ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃការជំរុញដោយប្រទេសរុស្ស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកការទូទាត់ប្រាក់ជាលុយដុល្លារ ឬលុយអឺរ៉ូ និងក៏ដូចជារូបិយបណ្ណផ្សេងទៀតនៅក្នុងប្រព័ន្ធធនាគាររបស់ខ្លួន។ ទីក្រុងម៉ូស្គូ ធ្វើដូចនេះដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន បន្ទាប់ពីត្រូវបានវាយប្រហារដោយទណ្ឌកម្មរបស់លោកខាងលិច ឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
នាយកប្រតិបត្តិក្រុមហ៊ុន Gazprom លោក អាលិចហ្សី មីលនឺ(Alexei Miller) បាននិយាយថា ការអនុញ្ញាតឱ្យមានការទូទាត់ជាប្រាក់រូប្លរបស់រុស្ស៊ី និងប្រាក់យ័នចិន មានអត្ថប្រយោជន៍ទៅវិញទៅមក ទាំងសម្រាប់ក្រុមហ៊ុន Gazprom និងក្រុមហ៊ុនប្រេងរបស់ចិន CNPC ដែលគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ លោកអាលិចហ្សីបន្ថែមថា វានឹងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ក្លាយជាគំរូសម្រាប់ក្រុមហ៊ុនផ្សេងទៀត និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង។
ទោះយ៉ាងណាក្រុមហ៊ុន Gazprom មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការផ្លាស់ប្តូររូបិយប័ណ្ណក្នុងការទូទាត់នេះទេ ពោលគឺគេមិនទាន់បានដឹងឡើយថា គម្រោងនេះនឹងចាប់អនុវត្តពីពេលណា។
គួររំឭកថា នេះមិនមែនជាលើកទីមួយឡើយ ដែលរុស្ស៊ីចង់ផ្លាស់ប្តូរការទូទាត់នានា មកប្រើរូបិយប័ណ្ណរបស់ខ្លួនវិញ លែងចង់ប្រើលុយដុល្លារ ឬអឺរ៉ូ។ ប្រធានាធិបតីពូទីន កាលពីដើមឆ្នាំនេះ បានបង្ខំឱ្យអ្នកទិញថាមពលនៅតំបន់អឺរ៉ុប បើកគណនីធនាគារជាប្រាក់រូប្លជាមួយនឹងធនាគារ Gazprombank ហើយបង់ប្រាក់ជារូបិយបណ្ណរុស្ស៊ី ប្រសិនបើពួកគេចង់បន្តទទួលឧស្ម័នពីរុស្ស៊ី។ ក្នុងនោះ ការផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់ទៅកាន់ក្រុមហ៊ុន និងប្រទេសមួយចំនួនណា ដែលបដិសេធ លក្ខខណ្ឌដែលរុស្ស៊ីដាក់ចេញនេះ។
សូមជម្រាបថា នៅតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលរុស្ស៊ីចូលឈ្លានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ម៉ូស្គូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេសចិន គិតជាទឹកប្រាក់មានចំនួន ៣៧,៥ពាន់លានដុល្លារ។ រុស្ស៊ីបានចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នឱ្យចិនដំបូងកាលពីចុងឆ្នាំ២០១៩ តាមរយៈបំពង់បង្ហូរមានប្រវែងជាង៣ពាន់គីឡូម៉ែតចេញពីតំបន់ស៊ីបេរី ទៅកាន់ព្រំដែនប្រទេសចិន។
ក្រៅពីនោះយើងសង្កេតឃើញ ប្រទេសរុស្ស៊ីបាននិងកំពុងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយប្រទេសចិន និងប្រទេសមិនមែនលោកខាងលិចផ្សេងទៀត ជាពិសេសខិតខំស្វែងរកទីផ្សារថ្មីសម្រាប់ការនាំចេញថាមពលដែលជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។ ជាក់ស្តែង ទីក្រុងម៉ូស្គូថ្មីៗនេះទើបបានប្រកាសបង្កើនការផ្គត់ផ្គង់ប្រេងច្រើនជាងមុនសម្រាប់តំបន់អាស៊ី ដើម្បីជំនួសទីផ្សារលោកខាងលិច៕