វិបត្តិនៅអ៊ុយក្រែន

ទីបំផុតរុស្សីប្រកាសបើកប្រតិបត្តិការយោធាជាផ្លូវការនៅភាគខាងកើតអ៊ុយក្រែនហើយ ខណៈUNបើកកិច្ចប្រជុំបន្ទាន់


នៅព្រឹកព្រលឹមស្រាងៗត្រូវនឹងម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈ ម៉ោងនៅទីក្រុងម៉ូស្កូ។ប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀរ ពូទីន បានចេញមកថ្លែងសារដ៏ភ្ជាក់ផ្អើលមួយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិ។ លោកពូទីន បានសម្រេចប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ជាផ្លូវការទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលជាតំបន់ក្រុមឧទ្ទាមផ្តាច់ខ្លួនពីររួមបញ្ចូលគ្នាគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀរ ពូទីន
ដោយ

អង្គការសហប្រជាជាតិ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​នេះ ក៏​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ទាក់ទង​នឹង​បញ្ហា​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​នេះ​ផង​ដែរ​។

អង្គការសហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ជំរុញ​ឲ្យ​រុ​ស្ស៊ី​បញ្ឈប់​សកម្មភាព​ទាំង​អស់នេះ​។ អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រែស (Antonio Guterres) បាន​ស្នើ​ទៅ​កាន់​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន ថា កុំ​បើក​ការ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​។ លោក ហ្គូ​ទែ​រែស បាន​និយាយ​ចំ​ៗ​ថា ប្រធានាធិបតី​ពូ​ទី​ន សូម​បញ្ឈប់​កងទ័ព​របស់​លោក​ពី​ការ​វាយប្រហារ​អ៊ុយ​ក្រែ​ន​ទៅ សូម​បង្កើត​សន្តិភាព ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ណាស់​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​។

ការ​ប្រកាស​ដាក់​ចេញ​ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី​នេះ ធ្វើ​ឡើង​នៅ​មិនយូរ​ប៉ុន្មាន បន្ទាប់​ពី​មេដឹកនាំ​ក្រុម​ឧទ្ទាម​នៃ​តំបន់​ផ្តាច់ខ្លួន បាន​ស្នើ​សុំ​ឱ្យ​ទីក្រុង​ម៉ូ​ស្គូ​ជួយ​គាំទ្រ​ផ្នែក​យោធា​ដើម្បី​តតាំង នឹង​អ៊ុយ​ក្រែ​ន​។

មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​និយាយ​ថា រុ​ស្ស៊ី បាន​ចាប់ផ្ដើម​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ហើយ ដោយ​បាន​បាញ់​មី​ស៊ី​ល​ទៅ​លើ​រដ្ឋធានី​គៀវ។

លោកពូ​ទី​ន​អះអាង​ថា ការ​សម្រេច​របស់​លោក​គឺ​ដើម្បី​ការពារ​អាយុជីវិត​មនុស្ស​នៅ​ក្នុង​តំបន់ តប​តាម​ការ​ស្នើ​សុំ​ពី​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី ហើយ​លោក​ថែម​ទាំង​បាន​ស្នើ​ឲ្យ​ទ័ព​អ៊ុយ​ក្រែ​ន​ទម្លាក់អាវុធ​ចុះ បើ​ពុំនោះ​ទេ​លោក​នឹង​មិន​អត់ឱន​ឲ្យ​នរណា​ម្នាក់​ដែល​ជ្រៀតជ្រែក​បញ្ហា​នេះ​ដាច់ខាត ហើយ​ការ​ប៉ះទង្គិច​គ្នា​រវាង​ទ័ព​រុ​ស្សី​នឹង​អ៊ុយ​ក្រែ​ន នឹង​ក្លាយជា​រឿង​ជៀស​មិន​រួច​។

ក្នុង​ការ​ថ្លែង​ដដែល លោកពូ​ទី​ន បាន​សង្កត់ធ្ងន់​ជា​ថ្មី​ពី​បញ្ហា​ដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ណា​តូ មិន​បាន​អើពើ​នឹង​ការ​ទាមទារ​របស់​រុ​ស្ស៊ី​ក្នុង​ការ​រារាំង​អ៊ុយ​ក្រែ​ន​ពី​ការ​ចូលរួម​ក្នុង​អង្គការ​ណា​តូ និង​ផ្តល់​ការ​ធានា​សន្តិសុខ​ដល់ទី​ក្រុង​ម៉ូ​ស្គូ​។

បន្ទាប់​ពី​ការ​ប្រកាស​របស់​រុ​ស្សី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លែ​ន​ស្គី (Volodymyr Zelenskiy) បាន​ព្រមាន​ថា ការ​ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី អាច​ជា​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​ដ៏​ធំ​មួយ​នៅ​ទ្វីបអឺរ៉ុប​។ ថ្លែង​សារ​តប​វិញ​ភ្លាម​ៗ​នៅ​លើ​កញ្ចប់​ទូរទស្សន៍ លោក​ហ្សេ​លែ​ន​ស្គី និយាយ​ថា ប្រជាជន​អ៊ុយ​ក្រែ​ន និង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ចង់បាន​សន្តិភាព ប៉ុន្តែ​បើ​យើង​រង​ការ​វាយប្រហារ បើ​យើង​ប្រឈម​នឹង​ការ​ប៉ុនប៉ង​ចង់​ក្តោប​យក​ប្រទេស​យើង សេរីភាព ជីវិត និង​ជីវិត​របស់​កូន​ៗ​យើង យើង​នឹង​ការពារ​ខ្លួន​។

ប្រធានាធិបតី​អា​មេ​រិ​ក​ចូ បៃ​ឌិន​ឯណោះ​វិញ បាន​ថ្កោលទោស​ខ្លាំង​ៗ​លើ​សកម្មភាព​របស់​រុ​ស្ស៊ី តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្រធានាធិបតី​រុ​ស្ស៊ី ប្រកាស​ពី​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​លោក ចូ បៃ​ដិ​ន គូសបញ្ជាក់​ថា  លោក​ប្រធានាធិបតី ពូ​ទី​ន បាន​ជ្រើសរើស​យក​សង្គ្រាម​មួយ​ដែល​បាន​គិត​ទុកជា​មុន ហើយ​ដែល​នឹង​បង្ក​មហន្តរាយ​ដល់​អាយុជីវិត និង​ក្តី​ឈឺចាប់​របស់​មនុស្សជាតិ​។ រុ​ស្ស៊ី​តែ​ម្នាក់​គត់ គឺជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់ និង​ការ​បំផ្លិចបំផ្លាញ ហើយ​សហរដ្ឋអាមេរិក និង​សម្ពន្ធមិត្ត នឹង​ប្រាកដជា​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។

គួរ​ជម្រាប​ថា ប្រតិបត្តិការ​យោធា​របស់​រុ​ស្សី​ធ្វើ​ឡើង ស្រប​ពេល​ដែល​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បាន​និង​កំពុង​រៀបចំ​កិច្ចប្រជុំ ដើម្បី​ជំរុញ​ឲ្យ​រុ​ស្ស៊ី​បញ្ឈប់​សកម្មភាព​ទាំង​អស់នេះ​៕

 

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលចិនស្នើឱ្យសហគ្រាសរដ្ឋត្រួតពិនិត្យ លើការវិនិយោគក្នុងក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma

វិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលចិន ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗនៅឆ្នាំ២០២២ ហាក់នៅតែបន្ដធ្វើឡើងក្ដៅគគុកដដែល។ ជាក់ស្ដែង ថ្មីៗនេះ និយតករចិ…

ការឈ្លានពានចូលអ៊ុយក្រែន៖ រុស្ស៊ី​ផ្ដើម​​បាញ់​ទៅលើ​ទីតាំងយោធា​របស់អ៊ុយក្រែន

ប្រភព​ពី​សារព័ត៌មាន The Guardian ផ្សាយនៅមុននេះបន្តិចថា កងទ័ព​រុស្ស៊ី​បាន​បើកការវាយប្រហារ​យោធា​ទៅលើ​ប្រទេស​អ៊ុយក្រែន​ហើយ តាមបញ្ជារបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ