ថ្លែងនាឱកាសជួបសំណេះសំណាលកម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់សហជីពទាំងអស់ត្រូវបំពេញការងាររបស់ខ្លួនឱ្យស្របទៅតាមវិជ្ជាជីវៈ ដើម្បីតំណាង និងការពារផលប្រយោជន៍របស់កម្មករកម្មការិនី ដោយជៀសវាងធ្វើសកម្មភាពខុសឆ្គងដែលមិនបម្រើឲ្យផលប្រយោជន៍របស់កម្មករនិយោជិត។
ទន្ទឹមនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កុំយកឈ្មោះជាសហជីព ប៉ុន្តែបែរជាប្រមូលបងប្អូនកម្មករកម្មការិនីទៅធ្វើសកម្មភាពផ្សេងៗដែលមិនត្រឹមត្រូវ ជាពិសេសការងារនយោបាយ ដ្បិតថាវាអត់មានបានចំណេញអ្វីនោះទេ ពោលគឺបើធ្វើការងារជាតំណាងសិទ្ធិឱ្យកម្មករ កម្មការិនី គឺត្រូវដោះស្រាយបញ្ហារឿងកម្មករ កម្មការិនី កុំជ្រកក្រោមរូបភាពតំណាងឱ្យកម្មករ តែនាំពួកគាត់ទៅធ្វើការងារផ្សេងដែលខុសឆ្គងនាំឱ្យមានបញ្ហា។
ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត ក៏បានបញ្ជាក់ដែរថា ប្រសិនបើចង់ធ្វើជាការងារតំណាងលើប្រធានបទអ្វីមួយនោះ គួររៀបចំឱ្យបានច្បាស់លាស់ តួរយ៉ាងបើចង់ធ្វើការងារសិទ្ធិមនុស្ស ឬការងារការពារបរិស្ថាន គួររៀបចំជាសង្គមស៊ីវិល ឬអង្គការបរិស្ថានឱ្យចំការងារដែលចង់ធ្វើតែម្តង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើការជាមួយគ្នា ពោលគឺកុំជ្រកក្រោមរូបភាពយកដៃកម្មករ កម្មការិនី អាជីពមានវិជ្ជាជីវៈយកទៅធ្វើការងារអ្វីផ្សេងខុសពីជំនាញ។
ប៉ុន្តែ យ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អរគុណទៅដល់សហជីពទាំងអស់ដែលបានបំពេញការងារជាតំណាងរបស់កម្មករនិយោជិតបានល្អ ក្នុងការដោះស្រាយបញ្ហា និងជាតំណាងក្នុងការចរចាអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករកម្មការិនីប្រកបដោយសន្ដិវិធីនាពេលកន្លងមក។
ហើយចំពោះការដោះស្រាយបញ្ហាវិវាទផ្សេងៗវិញ សម្តេចធិបតីបានស្នើឱ្យអាជ្ញាធរមូលដ្ឋានត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាជូនបងប្អូនកម្មករកម្មការិនីឱ្យបានលឿន និងមានប្រសិទ្ធភាព ដោយមិនត្រូវទុកបញ្ហាចោលនោះទេ ដោយត្រូវធ្វើការដោះស្រាយនៅនឹងកន្លែងភ្លាមៗ ក្នុងករណីមិនអាចដោះស្រាយបានត្រូវប្រើយន្តការដោះស្រាយរបស់ក្រសួងស្ថាប័នបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាដោះសា្រយបញ្ហាឱ្យមានប្រសិទ្ធភាព តម្លាភាព និងរហ័ស៕