លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitry Rogozin) ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី បាននិយាយថា គោលបំណងនៃការដាក់ពង្រាយមីស៊ីលថ្មីនេះ គឺជាគោលដៅប្រកបដោយមហិច្ឆតា ខណៈដែលរុស្ស៊ីទើបតែបានរាយការណ៍ពីការបាញ់សាកល្បងដោយជោគជ័យជាលើកដំបូងនូវមីស៊ីលថ្មីនេះកាលពីសប្ដាហ៍មុននេះ ហើយអ្នកជំនាញយោធាបស្ចិមលោកបាននិយាយថា រុស្ស៊ីចាំបាច់ត្រូវធ្វើការងារច្រើនទៀតមុនពេលដាក់ពង្រាយមីស៊ីលនេះ មិនមែនគ្រាន់តែសាកល្បងជោគជ័យហើយអាចដាក់ពង្រាយបានភ្លាមៗនោះទេ។
មីស៊ីលថ្មី Sarmat នេះមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានចំនួន ១០ គ្រាប់ ឬច្រើនជាងនេះ ហើយវាអាចវាយប្រហារចំគោលដៅស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រនៅក្នុងទឹកដីសហរដ្ឋអាមេរិក ឬនៅតំបន់អឺរ៉ុប។
ការសាកល្បងកាលពីសប្តាហ៍មុន ក្រោយពីបានពន្យារពេលជាច្រើនឆ្នាំដោយសារបញ្ហាថវិកានិងបច្ចេកទេសនោះ គឺជាការបង្ហាញពីភាពរឹងមាំរបស់រុស្ស៊ីនៅពេលមានសង្គ្រាមជាមួយអ៊ុយក្រែន ហើយវាបានធ្វើឱ្យរុស្ស៊ីមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានផងដែរ រាប់ចាប់តាំងពីមានវិបត្តិមីស៊ីលរបស់ប្រទេសគុយបានៅឆ្នាំ១៩៦២មក។
លោក Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីថា មីស៊ីលនេះនឹងត្រូវដាក់ពង្រាយជាមួយអង្គភាពមួយក្រុម នៅក្នុងទីក្រុងក្រាស្នូយ៉ាស (Krasnoyarsk) នៅតំបន់ស៊ីបេរីស្ថិតនៅចម្ងាយ ៣ ពាន់គីឡូម៉ែត្រខាងកើតទីក្រុងម៉ូស្គូ។
ប្រធានទីភ្នាក់ងារអវកាសរូបនេះបានបន្ថែមថា ពួកគេនឹងដាក់ពង្រាយនៅទីតាំងនិងកន្លែងដដែលដូចដែលគេបានដាក់ជំនួសមីស៊ីលប្រភេទ Voyevoda នៅក្នុងសម័យសូវៀតអ៊ីចឹងព្រោះគេគិតថា វាអាចជួយសន្សំសំចៃ «ធនធាននិងពេលវេលាដ៏ច្រើន»របស់រុស្ស៊ី។
លោក Rogozin បានបន្ថែមទៀតថា ការបាញ់បង្ហោះ«អាវុធទំនើប»ក្នុងពេលថ្មីៗកន្លងមកនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលនឹងធានាបានសន្តិសុខដល់មនុស្សជំនាន់ក្រោយរបស់រុស្ស៊ីនៅក្នុងរយៈពេល ៣០-៤០ឆ្នាំខាងមុខនេះ។
ការព្រួយបារម្ភរបស់លោកខាងលិចចំពោះហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរបានកើនឡើងចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមលុកលុយប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈជាមួយសុន្ទរកថា ដែលលោកបានសំដៅយ៉ាងច្បាស់ទៅលើការប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ និងបានព្រមានថា ប្រសិនបើមានប្រទេសណាហ៊ានប៉ុនប៉ងរាំងផ្លូវរបស់រុស្ស៊ី ប្រទេសនោះនឹងជួបផលវិបាក ដែលពួកគេមិនធ្លាប់ជួបនៅក្នុងប្រវត្តិសាស្ត្រជាក់ជាមិនខាន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូធឺរ៉េស (Antonio Guterres) បាននិយាយកាលពីខែមុនថា «ការរំពឹងទុកនៃជម្លោះនុយក្លេអ៊ែរដែលគេខាននឹកគិតជាយូរមកហើយនោះ ឥឡូវនេះបានត្រលប់មកវិញហើយ នៅក្នុងដែនកំណត់មួយដែលអាចនឹងកើតឡើងយ៉ាងងាយបំផុត»៕
អត្ថបទ៖ សុខ ជា