​ពី​ហានិភ័យ​ខ្ពស់​មួយ​ចំនួន ដូចជា ការដែល​ពលរដ្ឋ​​លក់​ដី​​ដោយ​​បង្ខំ​ចិត្ត ឬ​ទទួលរង​សម្ពាធ​ខ្លាំង​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ដែល​ជា​អ្នក​កាន់កាប់​ប្លង់​ដើម្បី​ឲ្យ​សង​បំណុល​ទៀងទាត់​ពេល​វេលា។

របាយការណ៍​នេះ អះអាង​ថា វិធីសាស្រ្ត​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ដី​ស្រែ​ចម្ការ​សម្រាប់​ដាំ​ដំណាំ​កសិកម្ម​របស់​ខ្លួន។

ហានិភ័យ​ដែល​គួរ​ឲ្យ​បារម្ភ​មួយ​ទៀត គឺ​ពលរដ្ឋ​ដែល​មាន​បំណុល​ជា​ច្រើន បាន​ខ្ចី​ប្រាក់​ចងការ​ផង​ដែរ ដើម្បីយក​ទៅ​​សង​បំណុល​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ពួកគាត់​សម្រេច​ចិត្ត​ឈប់​រៀន​ដើម្បី​ធ្វើការ​យក​ប្រាក់​ជួយ​ដោះ​បំណុល ខណៈ​ដែល​មាន​អតិថិជន​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ហូប​អាហារ​តិច​ជាង​មុន។

អង្គការ លីកាដូ និង​សមាគម​ធាងត្នោត បាន​និយាយ​ដូច្នេះ​ថា ៖ «កសិករ​ក្រីក្រ​គួរតែ​មិន​ត្រូវ​បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​សកម្មភាព​ហិរញ្ញវត្ថុ​អសីលធម៌​នោះ​ទេ ប៉ុន្តែ គួរតែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​តាម​បែប​សហគមន៍​និង​ប្រកប​ដោយ​និរន្តរភាព។»

ការ​ហៅ​ទូរស័ព្ទ​ជា​ច្រើន​ដង ទៅ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា មិន​មាន​អ្នក​ណា​ទទួល​ទេ នៅ​ថ្ងៃ​ពុធ ទី៧ ខែ​សីហា​នេះ ក៏​ប៉ុន្តែ បុគ្គលិក​ជាន់​ខ្ពស់​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន​បរទេស​ថា សមាជិក​សមាគម​ខ្លួន​បាន​ធ្វើ​តាម​ច្បាប់ ក៏​ដូចជា គោរព​គោលការណ៍​ផ្តល់​ប្រាក់​កម្ចី​ផងដែរ។

នាយក​ប្រតិបត្តិ​ស្តីទី​​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ឈ្មោះ ជា សារ៉េន មាន​ប្រសាសន៍​ថា ៖ «សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ មើល​​ការ​រីក​ចម្រើន​ក្នុង​វិស័យ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ចាត់​វិធានការ​សមស្រប​ដើម្បី​ធានា​បាន​នូវ​កំណើន​ប្រកប​ដោយ​ចីរភាព​រយៈពេលវែង»៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាល​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​៦​ថ្ងៃ, សហជីព​ថា បាត់​ប្រយោជន៍​កម្មករ

រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី២ ខែ​សីហា​នេះ បាន​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៦​ថ្ងៃ សម្រាប់​ឆ្នាំ​២០២០ ដោយ​ឲ្យ​មាន​តែ ២២​ថ្ងៃ​ប៉ុ…

ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធំៗ​ពីរ ចាប់ដៃគ្នា​ពង្រីកប្រតិបត្តិការទូទាត់តាមឌីជីថល

ស្របទៅតាមការវិវត្តនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech កាន់តែមានរលកសន្ទុះប្រើប្រាស់កាន់តែច្រើនឡើងនោះ ស្ថាប័នហិរញ្ញវត្ថុធំៗចំនួនពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ