សេចក្តីថ្លែងការណ៍រួមក្រោយបញ្ចប់កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែនក្រោមការសម្របសម្រួលរបស់អាម៉េរិកបានបង្ហាញពីភាពទាល់ច្រក ពោលគឺភាគីទាំងពីរមិនអាចឈានទៅសម្រេចបានកិច្ចព្រមព្រៀងណាមួយនោះទេ ប៉ុន្តែទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ សុទ្ធតែបង្ហាញឆន្ទៈក្នុងការបើកទ្វារសន្ទនាបន្តទៀតនាពេលខាងមុខ។ លោក រុស្តេម អ៊ូមេរ៉ូវ (Rustem Umerov) ប្រធានក្រុមចរចារបស់អ៊ុយក្រែន បានបញ្ជាក់តាមរយៈអ្នកនាំពាក្យថា ការពិភាក្សាបានបិទបញ្ចប់ជាផ្លូវការនៅវេលាម៉ោង៥ល្ងាចម៉ោងនៅទីក្រុងអាប៊ូដាប៊ី។
បរិយាកាសនៃកិច្ចចរចាបានប្រែជាភាពតានតឹង បន្ទាប់ពីរុស្ស៊ីបានប្រើប្រាស់ដ្រូនរាប់រយគ្រឿង និងមីស៊ីលជាច្រើនគ្រាប់វាយប្រហារលើទីក្រុងគៀវ និងទីក្រុងខាឃីវ បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរបួសជាង ៣០នាក់កាលពីយប់មុនថ្ងៃចរចាទី២។ សកម្មភាពយោធានេះ បានធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អ៊ែនឌ្រី ស៊ីបាហា (Andrii Sybiha) បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លា។
លោក ស៊ីបាហា បានសរសេរនៅលើបណ្តាញសង្គម X ដោយថ្កោលទោសប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាបានធ្វើសកម្មភាពដោយគ្មានសីលធម៌។ លោកបានបន្ថែមថា ការវាយប្រហារដ៏សាហាវព្រៃផ្សៃនេះ បានបញ្ជាក់ជាថ្មីម្តងទៀតថា កន្លែងរបស់លោក ពូទីន មិនមែនស្ថិតនៅក្នុងតុចរចាសន្តិភាពនោះទេ ប៉ុន្តែគួរតែស្ថិតនៅតុលាការពិសេស ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមទៅវិញទេ។
ការបរាជ័យនៃកិច្ចចរចាលើកនេះបានសបញ្ជាក់ឱ្យឃើញថា វិថីឆ្ពោះទៅរកសន្តិភាពរវាងប្រទេសទាំងពីរ នៅតែមានភាពស្រពេចស្រពិលបំផុត ដរាបណាសកម្មភាពយោធានៅលើសមរភូមិនៅតែបន្តឆាបឆេះយ៉ាងខ្លាំងក្លាបែបនេះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស