សហភាពអឺរ៉ុបបាននឹងកំពុងកាត់បន្ថយការនាំចូលផលិតផលប្រេងរបស់រុស្ស៊ីចាប់តាំងពីខែមីនា ហើយបានយល់ព្រមលើការហាមឃាត់ទាំងស្រុងចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៣។
ទិន្នន័យរបស់ Refinitiv បានបង្ហាញថា នៅក្នុងខែសីហា ការនាំចេញប្រេងឥន្ធនៈពីរុស្ស៊ីទៅកាន់ប្រទេសហូឡង់ដែលធ្លាប់តែមានពី ជាង ៣ សែន៦ម៉ឺនតោន និង ប្រទេសអេស្តូនី មានជាង១សែន៧ ម៉ឺនតោន បានធ្លាក់ចុះដល់ចំនួនសូន្យតែម្ដងនៅក្នុងខែកក្កដាកន្លងទៅនេះ។
ប៉ុន្ដែក្នុងពេលជាមួយគ្នានេះ ការដឹកជញ្ជូនប្រេងឥន្ធនៈពីកំពង់ផែរុស្ស៊ីទៅកាន់ប្រទេសសិង្ហបុរីវិញអាចនឹងមានលើសពី ៣ សែន ៥ ម៉ឺនតោនឯណោះក្នុងខែនៅក្នុងខែសីហានេះ បន្ទាប់ពីមិនមានការដឹកជញ្ជូននៅក្នុងខែមិថុនា និង ខែកក្កដា ខណៈពេលដែលការនាំចេញប្រេងផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយទៀត នៅកំពង់ផែ Kalamata របស់ប្រទេសក្រិកវិញ កាលពីខែមុនបានកើនឡើងដល់ជិត ១ លានតោន។
ក្រុមពាណិជ្ជករបាននិយាយថា ប្រតិបត្តិការផ្ទេរប្រេងពីកប៉ាល់ទៅកប៉ាល់ អនុញ្ញាតឱ្យនាវាធំជាងមុនត្រូវបានផ្ទុកប្រេងបានបរិមាណច្រើន ដែលធ្វើឱ្យការដឹកជញ្ជូនទៅកាន់អាស៊ីមានតម្លៃទាប។
មែនទែនទៅ ពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងហ៊ុមព័ទ្ធប្រេងរបស់ប្រទេសរុស្ស៊ី ការផ្គត់ផ្គង់ប្រេងពីទីក្រុងម៉ូស្គូទៅកាន់អាស៊ី និងមជ្ឈិមបូព៌ា ក៏ដូចជារដ្ឋអាហ្វ្រិកមួយចំនួនកំពុងកើនឡើង។
គួរជម្រាបថា អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក និងមានការលិតប្រេងឥន្ធនៈច្រើនជាងរុស្ស៊ីទ្វេដងនៅក្នុងត្រីមាសទីពីរ ក៏មានការនាំចូលប្រេងពីរុស្ស៊ីតម្លៃទាបផ្គត់ផ្គង់ដល់ស្ថានីយ៍ថាមពលសម្រាប់ការកើនឡើងនូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅរដូវក្តៅ និងបានជំរុញការនាំចេញប្រេងឆៅរបស់ខ្លួនដែលផលិតបានកាន់តែច្រើនក្នុងតម្លៃខ្ពស់។
ក្រសួងសេដ្ឋកិច្ចរុស្ស៊ីកាលពីពេលកន្លងទៅថ្មីៗនេះ បានរំពឹងថា ប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញថាមពលនៅឆ្នាំនេះ នឹងកើនដល់ជាង៣៣៧ពាន់លានដុល្លារ កើនឡើងប្រហែល៣៨% បើធៀបនឹងឆ្នាំ២០២១ ទោះបីជា បច្ចុប្បន្ន ទីក្រុងម៉ូស្គូកំពុងរងសម្ពាធទណ្ឌកម្មធ្ងន់ធ្ងរពីសំណាក់លោកខាងលិចក្ដី។ ការកើនឡើងប្រាក់ចំណូលពីការនាំចេញវិស័យថាមពលនេះ គឺដោយសារតែបរិមាណនាំចេញប្រេងកើនខ្ពស់ រួមជាមួយនឹងតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង។ រីឯនោះឆ្នាំ២០២៣ រុស្ស៊ីរំពឹងថា ការនាំចេញថាមពលអាចនឹងទទួលបានប្រាក់ចំណូលថមថយចុះមកនៅត្រឹមជាង២៥៥ពាន់លានដុល្លារអាមេរិក ប៉ុន្ដែ វានៅតែជាកម្រិតមួយខ្ពស់ជាងឆ្នាំ២០២១ ដែលធ្លាប់មានត្រឹមតែជាង ២៤៤ពាន់លានដុល្លារប៉ុណ្ណោះ៕