ក្រុមហ៊ុនប្រតិបត្តិការថ្មីនៃគម្រោងទាញយកប្រេង និង ឧស្ម័នដែលផ្ទេរមកពីគម្រោង Sakhalin2 នឹងត្រូវបានចុះបញ្ជីដាក់ឈ្មោះថា Yuzhno-Sakhalinsk ដែលនឹងគ្រប់គ្រងដោយប្រធានក្រុមហ៊ុនដែលកំពុងប្រតិបត្តិការបច្ចុប្បន្ននៃគម្រោង Sakhalin Energy Investment ក្រោមក្រឹត្យដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ ទី ២ ខែសីហា។ ទីតាំងនៃគម្រោងនេះ គឺនៅលើកោះ Sakhalin លើទឹកដីប្រទេសរុស្ស៊ី ខណៈដែលគម្រោងនេះ នឹងមានចំណែកផ្គត់ផ្គង់ប្រហែល ១០% នៃការនាំចូលឧស្ម័នធម្មជាតិរាវសរុបទៅប្រទេសជប៉ុនផងដែរ។
ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៊ី Gazprom មានភាគហ៊ុនជាង ៥០% នៃ Sakhalin Energy ហើយនឹងកាន់កាប់ភាគហ៊ុនប្រហែលគ្នានៅក្នុងប្រតិបត្តិករថ្មី ពោលគឺមានប្រហែលជិត ៥០% ខណៈភាគហ៊ុននៅសល់នឹងត្រូវកាន់កាប់ដោយប្រតិបត្តិករថ្មីផ្សេងទៀត។
ថ្វីបើ ក្រុមហ៊ុនជប៉ុន Mitsui & Co ដែលមានចំណែកភាគហ៊ុន ១២,៥% និង ក្រុមហ៊ុន Mitsubishi Corp មានភាគហ៊ុន ១០% នៅក្នុងគម្រោង Sakhalin-2 ក៏ដោយ ប៉ុន្តែក្រុមហ៊ុនទាំង ២ នេះត្រូវតែដាក់ពាក្យស្នើសុំរក្សាភាគហ៊ុនសម្រាប់គម្រោងថ្មី ហើយគោរពតាមក្របខណ្ឌថ្មីរបស់រុស្ស៊ីដែលបានបង្កើតឡើង។ មែនទែនទៅ ក្រុមហ៊ុន Shell ដែលជាក្រុមហ៊ុនប្រេងរបស់ចក្រភពអង់គ្លេសបានកាន់កាប់ប្រហែល ២៧,៥% នៃ Sakhalin Energy ប៉ុន្តែក្រុមហ៊ុនបានប្រកាសពីផែនការដកខ្លួនចេញពីគម្រោង Sakhalin-2 រួចហើយ ក្រោយរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន។
រុស្ស៊ីបាន គូសបញ្ជាក់ថា ម្ចាស់ភាគហ៊ុនដែលមានស្រាប់នឹងមានពេល១ខែ ចាប់ពីការបង្កើតប្រតិបត្តិករថ្មីក្នុងផ្តល់ការជូនដំណឹងថាតើ មានបំណងលក់ ឫ រក្សាទុកភាគហ៊ុនតាមសមាមាត្រកម្មសិទ្ធិបច្ចុប្បន្នរបស់ខ្លួន។
គួររំលឹកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី៣០ ខែមិថុនា បានបញ្ជាឱ្យផ្ទេរប្រតិបត្តិការ Sakhalin-2 ទៅឱ្យក្រុមហ៊ុនរុស្ស៊ី ខណៈក្រុមហ៊ុនថ្មីនឹងកាន់កាប់ទ្រព្យសម្បត្តិ សិទ្ធិគ្រប់គ្រង និងកម្លាំងការងារទាំងអស់ ដោយគ្មានសំណងសម្រាប់ម្ចាស់ភាគហ៊ុនផ្សេងនោះទេ។
យ៉ាងណាមិញ ប្រទេសជប៉ុនបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការរក្សាភាពជាម្ចាស់នៅក្នុងគម្រោងទាយយកប្រេង និង ឧស្ម័នថ្មីនេះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Koichi Hagiuda ដែលជាប្រធានគណៈរដ្ឋមន្ត្រីសម្រាប់គោលនយោបាយថាមពលបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានកាលពីខែកក្កដាថា ក្រុមហ៊ុនជប៉ុននឹងបន្តកាន់កាប់ភាគហ៊ុនរបស់ខ្លួន ហើយបានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននឹងធ្វើឱ្យប្រាកដថា នឹងបន្តរក្សាចំណែកនៅក្នុងគម្រោងទាញយកប្រេង និង ឧស្ម័ន នៅរុស្ស៊ី ខណៈគម្រោង Sakhalin-2 មានចំណែកផលិតឧស្ម័នធម្មជាតិរ៉ាវ ១០ លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះជប៉ុននាំចូល ៦ លានតោន៕