សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យប្រេងឆៅពិភពលោកហក់ឡើងថ្លៃ

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យប្រេងឆៅពិភពលោកហក់ឡើងដល់តម្លៃជាង ១០០ដុល្លារជាលើកដំបូង ខណៈទីផ្សារភាគហ៊ុនដាំក្បាលចុះ


តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក ដោយតម្លៃប្រេងមួយធុងបារ៉ែលបានកើនឡើង១០០ដុល្លារអាមេរិកហើយ បន្ទាប់ពី រុស្ស៊ីបានបើកឆាកវាយប្រហារឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន។ ដោយឡែក សម្រាប់ទីផ្សារភាគហ៊ុនពិភពលោក និងទីផ្សារមូលបត្របំណុលនៅសហរដ្ឋអាមេរិកវិញ ក៏បានដាំក្បាលចុះខ្លាំងផងដែរ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
អណ្តូងខួងប្រេង

នៅព្រឹកព្រលឹមស្រាងៗនៅថ្ងៃទី ២៤ ខែកុម្ភៈនេះ គេបានលឺសំឡេងបំផ្ទុះគ្រាប់បែកជាច្រើន នៅក្បែរទីក្រុងគៀវ ហើយបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានអះអាងថា រុស្ស៊ីបានចាប់ផ្ដើមវាយប្រហារឈ្លានពានពេញទំហឹង ទៅលើអ៊ុយក្រែនហើយ ហើយក៏បាននឹងកំពុងកំណត់គោលដៅទីក្រុងនានា សម្រាប់ការវាយប្រហារដោយអាវុធផងដែរ។

ក្រោយពីមានការផ្ទុះសង្គ្រាមបានចាប់ផ្ដើម តម្លៃប្រេងឆៅនៅអង់គ្លេសបានហក់ឡើងខ្ពស់ដល់ទៅ ១០១ដុល្លារ៣៤សេន កើនឡើងជាង៤ដុល្លារបន្ថែមទៀត ធៀបនឹងតម្លៃកាលពីម្សិលមិញ។ តម្លៃប្រេងនៅថ្ងៃទី ២៤កុម្ភៈ ជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានឡើយគិតតាំងពីខែកញ្ញាឆ្នាំ២០១៤មក។

ដោយឡែក តម្លៃប្រេងនៅអាមេរិកវិញ បានកើនឡើងជាង៤ដុល្លារបន្ថែមទៀតដូចគ្នាដែរ នាំឲ្យមួយ មានតម្លៃដល់ ៩៦ដុល្លារ៣២សេនក្នុង១ធុងបារ៉ែល។

តម្លៃប្រេងហក់ឡើងខ្ពស់នេះ ដោយសារតែមានក្ដីបារម្ភយ៉ាងខ្លាំងថា បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺនឹងអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេងសកលលោក។ អ្នកជំនាញ ធ្លាប់បានព្រមានថា តម្លៃប្រេងអាចនឹងកើនដល់១២០ដុល្លារក្នុងមួយធុងបារ៉ែល ប្រសិនបើវិបត្តិអ៊ុយក្រែនមានស្ថានការកាន់តែអាក្រក់ទៅៗ។

ក្រៅពីប្រេង គេសង្កេតឃើញថា តម្លៃមាសក៏ហក់ឡើងថ្លៃកាន់តែខ្ពស់ដែរ ពោលគឺបានកើនឡើង១,៧% បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាកម្រិតខ្ពស់បំផុតគិតតាំងពីដើមខែមករាឆ្នាំ២០២១មក ពោលគឺមាស ១អោន ឬស្មើនឹងជាង៨ជីមាស មានតម្លៃប្រហែល១ពាន់៩រយដុល្លារអាមេរិកឯណោះ។

ងាកចេញពីទីផ្សារប្រេងឆៅ និង មាស បន្តិច យើងក្រឡេកទៅមើលទីផ្សារភាគហ៊ុនពិភពលោកវិញម្តងនៅថ្ងៃនេះ ឃើញថា បានដាំក្បាលចុះខ្លាំងមែនទែន ក្រោយពេល រុស្ស៊ីលើកទ័ពវាយប្រហារចូលឈ្លានពានអ៊ុយក្រែន នៅព្រឹកព្រហាមថ្ងៃទី ២៤ ខែកុម្ភៈនេះ។

ជាក់ស្ដែង សន្ទស្សន៍ភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិក ក្រៅតែពីប្រទេសជប៉ុន បានធ្លាក់ចុះ ដល់ទៅ៣,២% ភាគហ៊ុននៅអូស្ត្រាលី ធ្លាក់ចុះជាង៣% និងភាគហ៊ុននៅចិនវិញធ្លាក់ចុះ១,៣%។ ដោយឡែក ទីផ្សារភាគហ៊ុនជប៉ុនវិញបានដាំក្បាលចុះ ២,៤% ខណៈដែលភាគហ៊ុននៅអាមេរិក ២,៨%។

ក្រុមអ្នកវិភាគទីផ្សារភាគហ៊ុន បានអះអាងថា ខាងទីផ្សារភាគហ៊ុនបាននិងកំពុងតាមដានវាយតម្លៃថា ពីស្ថានការសង្គ្រាមនេះ ខណៈដែលសេណារីយ៉ូអាក្រក់បំផុត គឺនៅគ្រាដែលរុស្ស៊ីវាយដណ្ដើមយករដ្ឋធានីគៀវរបស់អ៊ុយក្រែន។ ប្រសិនបើវាពិតជាកើតឡើងមែន នោះអ្នកទិញភាគហ៊ុននឹងប្រឈមនឹងហានិភ័យ ហើយនឹងមានការដាក់លក់ភាគហ៊ុនកាន់តែច្រើន ដែលវានឹងធ្វើឲ្យទីផ្សារទាំងមូលប្រឈមនឹងបញ្ហាកាន់តែយ៉ាប់យ៉ឺនថែមទៀត៕

None



អត្ថបទបន្ទាប់


កម្ពុជារំពឹងចិនក្តោបទីផ្សារ៦០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ

ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែមានជំនឿខ្ពស់លើទីផ្សារចិន ក្នុងការស្រូបទាញការនាំចេញអង្កររបស់កម្ពុជា ដោយរំពឹងថា អាចក្តោបក្តាប់ចំណែ…

តើនាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ីមានប្តេជ្ញាចិត្ត និងឯកភាពគ្នាអ្វីខ្លះលើការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគី?

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្មែល សាប្រ៊ី យ៉ាកុប បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ដោយក្នុងដំណើរទស្សនកិច្ចនេះ លោកនាយកដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ