បច្ចុប្បន្នធនាគារចិន ស្ទើរតែទាំងអស់ឈប់ទទួលយក និងឈប់ដំណើរការប្រតិបត្តិការទូទាត់ពីប្រទេសរុស្ស៊ី ទៀតហើយ ហើយស្ថានការណ៍នេះ កាន់តែអាក្រក់ទៅក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ ខណៈសល់តែក្រុមហ៊ុនហិរញ្ញវត្ថុចិនតូចៗប៉ុណ្ណោះដែលនៅតែដំណើរការប្រតិបត្តិការទូទាត់របស់រុស្ស៊ីកាលពីដើមឆ្នាំនេះ។
របាយការណ៍ខាងលើបង្ហាញថា ប្រមាណ៨០%នៃការផ្ទេរប្រាក់តាមធនាគារជាប្រាក់យន់ចិន ត្រូវបានច្រានចោលដោយគ្មានការពន្យល់បកស្រាយ ជាហេតុនាំឱ្យការទូទាត់ត្រូវបានពន្យារពេល។ បញ្ហានេះអាចនាំឱ្យរអាក់រអួលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងអតិផរណាហក់ឡើងកាន់តែខ្ពស់នៅក្នុងប្រទេសរុស្ស៊ី។
ចាប់តាំងពីបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ប្រទេសរុស្ស៊ី បានប្រើប្រាស់ធនាគារតូចៗ និងរូបិយប័ណ្ណមិនមែនប្រាក់ដុល្លារ ដើម្បីគេចចេញពីទណ្ឌកម្មរបស់លោកខាងលិច។
ទោះជាយ៉ាងណា វីធីសាស្ត្រទាំងនេះមិនសូវមានប្រសិទ្ធភាពនោះទេ ជាពិសេសបន្ទាប់ពីសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើគ្រឹះស្ថានហិរញ្ញវត្ថុណាដែលជួយដល់ប្រទេសរុស្ស៊ី។ ធនាគារចិនមួយចំនួនថែមទាំងបដិសេធមិនដំណើរការប្រតិបត្តិការទូទាត់ជាប្រាក់រូពី និងចៀសវាងការធ្វើប្រតិបត្តិការតាមរយៈហុងកុងទៀតផង។
បណ្ដាក្រុមហ៊ុនរុស្ស៊ី ប្រឈមនឹងបញ្ហាក្នុងការផ្ញើប្រាក់យន់ ទៅកាន់ប្រទេសចិន ហើយក្រុមហ៊ុនចិន ជាច្រើននៅតែបដិសេធមិនទទួលយកការទូទាត់ទាំងនេះ។ ប្រទេសរុស្ស៊ី កំពុងស្វែងរកជម្រើសផ្សេងៗដូចជាការប្រើប្រាស់ប្រទេសភាគីទី៣ បង្កើតប្រព័ន្ធទូទាត់ថ្មី រួមទាំងរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ និងថែមទាំងពិចារណាលើការដោះដូរពាណិជ្ជកម្មទៀតផងដើម្បីជៀសផុតពីទណ្ឌកម្ម។
សូមបញ្ជាក់ថា បញ្ហាទូទាត់ប្រាក់ទាំងនេះកំពុងគំរាមកំហែងដល់សមត្ថភាពរបស់ប្រទេសរុស្ស៊ី ក្នុងការទ្រទ្រង់ដល់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ព្រោះការនាំចូលមានសារសំខាន់ណាស់សម្រាប់ការរក្សាស្ថិរភាពសេដ្ឋកិច្ច និងយោធារបស់ប្រទេសមួយនេះ៕
ដោយ: តែម សុខុម