អង្គភាពពិសេសមួយបានប្រើប្រាស់រថយន្តដឹកទំនិញ ដោយមានបិតបដាឃោសនាផ្សព្វផ្សាយពីការរើសទាហានថ្មីជាប់កិច្ចសន្យា ដែលស្ថិតនៅក្នុងឧទ្យានកណ្តាលក្រុងរូស្តូវ (Rostov) ភាគខាងត្បូងប្រទេសរុស្សី។
កន្លងមកនេះ ទាំងភាគីរុស្ស៊ី និងអ៊ុយក្រែន មិនដែលបានបង្ហាញពីការខាតបង់យោធាជាក់លាក់ណាមួយរបស់ពួកគេនោះឡើយ ចាប់តាំងទីក្រុងម៉ូស្គូចូលឈ្លានពានអ៊ុយក្រែនមក ប៉ុន្តែទីភ្នាក់ងារចារកម្មរបស់ប្រទេសលោកខាងលិចនាពេលកន្លងមក បានប៉ាន់ស្មានឃើញថា មានការបាត់បង់ទាហានរាប់ម៉ឺននាក់ទាំងសងខាងរៀងៗខ្លួន។
តួយ៉ាង ចាប់តាំងពីថ្ងៃទី ២៥ ខែមីនា ទីក្រុងមូស្គូមិនដែលបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ជាផ្លូវការណាមួយ ដែលនៅពេលនោះយោធារុស្សីបានបញ្ជាក់ថា ទាហានខ្លួនដែលស្លាប់មានជាង ១៣០០ នាក់ និងរបួសជិត ៤ពាន់នាក់ផ្សេងទៀត។ ហើយនៅពេលថ្មីៗនេះទៀតសោត ទីក្រុងម៉ស្គូហាក់បង្ហាញពីភាពចុះខ្សោយពីអនុភាពយោធាជើងគោករបស់ខ្លួន ដោយកាលពីសប្តាហ៍មុនខ្លួនបានធ្វើការប្រមូលផ្តុំកងកម្លាំងទូទាំងប្រទេស ដើម្បីពង្រឹងវិស័យយោធាឡើងវិញផងដែរ។
បើតាមមន្ត្រីយោធាដែលទទួលបន្ទុកផ្នែកជ្រើសរើសកងកម្លាំងនៅទីក្រុង Rostov នោះ បាននិយាយថា ការទទួលជ្រើសរើសភាគច្រើនត្រូវការបុរស ដែលជាជនជាតិរុស្សី និងបរទេសមានអាយុពី ១៨ ទៅ ៦០ ឆ្នាំ ដែលតម្រូវឲ្យមានកម្រិតអប់រំយ៉ាងហោចណាស់ត្រឹមថ្នាក់វិទ្យាល័យដែរ។
ជាមួយគ្នានេះ លោក Sergei Ardashev ដែលជាឧត្តមសេនីយ៍ម្នាក់ក្នុងជួរយោធារុស្សី បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា «ប្រជាពលរដ្ឋដែលមានចិត្តស្នេហាជាតិ និងវីរភាពអាចត្រូវជ្រើសរើសជាកងកម្លាំងកិច្ចសន្យារយៈពេល ៣ ទៅ ៦ ខែ ដើម្បីចូលរួមក្នុងប្រតិបត្តិការយោធាពិសេស ដោយលោកសន្យាថា នឹងមានការបណ្តុះបណ្តាលយោធាជាមុនថែមទៀតផង។
ក្នុងនោះដែរ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែដែលត្រូវបានផ្តល់ជូនគឺ ២៧០០ ដុល្លារក្នុងមួយខែ ដែលស្ទើរតែបីដងនៃប្រាក់ខែយោធាថ្នាក់ជាតិរបស់រុស្សីទៅហើយ។
យ៉ាងណាក៏ដោយចុះ មកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍បង្ហាញថា រុស្ស៊ីបានបញ្ចូលឈ្មោះទាហានថ្មីសម្រាប់ធ្វើការសង្គ្រាមនៅអ៊ុយក្រែនបានដល់ចំនួនប៉ុន្មាននៅឡើយទេ៕