ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានចាត់ទុកការបោះផ្សាយមូលបត្របំណុលបៃតងក្នុងទំហំទឹកប្រាក់១០លានដុល្លាររបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត គឺបានបង្ហាញឱ្យឃើញពីការវិវត្តថ្មី និងផ្តល់ជម្រើសកាន់តែសម្បូរបែបដល់វិនិយោគិន។ បើតាមថ្នាក់ដឹកនាំរូបនេះ វិស័យមូលបត្រកម្ពុជាបានជួយជំរុញដល់សេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់នូវប្រភពទុនសម្រាប់ម្ចាស់អាជីវកម្មនានា និងជាទីកន្លែងមួយដែលផ្ដល់នូវឧបករណ៍វិនិយោគសម្រាប់វិនិយោគិន និងសាធារណជនទូទៅ។ ទន្ទឹមនេះ ឯកឧត្តមរំពឹងថា ការបោះផ្សាយលក់មូលបត្របំណុលបៃតងនេះ គឺជាផ្នែកមួយជួយផ្សារភ្ជាប់ជាមួយបរិស្ថាន សង្គម និងកំណើនអាជីវកម្ម ព្រមទាំងបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវសេដ្ឋកិច្ចមួយដែលបំភាយឧស្ម័នកាបូនក្នុងកម្រិតទាប ស្របតាមគោលនយោបាយអភិវឌ្ឍន៍បៃតងឆ្នាំ២០១៣-២០៣០។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ការចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណបៃតង ឬមូលបត្របណ្ណបំណុលបៃតងនៅពេលនេះ គឺបានបង្ហាញពីដំណើរឆ្ពោះទៅមុខមួយសម្រាប់ទីផ្សារនេះ ខណៈមានក្រុមហ៊ុនមួយចំនួនទៀតក៏គ្រោងបោះផ្សាយលក់មូលបត្រប្រភេទនេះនៅចុងឆ្នាំនេះផងដែរ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងឆ្នាំ២០២៤នេះ នឹងមានក្រុមហ៊ុនជាច្រើនចូលរួមបោះផ្សាយលក់បណ្ណបំណុល ដែលមានទំហំទឹកប្រាក់ប្រមាណ១៤០លានដុល្លារទៀតផងដែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ការចុះបញ្ជីលក់មូលបត្របំណុល នាពេលនេះ បានបង្ហាញពីវឌ្ឍនភាពនៃដំណាក់កាលថ្មីមួយ ដែលជាភាពរីកចម្រើននៅក្នុងវិស័យមូលបត្ររបស់កម្ពុជា ដើម្បីបម្រើដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងទិសដៅបង្កើនការទាក់ទាញការវិនិយោគ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការចុះបញ្ជីលក់មូលបត្របំណុលក្រោមក្របខណ្ឌសញ្ញាបណ្ណបៃតង មិនត្រឹមតែជាការកៀរគរធនធានសម្រាប់ការវិនិយោគនោះទេ តែក៏នឹងចូលរួមចំណែកដល់ផ្នែកបរិស្ថាន អាកាសធាតុ និងសង្គមផងដែរ។
បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជាមកទល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីចំនួន២៣ ក្នុងនោះមានក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណសាជីវកម្មចំនួន១២ ដែលបានកៀរគរទុនពីទីផ្សារបានប្រមាណជិត៤០០លានដុល្លារ។ ទន្ទឹមនេះ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានអះអាងថា បរិមាណជួញដូរប្រចាំថ្ងៃនៅក្នុងខែឧសភា និងដើមខែមិថុនានេះ ចាប់ផ្ដើមមានទំនោរកើនឡើងវិញពីរង្វង់១០ម៉ឺនដុល្លារដល់២៦ម៉ឺនដុល្លារ ហើយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ៕
អត្ថបទ៖ បូ ដូឡា, ណុះ សាម៉េត