បញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់សកល

ប្រធានWTOជំរុញឱ្យធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់សកល ជាជាងការបែងចែកប្លុកពាណិជ្ជកម្ម ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចសកល


ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការមិនទាន់ផុតរលត់ទៅនៃជំងឺកូវីដ១៩ បានជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសមួយចំនួនងាកទៅរកការធ្វើពាណិជ្ជកម្មតាមបែបគាំពារនិយម។ ប៉ុន្តែផ្ទុយទៅវិញ ប្រធាន WTO រូបនេះអំពាវនាវឱ្យមានការកសាងខ្សែចង្វាក់ផ្គត់ផ្គង់ចម្រុះកាន់តែច្រើន ដើម្បីបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចសកល។ នេះបើតាមខ្លឹមសារនៃកិច្ចសម្ភាសន៍មួយរបស់សារព័ត៌មានជប៉ុន Nikkei ជាមួយលោកស្រីប្រធានអង្គការពាណិជ្ជកម្មពិភពលោក ។
ប្រធានWTOជំរុញឱ្យធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់សកល!

ថ្លែងប្រាប់ Asia Nikkei នៅទីក្រុងតូក្យូកាលពីថ្ងៃទី១៩តុលា លោកស្រីអូកុនចូ អ៊ីវាឡា បាននិយាយថា មេរោគឆ្លង និងសង្រ្គាមអូសបន្លាយនៅអ៊ុយក្រែន បានបង្ហាញឱ្យឃើញថា ខ្សែចង្វាក់ផ្គត់ផ្គង់ជាក់លាក់មួយ គួរត្រូវបានផ្តល់ការយកចិត្តទុកដាក់ខ្លាំង ស្របពេលដែលពិភពលោកកំពុងផ្តោតជាសំខាន់ និងមានតម្រូវការខ្លាំងជាសកលលើឧបករណ៍បន្ទះឈីប និងគ្រាប់ធញ្ញជាតិ។

មធ្យោបាយដ៏ល្អបំផុត ប្រសិនបើពិភពលោកចង់គ្រប់គ្រងបាននៅពេលមានហានិភ័យ និងមានភាពធន់ នោះ គឺការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ មិនមែនគ្រាន់តែផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ទៅកាន់ប្រទេសមួយផ្សេងទៀត ឬប្រទេសជាមិត្តនោះទេ ប៉ុន្តែត្រូវធ្វើពិពិធកម្មជាសកលតែម្តង។

លោកស្រី អូកុនចូ អ៊ីវាឡា បានអះអាងថា ការធ្វើពិពិធកម្មនេះមិនត្រឹមតែជួយទប់ស្កាត់ហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពន្លឿនការអភិវឌ្ឍប្រទេសក្រីក្រតាមរយៈការនាំយកឧស្សាហកម្មថ្មីៗ និងបច្ចេកទេសថ្មីៗទៅកាន់ប្រទេសរបស់ពួកគេផងដែរ។

បន្ថែមពីលើនេះប្រធាន WTO ដដែល បានសម្តែងការប្រឆាំង ដោយបាននិយាយព្រមានទៅកាន់ការបែងចែកប្លុកពាណិជ្ជកម្មគ្នា ហើយប្រែក្លាយទៅជាប្លុកនៃការប្រកួតប្រជែង ដោយបានសង្កត់ធ្ងន់ថាមនុស្សគ្រប់គ្នានឹងត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរនៅចុងក្រោយទៅ។

នៅពេលឆ្លើយនឹងសំណួរពីភាពប្រទាំងប្រទើសពាណិជ្ជកម្មរវាងយក្សទាំងពីរគឺ ចិននិងអាមេរិក ដែលបានអូសបន្លាយពេលយូរមកហើយនោះ លោកស្រី អូកុនចូ អ៊ីវាឡា និយាយថាការប្រឈមមុខភូមិសាស្ត្រនយោបាយរវាងគ្នានេះគឺខ្លាំងក្លាណាស់ ហើយរឹតតែធ្ងន់ធ្ងរទៅៗ មិនធូរស្បើយឡើយ។

លោកស្រីបានព្រមានថា ប្រសិនបើពិភពលោកត្រូវបែងចែកទៅជាប្លុកពាណិជ្ជកម្មពីរ វានឹងបណ្តាលឱ្យបាត់បង់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP)សកលលោក ហើយបន្តខាតបង់ក្នុងរយៈពេលវែង។ លោកស្រីបានឈ្លៀតរំឭកនៅពេលដែលពិភពលោកស្ថិតក្នុងអតីតកាល បានបែកខ្ញែកជាពីរគឺបានធ្វើឱ្យពិភពលោកជួបគ្រោះដ៏ធំធេង។

ជុំវិញក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក IPEF ដែលអាមេរិកទើបផ្តួចផ្តើមថ្មី និងត្រូវបានគេមើលឃើញថាទំនងជាក្របខណ្ឌយកមកទប់ទល់នឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលគាំទ្រដោយចិន លោកស្រីប្រធាន WTO និយាយថា ដរាបណាក្របខណ្ឌមិនមានលក្ខណៈរើសអើង ប្រកាន់បក្សពួក វាគឺជាការល្អ មិនថាក្របខណ្ឌ ឬកិច្ចព្រមព្រៀងណានោះទេ។

សូមបញ្ជាក់ថា ក្នុងចំណោមខ្សែចង្វាក់ផ្គត់ផ្គង់ទាំងអស់ ការផ្គត់ផ្គង់ស្បៀងអាហារជាអ្វីដែល WTO មានការព្រួយបារម្ភជាងគេ។ អង្គការពាណិជ្ជកម្មពិភពលោក ទទួលស្គាល់ថានៅតែមានការរឹតបន្តឹងលើការនាំចេញអាហារ និងជីចំនួន ៥៣មុខ នៅទូទាំងពិភពលោក។ ប្រធាន WTO អំពាវនាវឱ្យប្រទេសអ្នកផលិតទាំងអស់ប្រកាន់ពាក្យសន្យា កុំរឹតបណ្តឹងលើការនាំចេញរបស់ខ្លួន ក្នុងពេលវេលាដ៏លំបាកនេះ៕




អត្ថបទបន្ទាប់


លោកចូបៃឌិន កំពុងដុតដៃដុតជើងខ្លាំងលើការដោះស្រាយបញ្ហាតម្លៃថាមពល ខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិខិតចូលមកដល់

តម្លៃប្រេងសាំងឡើងខ្ពស់ គឺជាបញ្ហាដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បន្តព្យាយាមដោះស្រាយយ៉ាងខ្លាំង នៅចំពេលដែលលោកកំពុងប្រឈមមុខដ៏លំបាកទៅនឹ…

មេកំពង់ផែស្វយ័តភ្នំពេញបញ្ជាក់ពីហេតុផល ដែលកំពង់ផែសម្រេចបានកំណើនប្រាក់ចំណូល៣០លានដុល្លារនៅ៩ខែឆ្នាំ២០២២

បើទោះជាពិភពលោកបន្តស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ប៉ុន្ដែសកម្មភាពដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ័…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ